Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរបញ្ចកោណ រៀបចំផែនការបញ្ជូនទ័ពជើងគោកចូល​​​វាយ​​អ៊ីរ៉ង់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ (Pentagon) បានចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់ការដាក់ពង្រាយកងទ័ពជើងគោកអាមេរិកចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើមានការចាំបាច់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពផ្ទៃក្នុងដែល​បង្ហើប​ប្រាប់​សារព័ត៌មាន CBS មេបញ្ជាការយោធាបានដាក់សំណើជាក់លាក់ ដើម្បីបង្កើនជម្រើសឲ្យ​លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងជម្លោះរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលក្នុងនោះរួមមានទាំងផែនការទុកជាមុនសម្រាប់ការចាប់ខ្លួនទាហានអ៊ីរ៉ង់ និងក្រុមជីវពលផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់មានគម្រោងដាក់ទ័ពនៅទីណានោះទេ ប៉ុន្តែលោកក៏បានបន្ថែមយ៉ាង​ខ្លីថា ប្រសិនបើលោកធ្វើមែន លោកក៏មិនប្រាប់ឲ្យដឹងមុនដែរ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានពន្យល់ថា ដ្បិត​មន្ទីរបញ្ចកោណត្រូវតែរៀបចំជម្រើសឲ្យ​បានច្រើនបំផុតសម្រាប់មេបញ្ជាការកំពូលក៏ដោយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការសម្រេចចិត្តជាផ្លូវការក្នុងការបញ្ជូនកងទ័ពជើងគោកនៅឡើយទេ។ ទោះជាយ៉ាងនេះក្តី យោធាអាមេរិកកំពុងតែបន្តរៀបចំផ្នែកភស្តុភារ​យ៉ាងសកម្ម ដែលក្នុងនោះរួមមានការត្រៀមលក្ខណៈពីកងពលលេខ៨២ (82nd Airborne Division) កងកម្លាំងឆ្លើយតបសកលរបស់កងទ័ពជើង​គោក និងអង្គភាពកងពលតូចម៉ារីន។ សូម្បីតែទីតាំងសម្រាប់បញ្ជូនឈ្លើយសឹកអ៊ីរ៉ង់ ក៏ត្រូវបានគេគ្រោងទុកជាស្រេចដែរ ប្រសិនបើមានការបញ្ជាឲ្យ​បញ្ជូនទ័ពចូលទៅមែននោះ។

បច្ចុប្បន្ននេះ កងពលម៉ារីនរាប់ពាន់នាក់កំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងវត្តមានរបស់អាមេរិកឲ្យ​កាន់តែខ្លាំង។ មន្ត្រីអាមេរិកពីររូបបានបញ្ជាក់ថា នាវាចម្បាំងចំនួន៣​គ្រឿង ដែលដឹកកងពលម៉ារីនប្រហែល ២២០០នាក់ បានចាកចេញពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ហើយនេះគឺជាអង្គភាពទីពីរហើយដែលត្រូវបានបញ្ជូនទៅ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ ចលនាយោធាទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា មន្ទីរបញ្ចកោណកំពុងតែពង្រីកសមត្ថភាពវាយលុករបស់ខ្លួនឲ្យកាន់តែធំ បើទោះបីជារដ្ឋាភិបាលអាមេរិកនៅតែរក្សាភាពស្ងៀមស្ងាត់ មិនទាន់និយាយចំៗពីជំហានបន្ទាប់ក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម