លោក​ ថា​ង ហ្គោ​ដិ​ន បន្ត​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​អាណត្តិ​ថ្មី​ឆ្នាំ​២០១៩-២០២៣
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

លោក​ ថា​ង ហ្គោ​ដិ​ន បន្ត​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​អាណត្តិ​ថ្មី​ឆ្នាំ​២០១៩-២០២៣

បានផុស

នៅ

លោក​ ថា​ង ហ្គោ​ដិ​ន បាន​ទទួល​ការ​គាំទ្រ​ពី​អង្គ​មហាសន្និបាត​ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា សម្រាប់​អាណត្តិ​ទី​២ ឆ្នាំ​២០១៩-២០២៣ បន្ត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ បន្ទាប់ពី​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ចាស់​(​ទី​១) និង​បណ្តា​ក្លិប​កីឡា​នៅ​ទូទាំង​ប្រទេស សម្រេច​បោះឆ្នោត​គាំទ្រ​ជូន​លោក​ឲ្យ​ធ្វើជា​ប្រធាន​សម្រាប់​អាណត្តិ​ថ្មី ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ ​កាលពី​ព្រឹក​ថ្ងៃទី​២២ ​ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

សម្រាប់​អាណត្តិ​ទី​២ សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា មាន​៥​ឆ្នាំ ​(២០១៩-២០២៣) មាន​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ចំនួន​០៩​រូប ដែល​មាន ​៖

១-​លោក ថា​ង ហ្គោ​ដិ​ន ប្រធាន​

២-​លោក ថោង រដ្ឋ​សក្តិ អនុប្រធាន​

៣-​លោក វ៉ា​ត់ ចំរើន អនុប្រធាន​

៤-​លោក ​សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិការ​

៥-​កញ្ញា ងួន តរុណី អគ្គ​ហេរញ្ញិក​

៦-​លោក ឡុង សុខា សមាជិក​

៧-​លោក វ៉េ​ត យុវ​ម​នាថ សមាជិក​

៨-​លោកស្រី ទិព្វ ច័ន្ទ​វ​ត្តី សមាជិក​

៩-​លោក លឹម ច័ន្ទ​ណា​រ៉េត សមាជិក​

លោក វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​អាណត្តិ​មុន​ជា​អនុ​ប្រធាន​ទី​១ តែ​សម្រាប់​ថ្នាក់​អាណត្តិ​ថ្មី​នេះ លោក​បាន​សុំ​ចុះ​មក​នៅ​អនុប្រធាន​ទី​២ វិញ បាន​ប្រាប់​ឲ្យ​ដឹង​ថា សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​អាណត្តិ​ទី២ របស់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​នេះ សម្រាប់​ប្រធាន​ដែល​មហាសន្និបាត​បាន​ផ្ដល់​ទំនុកចិត្ត​ឲ្យ ​គឺជា​ការត្រឹមត្រូវ ដោយសារ​ លោក ​ថា​ង ហ្គោ​ដិ​ន បន្ត​អាណត្តិ​ថ្មី​ទៀត​នោះ ក៏​ព្រោះតែ​លោក​ជា​អ្នកដឹកនាំ​សហព័ន្ធ​មួយ​រូប ដែល​ធានា​បាន​នូវ​ការ​គ្រប់គ្រង​ល្អ ទាំង​បច្ចេកទេស ទាំង​ថវិកា ក្នុង​ការ​ទ្រទ្រង់​ឲ្យ​សហព័ន្ធ​ដំណើរការ​ដោយ​រលូន ​និង​ទទួល​លទ្ធផល​ល្អ។​

បើ​តាម​លោក​អគ្គលេខាធិការ​សហព័ន្ធ​ឲ្យ​ដឹង​នោះ​ថា ប្រភេទ​កីឡា​ទូកក្តោង គឺ​កីឡា​មួយ​ប្រភេទ​ដែល​ស្ថិត​ក្នុងចំណោម​កីឡា​អូឡាំពិក​មួយ និង​ជា​ប្រភេទ​កីឡា​លើទឹក ដែល​ពេញនិយម​នៅលើ​ពិភព​លោក។ កីឡា​ទូកក្តោង​មាន​ប្រវត្តិ​ចូលមក​ប្រទេស​កម្ពុជា​តាំងពី​សម័យ​សង្គមរាស្ត្រនិយម តែ​ត្រូវ​បាត់​បង់​ទៅវិញ​ទាំងស្រុង​ចាប់តាំងពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ ហើយ​ទោះ​ក្រោយ​ពីថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ ក៏​វិស័យ​កីឡា​ទូកក្តោង​មិន​មានការ​ស្រោចស្រង់ រហូត ដល់​ឆ្នាំ ២០១៥ ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្កើត​សហព័ន្ធ​កីឡា​ទូកក្តោង​នេះ​ឡើង ដោយ​មាន​ការទទួលស្គាល់​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​បានការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា បានធ្វើ​ឲ្យ​សកម្មភាព​ចាប់ពី​ឆ្នាំ​២០១៥ និង​មានការ​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡា​ទូកក្តោង អាស៊ី ​និង សហព័ន្ធ​កីឡា​ទូកក្តោង​អន្តរជាតិ​នៅ​ឆ្នាំ​២០១៧។​

