Connect with us

ចរាចរណ៍

ឆ្លងឆ្នាំសកល៖ លោកឃឹម ហ្វីណង់ នឹងរៀបចំការពិព័រណ៍ម្ហូបអាហារជនបទនៅស្រុកបន្ទាយស្រី

បានផុស

នៅ

ក្នុងឱកាសនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ រដ្ឋបាលស្រុកបន្ទាយស្រីខេត្តសៀមរាបនឹងរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» ដែលជាការផ្តួចផ្តើមគំនិតដោយរបស់លោកអភិបាលស្រុកវ័យក្មេងលោកឃឹម ហ្វីណង់ ជាមួយអ្នកភូមិព្រះដាក់ និង ប្រតិបត្តិករទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៅព្រឹកថ្ងៃទី៨ ខែ ធ្នូនេះ បានជួបពិភាក្សាជាមួយអ្នកភូមិព្រះដាក់ និងប្រតិបត្តិករទេសចរណ៍នៅក្នុងស្រុក ដើម្បីសុំឱ្យមានការចូលរួម និងប្រុងប្រៀបរៀបចំកម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ» ដែលគ្រោងនឹងធ្វើឡើងនៅលើកំណាត់ផ្លូវឆ្លងកាត់ភូមិព្រះដាក់ផ្ទាល់តែម្តងនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ ។

លោក ឃឹម ហ្វីណង់ បានលើកឡើងថា កម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ»នេះ ធ្វើឡើងក្នុងគោលបំណងបង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិ និងរុញច្រានចរន្តសេដ្ឋកិច្ចរបស់ស្រុក ព្រមទាំងរុញឱ្យវិស័យទេសចរណ៍ចាប់ផ្តើមមានដំណើរការឡើងវិញ។ ម្យ៉ាងទៀត ក៏ដើម្បីផ្តល់ជាបទពិសោធថ្មីមួយ ដល់អ្នកទេសចរឱ្យបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារធ្វើដោយអ្នកភូមិផ្ទាល់នៅលើទីតាំងដែលត្រូវបានរំពឹងទុកថា មានភាពងាយស្រួលក្នុងការរៀបចំ និងមានលក្ខណៈអំណោយផលពីអាកាសធាតុផងដែរ។

លោកបន្តថា បើមិនមានអ្វីផ្លាស់ប្តូរទេ កម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ»នេះ នឹងត្រូវធ្វើឡើងសម្រាប់រយៈពេល៣ថ្ងៃ គឺថ្ងៃទី៣០ ទី៣១ ខែធ្នូ ឆ្នាំ២០២១ និងទី១ ខែមករា ឆ្នាំ២០២២ ដោយមានស្តង់ម្ហូបអាហារជាច្រើន មានកន្លែងអង្គុយហូប មានឆាកតន្ត្រីរាំវង់ស្គរដៃ និងមានកន្លែងចតយាយន្តគ្រប់គ្រាន់ ប៉ុន្តែត្រូវគោរពតាមវិធានសុវត្ថិភាពសុខាភិបាលយ៉ាងម៉ត់ចត់បំផុត។

ក្រៅពីកម្មវិធី«ពិព័រណ៍ម្ហូបអាហារជនបទ»នេះ រដ្ឋបាលស្រុកបន្ទាយស្រី ក៏នឹងសហការរៀបចំជាមួយបងប្អូនសហគមន៍នៅក្នុងភូមិសសីរៀបចំព្រឹត្តិការណ៍បុណ្យខ្លែងនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ ។ កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នកទេសចរបានស្គាល់ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាផ្តល់ឱកាសឱ្យមានការកម្សាន្តសប្បាយតាមរយៈការបង្ហោះខ្លែងតូចៗ ជាលក្ខណៈគ្រួសារនៅលើទីតាំងធំល្វឹងល្វើយដ៏ស្រស់ស្អាតនៃភូមិសសី និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៃទេសភាពដ៏ស្រស់ត្រកាលនាជើងភ្នំគូលែន ។

គួររំលឹកជូនថា អ្នកភូមិព្រះដាក់ ទើបតែទទួលបានជ័យលាភីមេត្រីភាពបរិស្ថានសម្រាប់ឆ្នាំ ២០២១ និង នឹងគ្រោងផ្សព្វផ្សាយគម្រោងប្រឡងប្រណាំងផ្ទះស្អាតប្រចាំភូមិនៅក្នុងឆ្នាំ២០២២នេះ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម