Connect with us

ព័ត៌មានអន្ដរជាតិ

យោធាអ៊ីរ៉ង់ ថា ខ្លួន​មិនទាន់បញ្ចេញ «សន្លឹកបៀឈ្នះ» អស់ទេ និងត្រៀមខ្លួនសម្រាប់សង្គ្រាម​​ជានិច្ច​

បានផុស

នៅ

មន្ត្រីយោធាជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) លោក ឧត្តមសេនីយ៍ទោ Mohammad Jafar Asadi បានចេញមុខ ព្រមានថា អ៊ីរ៉ង់មិនទាន់បានបញ្ចេញសមត្ថភាពយោធារបស់ខ្លួនទាំងអស់នៅឡើយទេ ហើយនៅតែបន្តត្រៀមលក្ខណៈពេញលេញសម្រាប់គ្រប់សេណារីយ៉ូទាំងអស់ រួមទាំងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ។

លោកឧត្តមសេនីយ៍ទោ Mohammad Jafar Asadi (រូបភាព៖mehrnews)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានតេហេរ៉ង់ (ISNA) បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Asadi ដែលជាអនុអធិការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya ដែលបានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ថា «យើងបាននិយាយច្រើនដងហើយថា យើងមិនទាន់បានបញ្ចេញ «បៀរឈ្នះ» ទាំងអស់របស់យើងនៅឡើយទេ។ មានសមត្ថភាព និងជម្រើសជាច្រើនដែលមិនទាន់ត្រូវបានលាតត្រដាង ហើយប្រសិនបើចាំបាច់ យើងនឹងយកវាមកប្រើប្រាស់»។

ឧត្តមសេនីយ៍ Asadi បាននិយាយថា «មូលដ្ឋានគ្រឹះដែលយើងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីផលិតឧបករណ៍យោធា និងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ គឺត្រូវបានលាក់បាំងទាំងស្រុងពីក្រសែភ្នែករបស់សត្រូវ។ ពួកគេមិនមានការដឹងឮអំពីទីតាំងទាំងនោះឡើយ។ ដូច្នេះ ស្ថានភាពរបស់យើងនៅក្នុងការផលិតវិស័យការពារជាតិ គឺស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបាន»។

លោកក៏បានពិពណ៌នាបន្ថែមថា ប្រជាជនគឺជាមូលដ្ឋានគាំទ្រដ៏សំខាន់បំផុតសម្រាប់កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ កងកម្លាំងប្រដាប់អាវុធរបស់យើងមិនត្រូវការគ្រាប់បែកបរមាណូនោះទេ។ អាវុធចុងក្រោយ និងគ្រាប់បែកបរមាណូរបស់យើង គឺប្រជាជនខ្លួនឯងផ្ទាល់ ដែលបានបង្ហាញខ្លួននៅលើដងផ្លូវ និងទីលានសាធារណៈអស់រយៈពេលជាយូរមកហើយ»។

ដោយយោងទៅលើការគំរាមកំហែងពីណាតូ និងសម្ព័ន្ធមិត្តលោកខាងលិច លោកបានលើកឡើងថា ចាប់តាំងពីជ័យជម្នះដ៏រុងរឿងនៃបដិវត្តន៍ឥស្លាមរហូតមកដល់បច្ចុប្បន្ន អាមេរិកនិងសម្ព័ន្ធមិត្ត រួមទាំងណាតូផងដែរ បានចូលរួមក្នុងការប្រឈមមុខដាក់គ្នាជាមួយបដិវត្តន៍នេះ។ ប៉ុន្តែសូម្បីតែក្នុងកំឡុងសង្គ្រាមរយៈពេល៨ឆ្នាំ ដែលកាលណោះ អតីតសហភាពសូវៀតក៏បានចូលរួមដែរនោះ ក៏ពួកគេមិនអាចសម្រេចបានអ្វីទាំងអស់។ ឥឡូវនេះ ប្រសិនបើពួកគេចាត់វិធានការណាមួយប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ពួកគេនឹងប្រឈមមុខនឹងបរាជ័យ»។

នៅពេលរំឮកដល់ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការនាំអ៊ីរ៉ង់ត្រឡប់ទៅយុគសម័យថ្មវិញ លោកឧត្តមសេនីយ៍ Asadi បានប្រកាសថា «សូម្បីតែយើងមិនមានអ្វីសោះ ក៏យើងនឹងប្រយុទ្ធជាមួយអាមេរិកដោយប្រើដុំថ្មដែរ។ ពីព្រោះយើងមិនចុះចាញ់អាមេរិកជាដាច់ខាត»។ លោកបានព្រមានប្រឆាំងនឹងការវាយតម្លៃខុសរបស់អាមេរិក និងអ៊ីស្រាអែល រួមទាំងសម្ព័ន្ធមិត្តរបស់ពួកគេដោយនិយាយថា អាមេរិកចង់បានតែការចុះចាញ់ទាំងស្រុងរបស់យើងប៉ុណ្ណោះ ហើយប្រជាជាតិអ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

មន្ត្រីសភា អ៊ីរ៉ង់ ព្រមានកុំឲ្យយកជម្លោះផ្ទៃក្នុងមកបង្ហាញជាសាធារណៈ អំឡុងពេលមានសង្គ្រាម
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម