ធនាគារ អេស៊ីលីដា ប្រកាសដាក់ឱ្យដំណើរការនូវសេវាទូទាត់តាម ខេអេចឃ្យូអរកូត (KHQR Code)
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

ធនាគារ អេស៊ីលីដា ប្រកាសដាក់ឱ្យដំណើរការនូវសេវាទូទាត់តាម ខេអេចឃ្យូអរកូត (KHQR Code)

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី “​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​” និង​ជា​ធនាគារពាណិជ្ជ​ទីមួយ​ក្នុងប្រទេស​កម្ពុជា ដែល​បាន​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) បានអភិវឌ្ឍន៍និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិ នៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KHQR Code ជា​ស្តង់ដារ​ឃ្យូ​អរ​កូត​តែមួយ សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់ ដើម្បី​ការទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ អេស៊ីលីដា​ម៉ូ​បាល (ACLEDA Mobile) កម្មវិធី​បាគង (Bakong App) និង​អាច​ស្កែ​ន KHQR Code របស់​ធនាគារ​ផ្សេងៗ បាន​។

​បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា ដោយ​សង្កេតឃើញថា នៅតាម​បញ្ជរ​ហាង​ទំនិញ និង​អ្នក​ផ្តល់នូវ​សេវាកម្ម​នានា​បានដាក់ ឃ្យូ​អរ​កូត សម្រាប់​ទូទាត់​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជាច្រើន មាន​ភាព​ចង្អៀត ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មានការ​លំបាក​ក្នុងការ​ជ្រើសរើស ដើម្បី​ទូទាត់​។ លោក​បណ្ឌិត​បាន​បន្តថា​ ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមទាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សរុប​ចំនួន​៥៤ បានធ្វើការ​អភិវឌ្ឍ​រួមគ្នា​នូវ​សេវា “KHQR” ដែលជា​ប្រព័ន្ធ​ទូទាត់​ស្វ័យប្រវត្តិកម្ម​រួមបញ្ចូល​គ្នា​នូវ ឃ្យូ​អរ​កូត សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការទូទាត់​រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ដែលជា​សមាជិក សំដៅ​ផ្តល់នូវ​ភាពងាយស្រួល​ជូន​អ្នកប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព ទាន់សម័យ មាន​សុវត្ថិភាព និង​ទំនុកចិត្ត​ខ្ពស់​។

​លោក​បណ្ឌិត​បាន​បន្តទៀត​ថា ​ការបង្កើត “KHQR” ក្នុង​វិស័យ​ធនាគារ​នេះ ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម និង​ការគាំទ្រ​ពី​ធនាគារជាតិ នៃកម្ពុជា ជាពិសេស លោកជំទាវ​បណ្ឌិត ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ នៃកម្ពុជា និង​ជា​ស្ថាបនិក​ប្រព័ន្ធ​បាគង ដែលជា​ប្រព័ន្ធ​ទូទាត់​កន្លោង និង​ប្រើ​បច្ចេកវិទ្យា Blockchain​។

​លោកជំទាវ​បណ្ឌិត ជា សេរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ នៃ កម្ពុជា បាន​មានប្រសាសន៍ថា បច្ចុប្បន្ន ការរីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ការប្រកួតប្រជែង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ បាន​ផ្តល់ឱកាស និង​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដាក់ចេញ​នូវ​ឧបករណ៍ និង​សេវា​ទូទាត់​ប្រកបដោយ​នវានុវត្តន៍​ដល់​សាធារណជន ដូចជា ការទូទាត់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត តាម​ទូរស័ព្ទ​ចល័ត និង​តាម​ឃ្យូ​អរ​កូត ជាដើម​។ លោកជំទាវ​បាន​បន្តថា​ទោះជា​យ៉ាងនេះ​ក៏ដោយ ការទូទាត់​តាម ឃ្យូ​អរ​កូត កន្លងមក នៅ​ពុំទាន់​មាន​ប្រសិទ្ធភាព និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន​នៅឡើយ ព្រោះ​អតិថិជន​មិនអាច​ធ្វើការ​ទូទាត់​សង​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ទៅវិញទៅមក​បាន​។ លោកជំទាវ​បាន​បន្តទៀតថា​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ និង​ដើម្បី​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារជាតិ នៃ កម្ពុជា បានដាក់​ចេញ​នូវ​ប្រកាស​ស្តីពី​គំរូ​បរិច្ឆិនភាព​បច្ចេកទេស​ខេ​អេ​ច​ឃ្យូ​អរ​កូត (KHQR Code) សម្រាប់​ទូទាត់​សង​ប្រាក់ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ កន្លងមក​។

​លោកជំទាវ​បាន​បន្ថែមថា ធនាគារជាតិ នៃ កម្ពុជា សូម​អបអរសាទរ​ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ និង​ដាក់​ឲ្យ​ដំណើរការ​សេវា​ទូទាត់​តាម ខេ​អេ​ច​ឃ្យូ​អរ​កូត ដែល​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន អាចធ្វើ​ការទូទាត់​ថ្លៃទំនិញ និង​សេវា​កម្មបាន​យ៉ាង​ឆាប់រហ័ស តាម​កម្មវិធី​បាគង (Bakong App) កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល (ACLEDA Mobile) និង​កម្មវិធី​ម៉ូ​បាល​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ផ្សេងៗ ទៅវិញទៅមក​បាន​។

​លោកជំទាវ​បាន​បញ្ជាក់ថា​« ខ្ញុំ​សង្ឃឹមថា ការដាក់​ឲ្យ​ដំណើរការ​សេវា​ទូទាត់​តាម KHQR Code នេះ នឹងចូលរួម​លើកកម្ពស់​នវានុវត្តន៍​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ សម្រួល​ប្រតិបត្តិ​ការទូទាត់​ឆ្លង​គ្រឹះស្ថាន កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ពង្រីក​សុវត្ថិភាព​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​»​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​៖​ធនាគារ អេស៊ីលីដា ភីអិលស៊ី លោក ផល សុខ​ចំរើន នាយក​ប្រតិបត្តិ​រង​ទីផ្សារ

​ទូរស័ព្ទ​៖ ០១៥ ៨០០ ៩០៣៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services