Connect with us

ចរាចរណ៍

ឪពុកដឹកកូន មកពីលេងតា ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យកូនស្រីម្នាក់ អាយុ២ខួបបានស្លាប់

បានផុស

នៅ

បុរសម្នាក់ ជិះម៉ូតូដឹកកូនស្រី-ប្រុស ២នាក់ មកពីលេងផ្ទះតា ទាំងមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែអកហ្សឺ ជាមួយរថយន្តកុងតឺន័រ ចាប់ហ្វ្រ័ងបង្ខំបណ្ដាលឲ្យដួល ខ្ទាតកូនស្រីអាយុ២ខួប ចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លាប់យ៉ាងអាណោចអាធម័ ហើយភ្លាមនោះរថយន្តកុងតឺន័រ បានបើកបន្តទៅមុខបាត់។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃសុក្រទី២០ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចខាងលិចស្តុបបឹងទំពុន ប្រមាណ៦០ម៉ែត្រ តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពក្មេងស្រីមានឈ្មោះ សេរី មរកត អាយុ២ខួប និងអ្នករងរបួសស្រាល២នាក់ទៀត ទី១មានឈ្មោះ សេរី ចេស្ដា  ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ ជាកូនបង ចំណែកឪពុកមានឈ្មោះ ឆន សុភ័ក្ដ្រ   ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង នៅការដ្ឋានមួយកន្លែង ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយជិះម៉ូតូមួយគ្រឿងម៉ាកស្គុតពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HR.7820.។

បើតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បានដឹកកូនពីរនាក់ ដោយកូនស្រីដាក់ពីមុខ កូនប្រុសឱបចង្កេះពីខាងក្រោយ ជិះតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែអកហ្សឺ ជាមួយនឹងរថយន្តកុងតឺន័រ ដែលបើកស្របទិសគ្នា ក៏ចាប់ហ្រ្វ័ង បណ្ដាលឲ្យដួលខ្ទាតកូនស្រី ដែលនៅខាងមុខអាយុ២ខួប ចូលទៅនឹងក្រោមកង់កណ្ដាល រថយន្តកិន បែកក្បាលចេញខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែកឯកូនបង នឹងឪពុករងរបួសស្រាល ភ្លាមៗគេឃើញរថយន្តកុងតឺន័របើក ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

តាមសម្ដីរៀបរាប់របស់ឪពុក បានប្រាប់ឲ្យដឹងថា ដោយសារតែឪពុករបស់គាត់ នឹកចៅពេករូបគាត់ ក៏បានដឹកកូនទាំង​ពីរនាក់ទៅលេង ក្រោយពីរលេង ហើយគាត់ក៏ដឹកកូនទាំងពីរនាក់ ត្រឡប់ទៅផ្ទះវិញ តែកម្មអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ បែបនេះ។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកដល់កន្លែងកើតហេតុ ហើយក៏ធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅឪពុកម្តាយដឹក តាមម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណី៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម