ពានរង្វាន់បាល់ទាត់លីគនារីឆ្នាំ២០២០ (Woman League 2020) ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ដំណើរការនៅសល់ត្រឹម១សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងស្វែងរកឃើញក្រុមខ្លាំងទាំង៤ ឡើងទៅលេងនៅវគ្គជម្រុះយកជើងឯក (Play Off) ក្រោយដំណើរការតាំងពីខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះ។
លទ្ធផលប្រចាំសប្ដាហ៍ទី៩ ឃើញថាក្រុមណាហ្គាវើល ឈ្នះលើក្រុមខេត្តបាត់ដំបង ៥ទល់០ លើទីលានវិទ្យាល័យកំពង់ស្ពឺ ហើយក្រុមខេត្តកំពង់ឆ្នាំង ឈ្នះលើក្រុមខេត្តកណ្តាល ៤ទល់១ លើទីលានវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។ ក្រុមបឹងកេត ចាញ់ក្រុមភ្នំពេញក្រោន ១៣ ទល់០ លើកីឡដ្ឋាន ស្មាត អរ អេស អិន ខណៈក្រុមខេត្តកំពង់ធំ ចាញ់ក្រុមសមាគមកីឡាបាល់ទាត់ ខ.ភ.ម លើទីលានវិទ្យាល័យកំពង់ធំ និងក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមខេត្តសៀមរាប ២ទល់១ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង។
សម្រាប់កម្មវិធីសប្ដាហ៍ចុងក្រោយនៃកម្មវិធីប្រកួតវិលជុំសន្សំពិន្ទុនឹងធ្វើឡើងនៅវេលាម៉ោង៣រសៀល។ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ដោយក្រុមសមាគមកីឡាបាល់ទាត់ ខ.ភ.ម ជួបក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្តាតចាស់ ហើយក្រុមខេត្តសៀមរាប ប៉ះក្រុមខេត្តកំពង់ស្ពឺ នៅទីលានវិទ្យាល័យអង្គរ ខណៈក្រុមខេត្តបាត់ដំបង ជួបក្រុមខេត្តកំពង់ឆ្នាំង នៅទីលានវិទ្យាល័យនេតយ៉ង់។ ចំណែកក្រុមបឹងកេត ជួបក្រុមខេត្តកណ្តាល នៅកីឡដ្ឋានខេមបូឌាអ៊ែវេ និងក្រុមភ្នំពេញក្រោន ប៉ះក្រុមខេត្តកំពង់ធំ នៅកីឡដ្ឋាន ស្មាត អរ អេស អិន។
រូបមន្តប្រកួតក្នុងពានរង្វាន់លីគនារីឆ្នាំ២០២០ នេះតម្រូវឲ្យក្រុមដែលបានចុះឈ្មោះចូលរួមទាំង១០ ប្រកួតគ្នាវិលជុំ១ជុំ ដើម្បីសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុច្រើនជាងគេចំនួន៤ក្រុមមានឈ្មោះឡើងទៅលេងវគ្គជម្រុះយកជើងឯក ឬហៅថា Play Off តែម្តង។ វគ្គ Play Off នេះគ្រោងធ្វើនៅថ្ងៃទី៧ កុម្ភៈ គឺតម្រូវយកក្រុមចំណាត់ថ្នាក់លេខ៤ ទៅប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ៣ ហើយក្រុមឈ្នះក្នុងប្រកួតនេះមានឈ្មោះឡើងទៅជួបក្រុមចំណាត់ថ្នាក់លេខ២ដែលអង្គុយចាំ នៅថ្ងៃទី១៤ ខែកុម្ភៈ។ អ្នកឈ្នះក្នុងប្រកួតដណ្តើមចំណាត់ថ្នាក់លេខ២នេះ ត្រូវបន្តកៅអីឡើងទៅប៉ះក្រុមចំណាត់ថ្នាក់លេខ១ ដែលអង្គុយចាំនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំពានរង្វាន់បាល់ទាត់នារីនេះឡើង គឺក្នុងគោលដៅអភិវឌ្ឍន៍បាល់ទាត់នារីក្នុងប្រទេស និងត្រៀមខ្លួនសម្រាប់ស៊ីហ្គេមឆ្នាំ២០១១ នៅវៀតណាម ហើយជាពិសេសថែមទៀត គឺរកកីឡាការិនីល្អៗត្រៀមទៅហ្វឹកហាត់នៅប្រទេសចិន ចំនួន ៣ឆ្នាំ មុនពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២០៣ ខាងមុខ។ នេះបើតាមការលើកឡើងរបស់លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការអភិវឌ្ឍន៍បាល់ទាត់នារី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗ៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ ក្រុមវិសាខា ឈ្នះពានសប្បុរសធម៌នៅខេត្តសៀមរាប ខណៈអង្គរថាយហ្គឺជាជើងឯករង