បច្ចុប្បន្ន​ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា មាន​ការិយាល័យ​នៅ​ជាន់​ទី​២ នៃ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។​ សហព័ន្ធ​មាន​ក្រុម​គ្រូ​បង្វឹក​ចំនួន​០៤​រូប និង​មាន​ក្រុម​កីឡាករ​-​ការិនី ចំនួន​២៤​រូប ដែល​មាន​ទីតាំង​ហ្វឹកហាត់​ជា​បណ្ដោះអាសន្ន និង​ឃ្លាំង​សម្រាប់​ទុកដាក់​សម្ភារៈ​ទូកក្តោង ក្នុង​មូលដ្ឋាន​កងទ័ព ជើង​ទឹក​រាម មាន​ទីតាំងនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

សហព័ន្ធ​មាន​ក្លិប និង​សមាគម​ចំនួន ០៣ ៖ ក្លិប​ទូក​កែប នៅ​ខេត្ត​កែប ក្លិប​ទូក ក្តោង តារា​សាគរ នៅ​ខេត្ត​កោះកុង និង​ក្លិប​ទូកក្តោង សុខា នៅ​ខេត្ត​ព្រះសីហនុ។​

សកម្មភាព​រៀបចំ​ការ​ប្រកួត​របស់​ក្រុម​កីឡាករ​ក្នុង​ប្រទេស គឺ​រៀបចំ​ការប្រកួត​ក្នុង​សហព័ន្ធ ដើម្បី​ពង្រឹង​លក្ខណៈ​បច្ចេកទេស លើក​ទី​១ នៅ​ឆ្នាំ២០១៧ ខេត្ត​កែប រៀបចំ​ការប្រកួត​កីឡា​ទូកក្តោង ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៨ នៅ​ខេត្ត​កោះកុង ក្រោម​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង រៀបចំ​ការ​ប្រកួត​ក្នុង​សហព័ន្ធ ដើម្បី​ពង្រឹង​លក្ខណៈ​បច្ចេកទេស និង​ផ្តោតលើ​ការការពារ ថែរក្សា បរិស្ថាន នៅ​ឆ្នាំ១០១៩។ ចំពោះ​សកម្មភាព​ប្រកួត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​វិញ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​បញ្ជូន​កីឡាករ​ចេញទៅ​ចូលរួម​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជា​លើ​ដំបូង​នៅ​ឆ្នាំ ២០១៧ រហូត​ដល់​បញ្ចប់​អាណត្តិ​ទី១​ នៅ​ឆ្នាំ​២០១៩ របស់​សហព័ន្ធ ចំនួន​២១​ លើក ដោយ​ទទួល បាន មេដាយ​សរុប​ចំនួន ១១ គ្រឿង ក្នុង​នោះ មេដាយ​មាស​០១​គ្រឿង មេដាយ​ប្រាក់ ០១​គ្រឿង និង​មេដាយ​សំរឹទ្ធិ​០៩​គ្រឿង។​

លោក​អគ្គលេខា បាន​ឲ្យ​ដឹង​ដែរ​ថា ទិសដៅ​សម្រាប់​អាណត្តិ​ទី​២ ដែល​ក្នុង​នោះ​ត្រូវ​បង្កើន​ការ​ហ្វឹក​ហាត់ និង​បណ្ដុះបណ្ដាល​ប្រចាំ​ឆ្នាំ​។ រក​ដៃគូ​ឧបត្ថម្ភ ដើម្បី​បង្កើន​ចំនួន​ការប្រកួត​ក្នុង​ស្រុក​។ ខិតខំ​ស្វែងរក​កីឡាករ​-​ការិនី ដែល​មាន​សមត្ថភាព ដើម្បី​ឲ្យ​ក្លាយជា​ក្រុម​ជម្រើស​ជាតិ​។ បន្ត និង បង្កើន​ការ​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស។ បង្កើន​ឲ្យ​មាន​ក្លិប​សមាគម​បន្ថែម​តាម ក្រសួង និង​រាជធានី ខេត្ត ព្រមទាំង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជូន​ដល់​មន្ត្រី​បច្ចេកទេស គ្រូ​បង្វឹក និង​កីឡា​ករ​បន្ថែម​។​

មហាសន្និបាត​បាន​ស្នើ​សុំ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គណៈ​កម្មាធិការ​ជា​គឺ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ជួយ​គាំទ្រ និង​សហការ​ក្នុង​ការ​រៀបចំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទូកក្តោង ផ្តល់​ភាពងាយស្រួល​ក្នុងការ​ហ្វឹក​ហាត់ និង​ត្រៀម​ជាទី​តាំង​សម្រាប់​ការ​ប្រកួត​នានា ជាពិសេស​សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣៕

អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

តេ​ក្វាន់​ដូ​ITF​កម្ពុជា រៀបចំ​ការប្រកួត​វិ​ញ្ញាសា​មេគុន​តាម​អន​ឡាញ​ជា​លើកដំបូង

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​៥​គ្រាប់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច​សខេង​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​សហការ​ជាមួយ​គ​.​ជ​.​ប​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋ​៣​ភូមិ​នៅ​សង្កាត់​បឹង​សាឡាង​ទទួលបាន​អំណោយ​ពីស​ម្តេច​ទាំង​ទ្វេ ខណៈ​បិទ​ខ្ទប់​យក​សំណាក

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​រក​ឃើញ​កូ​វីដ​១៩ បំប្លែង​ថ្មី​(Delta)​ចំនួន ២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services