ព័ត៌មានអន្ដរជាតិ
ដ្រូនអ៊ុយក្រែន ហោះកាត់មេឃ ១ ១០០គ.ម ទម្លាក់គ្រាប់បែកឆេះឃ្លាំងប្រេងធំជាងគេ នៅ St. Petersburg
កងកម្លាំងអ៊ុយក្រែន បានបើកយុទ្ធនាការវាយប្រហាររយៈចម្ងាយឆ្ងាយ ទៅលើទីក្រុង St. Petersburg ដែលជាទីក្រុងមានអត្ថន័យនយោបាយ និងជានិមិត្តរូបដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី។

តាមសេចក្ដីរាយការណ៍របស់ CNN និង Kyiv Post ចុះផ្សាយថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ យន្តហោះដ្រូនអ៊ុយក្រែន បានហោះកាត់ដែនអាកាសជាង ១ ១០០គីឡូម៉ែត្រ ពីព្រំដែន រួចចូលទៅទម្លាក់គ្រាប់បែកចំគោលដៅ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ឆាបឆេះធុងស្តុកប្រេងឥន្ធនៈដ៏ធំសម្បើម របស់ក្រុមហ៊ុន JSC Petersburg Oil Terminal ដែលជាកំពង់ផែ និងដេប៉ូស្តុកផលិតផលប្រេងធំជាងគេមួយរបស់រុស្ស៊ី នៅក្នុងតំបន់សមុទ្របាល់ទិក។
អ្វីដែលធ្វើឱ្យរដ្ឋាភិបាលទីក្រុងមូស្គូអាប់ឱនមុខមាត់យ៉ាងខ្លាំងនោះគឺ ការវាយប្រហារនេះ បានកើតឡើង ចំថ្ងៃទី៣មិថុនា ដែលជាថ្ងៃបើកឆាកនៃ «វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg» ជាព្រឹត្តិការណ៍សេដ្ឋកិច្ចលំដាប់កំពូលរបស់រុស្ស៊ី ដែលត្រូវបានរៀបចំឡើង ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ និងភ្ញៀវធុរកិច្ចបរទេស។ វីដេអូជាច្រើន ដែលថតដោយប្រជាពលរដ្ឋមូលដ្ឋាន បានបង្ហាញពីផ្សែងខ្មៅក្រាស់ឃ្មឹកពាសពេញផ្ទៃមេឃ និងសំឡេងផ្ទុះជាច្រើនលើក ខណៈប្រព័ន្ធការពារអាកាសរបស់រុស្ស៊ី បានព្យាយាមបាញ់ស្ទាក់ចាប់ដ្រូនទាំងនោះទាំងប្រផិតប្រផើយ។ ហេតុការណ៍នេះ ក៏បានបង្កឱ្យមានការយឺតយ៉ាវ និងលុបចោលជើងហោះហើរជាច្រើន នៅព្រលានយន្តហោះ Pulkovo នៅក្នុងទីក្រុងផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) បានចេញមុខបញ្ជាក់ និងអបអរសាទរ ចំពោះជោគជ័យនៃប្រតិបត្តិការនេះ ដោយលោកហៅវាថាជា «ទណ្ឌកម្មរយៈចម្ងាយឆ្ងាយ» អនុវត្តដោយវីរកងទ័ពអ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ថា ឃ្លាំងប្រេងទំហំ ៣៧ហិកតា ដែលមានសមត្ថភាពផ្ទុកប្រេងរហូតដល់ ១២,៥លានតោនក្នុងមួយឆ្នាំនេះ គឺជារចនាសម្ព័ន្ធសេដ្ឋកិច្ច និងថាមពលដ៏សំខាន់ ដែលកំពុងបម្រើឱ្យម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី។ ក្រៅពីឃ្លាំងប្រេងនេះ ដ្រូនអ៊ុយក្រែន ក៏បានវាយប្រហារចំគោលដៅយោធានៅមូលដ្ឋាន Kronstadt និងរោងចក្រផលិតអាវុធមួយកន្លែងទៀត នៅក្នុងតំបន់ Tambov ដែលមានចម្ងាយជិត ៦០០គីឡូម៉ែត្រពីសមរភូមិមុខ។
ការវាយប្រហារដ៏ខ្លាំងក្លានៅដើមខែមិថុនានេះ ធ្វើឡើង បន្ទាប់ពីយុទ្ធនាការបំប្លែងដ្រូនរបស់អ៊ុយក្រែន ទៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីខែឧសភា។ សកម្មភាពបំផ្លិចបំផ្លាញឥតឈប់ឈរនេះ កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចរុស្ស៊ី រហូតដល់ថ្នាក់បង្ខំឱ្យទីក្រុងមូស្គូ ប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈសម្រាប់យន្តហោះ និងកំពុងគំរាមកំហែងដល់សង្វាក់ផលិតកម្មកែច្នៃប្រេងរបស់រុស្ស៊ី ឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


