ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង គាំទ្រឱ្យមាន«នគរសង្ក្រាន្ត» ព្រោះជាឱកាសផ្សព្វផ្សាយវប្បធម៌ ជួយដល់ជនភៀសសឹក និងកងទ័ពជួរមុខ
អ្នកជំនាញកិច្ចការសង្គម បណ្ឌិត ឈត ប៊ុនថង បានប្រាប់ កម្ពុជាថ្មី ថា លោកគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ រយៈពេល ៦ថ្ងៃ នៅរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីឱ្យកូនខ្មែរបានស្វែងយល់ពីវប្បធម៌ ប្រពៃណី ក៏ដូចជាជួយផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិឱ្យបានស្គាល់ និងមកកម្សាន្តនៅកម្ពុជា ហើយក៏ជាឱកាសឱ្យកូនខ្មែរចេះសាមគ្គីភាព ជួយដល់ជនភៀសសឹកនៅតំបន់ព្រំដែន និងកងទ័ពជួរមុខ។

លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ក្នុងស្ថានភាពដែលថៃឈ្លានពានទឹកដី ប្រជាជនគ្រប់រូបមិនត្រូវគិតថា អ្វីៗត្រូវតែជាប់គាំងមិនដំណើរការទាំងអស់នោះទេ។ លោកបណ្ឌិត និយាយថា៖ «ខ្ញុំគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំ គ្រាន់តែការរៀបចំនោះត្រូវគិតថា ត្រូវធ្វើក្នុងទម្រង់ណា ក្នុងរូបភាពណា ហើយអាចថាកាត់បន្ថយចំណាយដែលមិនចាំបាច់»។ បន្ថែមពីនេះ លោកក៏គាំទ្រដូចគ្នាចំពោះការរៀបចំដែលធ្វើឡើងដោយគិតគូរចំពោះពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន និងវីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅសមរភូមិ។ លោកថា ក្នុងរយៈពេលដែលកម្ពុជាទទួលរងនូវការប្រមាថ ការឈ្លានពាន បានធ្វើឱ្យពលរដ្ឋមួយចំនួនបាត់បង់សាច់ញាតិ ភ័យខ្លាច និងឈឺចាប់ចំពោះហេតុការណ៍នេះ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវកាយ ផ្លូវចិត្ត ជាពិសេស គឺជនភៀសសឹកដែលពួកគាត់មិនអាចវិលត្រឡប់ទៅផ្ទះវិញបាន មិនអាចប្រកបរបររកស៊ី ហើយក្មេងៗមិនអាចទៅសាលារៀនបានដោយសារការឈ្លានពាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមីនា សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសថា «នគរសង្ក្រាន្ត» គ្រោងរៀបចំ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា នៅរាជធានីភ្នំពេញ ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីជាតិ ឱ្យកាន់តែទូលំទូលាយ ព្រមទាំងបន្តពង្រឹងការផ្សារភ្ជាប់ជាមួយពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានលើកឡើងថា កម្មវិធីនេះជាការជួបជុំអបអរក្នុងឱកាសចូលឆ្នាំខ្មែរ ក៏ជាឱកាសបង្ហាញសាមគ្គីភាព និងរម្លឹកដល់វីរភាព ក៏ដូចជាការលះបង់របស់វីរយុទ្ធជននាពេលកន្លងមក។ ឯកឧត្តមបញ្ជាក់ថា គណៈកម្មការរៀបចំ បានគិតគូរយ៉ាងហ្មត់ចត់ពីសកម្មភាពដែលគួរធ្វើ និងមិនគួរធ្វើ ដើម្បីធានាថា ការសប្បាយរីករាយមិនភ្លេចវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញ។ ព្រឹត្តិការណ៍នេះ គឺជាការពង្រឹងស្មារតីជាតិ អត្តសញ្ញាណជាតិ និងផ្សព្វផ្សាយអំពីអ្វីដែលជាខ្មែរ ទៅកាន់ឆាកអន្តរជាតិ។ នៅពេលប្រឈមបញ្ហា ប្រជាជនត្រូវរួមកម្លាំងគ្នា ស្មាគៀកស្មា ខិតខំអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច។
សម្រាប់ព្រឹត្តិការណ៍នេះ លោកបណ្ឌិត ឈត ប៊ុនថង យល់ថា អាចឱ្យយុវជនមានសាមគ្គីភាព ចូលរួមជួយរៀបចំ កម្សាន្តសប្បាយ និងសិក្សាស្វែងយល់ពីការរៀបចំរួមទាំងវប្បធម៌ ប្រពៃណីខ្មែរ ជាដើម។ លើសពីនេះ ក៏បានទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិដែលបានមកកម្សាន្តនៅភ្នំពេញ និងសេដ្ឋកិច្ចកើនឡើង។ លោកបញ្ជាក់ថា អំឡុងពេលនោះ ក៏ជាឱកាសក្នុងការរៃអង្គាសប្រាក់ពីសប្បុរសជននានាជួយដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន ឬជនភៀសសឹកដែលទើបតែទៅវិញ និងអាចជួយដល់កងទ័ពជួរមុខថែមទៀតផង៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


