លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការខេមរៈសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បានឱ្យដឹងថា កម្ពុជា មានគ្រូបរទេស ជួយហ្វឹកហ្វឺនដល់កីឡា ការ៉ាតេកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពេលខាងមុខ ។
អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឱ្យដឹងអំពីការ៉ាតេកម្ពុជា នៅក្នុងការចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមឆ្នាំ២០២១ ខាងមុខនេះថា បើតាមការពិនិត្យមើលនៅក្នុងសកម្មភាពបច្ចេកទេស និងសមត្ថភាពរបស់កីឡាករ ការ៉ាតេកម្ពុជា បច្ចុប្បន្ន គឺពិបាករកមេដាយបានណាស់ ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម។ លោកថា វាអាចនឹងរកមេដាយបានត្រឹមសំរិទ្ធ តែបើសម្លឹងទៅរកមេដាយមាស គឺមិនអាចទៅរួចនោះទេ ។
លោក វ៉ាត់ ចំរើន បានបន្តទៀតថា ទោះជាយ៉ាងណា ការ៉ាតេ កម្ពុជា សព្វថ្ងៃ គឺមានគ្រូជំនាញជនជាតិអ៊ីរ៉ង់ ដែលមានខ្សែក្រវាត់ខ្មៅរហូតដល់៨ដាន់ កំពុងតាមដាន និងសង្កេតមើលនូវសមត្ថភាព បច្ចេកទេស ក៏ដូចជាធនធានកីឡាករ កីឡាការិនីកម្ពុជា ដើម្បីដុះខាត់ កែលំអ និងបង្ហាត់បង្ហាញរកវិធីសាស្ត្រ ធ្វើឱ្យកីឡាករ មានការរីកចម្រើនផ្នែកបច្ចេកទេស ក៏ដូចជាសមត្ថភាព ដើម្បីឈានទៅដណ្ដើមយកមេដាយនៅលើឆាកអន្តរជាតិ ។
លោកអគ្គលេខាធិការខេមរៈសហព័ន្ធការ៉ាតេដូកម្ពុជា បានមានប្រសាសន៍ទៀតថា កីឡាករឆ្នើម ហើយមានសមត្ថភាពបច្ចេកទេសខ្លាំង គឺស្ថិតនៅក្នុងក្រុមជម្រើសជាតិ គឺផ្ដើមចេញពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ដែលកីឡាករជាប់ចំណាត់ថ្នាក់ជើងឯក អាចនឹងត្រូវបានជ្រើសរើសចូលនៅក្នុងក្រុមជម្រើសជាតិ។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា កម្រិតសមត្ថភាពបច្ចេកទេសលើវិស័យកីឡាការ៉ាតេកម្ពុជា បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់(អាស៊ាន) គឺស្ថិតនៅក្រោមគេបង្អស់៕
អត្ថបទ ៖ វិសិទ្ធ