លោក Lorenzo ដែលជាគ្រូបង្វឹកផ្ទាល់របស់ ចាន់ រតនា បានរំលឹកអំពីបរាជ័យរបស់កូនសិស្ស កាលខែ ធ្នូ ២០២០ ដោយថ្វីដៃកីឡាករចិន Xie Wei និងដាក់ផែនការសម្រាប់ឆ្នាំ២០២១ ដល់អ្នកលេងគុនចម្រុះលំដាប់លេខ១នៅកម្ពុជា។
លោក Lorenzo បានថ្លែងបែបនេះ «ការប្រកួតឆ្នាំ២០២០ មិនដើរទៅតាមគោលដៅរបស់យើង។ ពួកយើងត្រូវបានដាក់នៅដោយឡែក(ចត្តាឡីស័ក) នៅសប្ដាហ៍ប្រកួត ដូច្នេះវាមិនងាយស្រួលក្នុងការសម្របខ្លួននោះទេ។ នៅឆ្នាំ ២០២១ យើងនឹងផ្ដោតជំនាញផ្សេងៗឡើងវិញ, ស្ដារកម្លាំងឲ្យល្អ, និងផ្ដោតលើការប្រកួតក្នុងជំហរដេក (ground game) ជាពិសេសដើម្បីជួបគូបដិបក្ខកម្រិតខ្ពស់ក្នុងពិភពគុនចម្រុះបន្តទៀត»។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ជាអ្នកធ្វើការងារស្និទ្ធស្នាលបំផុតជាមួយ ចាន់ រតនា ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្រៅពី គ្រូបង្វឹកជឺជិតស៊ូ, ប្រដាល់សកល, និង គុនខ្មែរជាដើម។ ពេលមានការប្រកួតម្ដងៗនៅសង្វៀនលំដាប់ពិភពលោក ONE Championship លោកតែងតែនាំ រតនា ចេញទៅប្រកួត និងជាអ្នកឲ្យទឹកដល់កូនសិស្សផងដែរ។
លោកបញ្ជាក់ទៀតថា «ក្រុមការងារគ្រូបង្វឹកLLFitness នឹងជួយឲ្យរូបគេហ្វឹកហាត់ដោយមានភាពឆ្លាតវៃ , ខ្លាំងទាំងកម្លាំងកាយ និងកម្លាំងស្មារតី។ ខ្ញុំមើលឃើញនូវបទពិសោធន៍ជាវិជ្ជមានសម្រាប់ រតនា ដែលនឹងធ្វើឲ្យ គេកាន់តែខ្លាំងជាងមុននៅប្រកួតបន្ទាប់នាឆ្នាំ ២០២១។ ក្នុងនោះ ការគាំទ្រ និងក្ដីស្រលាញ់ពីសំណាក់អ្នកគាំទ្រនៅកម្ពុជាបានជួយឲ្យរូបគេមានកម្លាំងចិត្តកាន់តែខ្លាំង និងត្រូវដាក់គោលដៅឲ្យជាតិមានមោទកភាពត្រលប់ទៅវិញផងដែរ»។
ក្នុងការប្រកួតចុងក្រោយ ចាន់ រតនា ចាញ់អ្នកលេងចំបាប់វ័យក្មេងចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែ ធ្នូ នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។ បន្ទាប់ពីចាញ់ដោយសន្លប់នៅទឹកទី៣ រតនា កំពុងតាំងចិត្តជាតិថ្មីដើម្បីសាងជ័យជម្នះជូនអ្នកគាំទ្រវិញនៅឆ្នាំ២០២១ នេះ។ វាជាលើកទី៣ ដែលរូបគេចាញ់កីឡាករចិននៅសង្វៀនលំដាប់ពិភពលោក ONE Championship។ ជើងខ្លាំងចិនពីររូបដែល ម្ចាស់ក្លិបសិល្បៈ ចាញ់នៅឆ្នាំ ២០១៦ និង ២០១៧ កន្លងមក មានដូចជា Haobin Ma និង Xie Bin ៕
សូមចុចអាន ៖ CAMSOCបើកសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីយុទ្ធនាការអប់រំសង្គមឆ្ពោះទៅស៊ីហ្គេម-២០២៣
សូមចុចអាន ៖ ទោះវិបត្តិកូវីដ-១៩ យាយី ប៉ុន្តែ ចាន់ រតនា មានរឿងល្អៗបំផុតចំនួន៣នៅឆ្នាំ២០២០