ក្រុមបាល់ទះវិសាខា និងក្រុមក្រសួងមហាផ្ទៃ សុទ្ធតែទទួលបានជ័យជម្នះ នៅក្នុងថ្ងៃបើកឆាក នៃការប្រកួតបាល់ទះមិត្តភាពអបអរសាទរ« ទិវាជ័យជម្នះ៧មករា» កាលពីល្ងាចថ្ងៃទី២០ ខែមករា នាទីលានបាល់ទះវិសាខា។
ក្រសួងមហាផ្ទៃ បានយកឈ្នះលើក្រុមបញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល៣ទល់២ ដែលក្នុងសិតដំបូងឈ្នះពិន្ទុ២៥-១៧ ,សិតទី២ចាញ់ពិន្ទុ ២៨-៣០ ,សិតទី៣ ចាញ់ពិន្ទុ១១-២៥,សិតទី៤ឈ្នះពិន្ទុ ២៥-២៣ និងសិតទី៥ឈ្នះពិន្ទុ ១៦-១៤។ ចំណែកក្រុមបាល់ទះវិសាខាវិញ បានយកឈ្នះលើក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល៣សិត០ ដែលសិតទី១ឈ្នះពិន្ទុ២៥-២២ សិតទី២ពិន្ទុ ២៥-២១ និងសិតទី៣ពិន្ទុ ២៥-១៦។ ឆ្លងតាមលទ្ធផលនេះ ក្រសួងមហាផ្ទៃ ទទួលបាន ២ ពិន្ទុ និង ក្រុមវិសាខា ទទួលបាន ៣ពិន្ទុពេញ ក្នុងតារាងចំណាត់ថ្នាក់ថ្ងៃទី១។
សូមបញ្ជាក់ថា ពានរង្វាន់បាល់ទះមិត្តភាពអបអរសាទរ «ទិវាជ័យជម្នះ៧មករា» ដែល រៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា សហការជាមួយក្រុមហ៊ុន Forward មានក្រុម ចូលរួមចំនួន ៥ រួមមាន ក្លិបបាល់ ទះ វិសាខា, ក្លិបកងពលធំអន្តរាគមន៍លេខ៣, ក្លិបបញ្ជាការដ្ឋានអង្គរក្ស , ក្លិបក្រសួងមហាផ្ទៃ និង ក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំពោះរូបមន្តប្រកួតនេះ គឺវិលជុំដើម្បីសន្សំពិន្ទុ ហើយក្រុមណាមានពិន្ទុខ្ពស់ នឹងឈ្នះគ្រងជើងឯកពានរង្វាន់បាល់ទះមិត្តភាពខាងលើ។
លោក ទែន ឡន ប្រធានគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានឲ្យដឹងថា ក្រុមនីមួយៗត្រូវជួបគ្នាចំនួនមួយដង ហើយក្រុមដែលមានពិន្ទុលើគេឈរលេខ១ គឺជាក្រុមជើងឯក។ ចំពោះការគិតពិន្ទុឈ្នះ គឺឈ្នះ៣-០ ទទួលបាន៣ពិន្ទុ ,ឈ្នះ ៣-១ ទទួលបាន៣ពិន្ទុ និងឈ្នះ៣-២ ទទួលបាន ២ ពិន្ទុ ។ ចំណែកការគិតពិន្ទុចាញ់ គឺចាញ់០-៣ ទទួលបាន០ពិន្ទុ ,ចាញ់ ១-៣ ទទួលបាន០ពិន្ទុ ចាញ់ ២-៣ ទទួលបាន ១ពិន្ទុ។ ក្នុងករណីដែលពិន្ទុស្មើគ្នា មានចំនួន ២ ក្រុម ឬ ច្រើនក្រុម ត្រូវអនុវត្តតាមបញ្ជានៃការប្រកួតរបស់សហព័ន្ធកីឡាបាល់ទះអន្តរជាតិ(FIVB) ដូចជាការចែកសិត និងការចែកពិន្ទុ ហើយបើសិនចំនួនគ្រាប់បាល់ឈ្នះសរុបចែកចំនួនគ្រាប់បាល់ចាញ់សរុបនៅស្មើគ្នាទៀត ត្រូវគិតលើលទ្ធផលជួបគ្នា(Head to Head) ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបង្ហាញព្រឹត្តិការណ៍ធំៗនៅក្នុងឆ្នាំ២០២១នេះ