Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលគ្រោងសាងសង់អាគារទីស្នាក់ការ ច្រកទ្វារអន្តរជាតិ​ជ្រៃធំ ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរពាណិជ្ជកម្ម

បានផុស

នៅ

រាជរដ្ឋាភិបាលគ្រោងសាងសង់អាគារទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំដែលមានទីតាំងស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដើម្បីលើកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មឱ្យកាន់​តែប្រសើរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាអំពីការរៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់អាគារស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនៅរសៀលថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដោះស្រាយសំណង​ផលប៉ះពាល់ដីបង្កក និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការសិក្សារៀបចំគម្រោងប្លង់មេ សម្រាប់ការសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំ ដោយគិតគូរអំពីទីតាំងសម្រាប់អង្គភាពគយ ទីតាំងសម្រាប់លើកដាក់ផ្ទេរទំនិញ អាគារអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងរួមបញ្ចូលទាំងការរៀបចំសួនច្បារ ដោយយកលំនាំតាមសំណង់អាគារទីស្នាក់ការត្រួតពិនិត្យរួម នៅច្រកទ្វារព្រំដែនអន្តរជាតិ ដែលធ្លាប់បានសាងសង់កន្លងមក។

លោកបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានណែនាំឱ្យមានការសិក្សាស៊ីជម្រៅលើការរៀបចំគម្រោងប្លង់មេ និងប្លង់ស្ថាបត្យកម្មរួម ដោយមានការចូលរួមពី ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្រោមកិច្ចសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការដោះស្រាយសំណង​ផលប៉ះពាល់ដីបង្កក ដើម្បីឱ្យការសិក្សារៀបចំគម្រោងប្លង់មេនេះ មានសង្គតិភាព ច្បាស់លាស់ និងមានភាពគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។

តំបន់ច្រកទ្វារអន្តរជាតិជ្រៃធំ-ឡុងប៊ិន នឹងផ្លាស់ប្តូរទៅជាទីប្រជុំជនហើយក៏ក្លាយទៅជាទីក្រុងផងដែរ ដោយផ្អែកទៅលើចក្ខុវិស័យវែងឆ្ងាយនឹងដោយសារតំបន់នេះជាតំបន់ដែលត្រូវអភិវឌ្ឍន៍ពីកំរិតខ្លីទៅកំរិតវែង និងពីតូចទៅធំ ខណៈក្រុមហ៊ុនសំណង់ជាតិ និងអន្តរជាតិ កំពុងសម្រុកទៅអភិវឌ្ឍនៅតំបន់នោះ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម