ឧស្សាហកម្មផលិតយានយន្តកំពុងផ្តល់នូវអ្នកជំនាញនិងកម្លាំងពលកម្មទៅដល់វិស័យមន្ទីរពេទ្យ ខណៈដែលខ្លួនកំពុងត្រៀមខ្លួនផលិតម៉ាស៊ីនជំនួយខ្យល់ដង្ហើមក្នុងអំឡុងពេលមានជំងឺកូវីដ១៩ ។
ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors និង Ford ក្រុមហ៊ុនផលិតរថយន្តរបស់បារាំង PSA និង Renault ហើយនិងវិស្វករមកពី Formula 1ជាច្រើនរូប បានរួមគ្នាក្នុងការឆ្លើយតបទៅនឹងកង្វះខាតបរិក្ខាពេទ្យសំខាន់ៗទ្រង់ទ្រាយធំជាសាកលតែម្ដង។
នៅពេលដែលមន្ទីរពេទ្យទាំងអស់នៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃចំនួនអ្នកជំងឺដែលមានការពិបាកដកដង្ហើមដោយសារជំងឺកូវីដ១៩ កង្វះខាតបំពង់ជំនួយខ្យល់បានបង្ខំឲ្យក្រុមគ្រូពេទ្យត្រូវធ្វើការសម្រេចចិត្តដែលត្រូវប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺចំនួន។
ការកែប្រែគោលដៅនៃរោងចក្រផលិតរថយន្តឡើងវិញសម្រាប់ផលិតកម្មបន្ទាន់ទាំងនេះបានទាក់ទាញឲ្យមានការប្រៀបធៀបទៅនឹងសង្គ្រាមលោកលើកទី ២ ពោលគឺនៅពេលដែលរោងចក្រទាំងនោះត្រូវបានប្រើដើម្បីផលិតរថក្រោះ និងយន្តហោះចម្បាំងដូចគ្នាដែរ។
ក៏ប៉ុន្តែអ្នកជំនាញមួយចំនួនបាននិយាយថា ក្នុងស្ថានភាពនេះការបង្កើតឧបករណ៍ជំនួយខ្យល់ដ៏ចាំបាច់នឹងត្រូវការបច្ចេកទេស និងនីតិវិធីផ្សេងៗដែលរោងចក្រផលិតរថយន្តតែងតែមើលឃើញ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រើភាពស្រដៀងគ្នាផ្នែកសេដ្ឋកិច្ចកាលពីសម័យសង្គ្រាមដើម្បីបង្ហាញអំពីការអំពាវនាវរបស់លោកចំពោះឧស្សាហកម្មរថយន្ត នៅពេលប្រទេសនេះកំពុងដោះស្រាយករណីឆ្លងនៃវីរុសកូរ៉ូណាដែលកំពុងពិបាកក្នុងការទប់ស្កាត់។ ទីបំផុតលោកបានប្រើច្បាប់ឆ្នាំ ១៩៥០ ទាក់ទងនឹងផលិតកម្មការពារជាតិដើម្បីបង្ខំឲ្យរោងចក្រមួយរបស់ក្រុមហ៊ុន GM ផលិតម៉ាស៊ីនជំនួយខ្យល់ដង្ហើមវិញ។
ដោយឡែក ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសនៅថ្ងៃអង្គារនេះថា នៅក្នុងប្រទេសបារាំងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មត្រូវបានបង្កើតឡើងរួមទាំងក្រុមហ៊ុន PSA និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តឈ្មោះថា Valeo ដើម្បីផលិតបំពង់ជំនួយខ្យល់ ១ម៉ឺនគ្រឿងនៅត្រឹមពាក់កណ្តាលខែឧសភាខាងមុខនេះ។
សម្រាប់ផ្នែករបស់ក្រុមហ៊ុននេះ ក្រុមហ៊ុន Mercedes បានស្នើសុំឱ្យក្រុម Formula 1 របស់ខ្លួនដែលនៅទំនេរដោយសារតែត្រូវបានពន្យារពេល ឬលុបចោលការប្រណាំង Grand Prix ដើម្បីទៅធ្វើការនេះ៕
ប្រែសម្រួល៖ តរុណី
ប្រភព៖AFP