លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ រៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិ។
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា អបអរសាទរក្រុមកីឡាករ-កីឡាការិនី និងជយលាភីនៃការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ ហើយភាពជោគជ័យនៅថ្ងៃនេះ បានបង្ហាញពីការខិតខំប្រឹងប្រែង គោរពវិន័យ ការតស៊ូ និងស្មារតីជាក្រុមទាំងអស់គ្នា។ ទោះបីជាលទ្ធផលយ៉ាងណាក្តី តែអ្វីដែលមិនអាចកាត់ថ្លៃបានគឺមិត្តភាព និងសាមគ្គីភាព ហើយតាមរយៈការប្រកួតនេះ គឺជាបទពិសោធន៍ថ្មីមួយ និងការហ្វឹកហាត់បន្ថែមដើម្បីបន្តភាពរឹងមាំសម្រាប់ឆ្នាំបន្តបន្ទាប់ និងអនាគតនៃកីឡានេះដើម្បីកិត្តិសព្ទកម្ពុជា ដែលទទួលបានកន្លងមក។
លោកបានបន្តថា ប្រទេសកម្ពុជាទទួលបានការកោតសរសើរ និងការវិវឌ្ឍជាបន្តបន្ទាប់ចាប់តាំង ពីការកកើតឡើងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កាលពីឆ្នាំ១៩៩២ ដោយមានសម្តេចក្រឡា ហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ជាស្ថាបនិក ជាមួយស្ថាបនិកដទៃទៀត ដែលកម្ពុជាទទួលបានមេដាយអន្តរជាតិសរុបរហូតដល់ ៣០៦គ្រឿង ក្នុងនោះមានមេដាយមាស ៨៨ គ្រឿង ប្រាក់១០៨គ្រឿងនិង១១០សំរឹទ្ធ គ្រឿង ។
លោក ស សុខា បានមានប្រសាសន៍ថា ការ ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ គណៈប្រតិភូចំនួន៥០នាក់ គ្រូបង្វឹកចំនួន៥២នាក់ និងក្រុមកីឡាករ-កីឡាការិនីប៉េតង់ចំនួន៣៥០នាក់ សរុបចំនួន៤៥២នាក់ មានក្លិប-សមាគមចំនួន៥៩ មកពី១៦ខេត្ត រួមជា មួយ៦វិញ្ញាសាវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ (ពានធំ) វិញ្ញាសានារី ៣នាក់ទល់៣នាក់ យុវជនអាយុ១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ យុវនារីអាយុ ១៨ឆ្នាំចុះ ២នាក់ទល់២នាក់ យុវជនអាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ និងវិញ្ញាសាអាយុ១៥ឆ្នាំចុះ១នាក់ទល់១នាក់។ ក្រោមស្នាមដៃបិតាស្ថាបនិកសហព័ន្ធកីឡាប៉េតង់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន កម្ពុជាដណ្តើមមេដាយលើឆាកអន្តរជាតិជាង៣០០ គ្រឿង៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សមាគមសិស្ស-និស្សិតអាហារូបករណ៍អ.ម.ត រៀបចំពិធីហាត់ប្រាណ និងបំពាក់មេដាយ នៅវិមាន ឈ្នះឈ្នះ