Connect with us

សេដ្ឋកិច្ច

ព្រឹត្តិការណ៍ដើរដើម្បីសប្បុរសធម៌ «ACE Charity Walk» ឆ្នាំ ២០២៦ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

ភ្នំពេញ៖ ព្រឹត្តិការណ៍ដើរដើម្បីសប្បុរសធម៌ «ACE Charity Walk» ឆ្នាំ ២០២៦ដែលមានអ្នកចូលរួមប្រមាណ ១,៥០០ នាក់ បានមកជួបជុំគ្នាដើរក្នុងចម្ងាយ ៥ គីឡូម៉ែត្រ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងសុខុមាលភាពសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី “ACE Charity Walk” ដែលរៀបចំដោយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (អេ ស៊ី អុី) ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា លោកស្រី Bridget Collier តំណាងស្ថានទូតអូស្រ្ដាលី លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃ IDP Education Ltd លោក Raja Sood នាយកតំបន់អាស៊ីអាគ្នេយ៍ លោក ស្រេង ម៉ៅ នាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ IDP និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) លោក Ashley Irving ចាងហ្វាងសាលា ACE និងជាប្រធានសភាពាណិជ្ជកម្មអូស្ត្រាលី និងលោក Martin Darby នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអង់គ្លេស ព្រមទាំងការចូលរួមយ៉ាងកុះករពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងក្រុមគ្រួសារជាច្រើន ដែលនេះសបញ្ជាក់ឱ្យឃើញពីឥទ្ធិពលនៃសកម្មភាពរួមគ្នាដើម្បីបុព្វហេតុមនុស្សធម៌។

កម្មវិធីនៅពេលព្រឹកបានចាប់ផ្តើមជាមួយនឹងការកម្តៅសាច់ដុំយ៉ាងរស់រវើកដឹកនាំដោយក្រុមរត់ប្រណាំង SUSU បន្ទាប់មកមានការគោរពទង់ជាតិ និងមតិបើកកម្មវិធី មុនពេលអ្នកចូលរួមចាប់ផ្តើមដើរចម្ងាយ ៥ គីឡូម៉ែត្រ រួមគ្នាដោតជាប់នូវពាក្យស្លោក «ដើរដើម្បីសង្គ្រោះជីវិត»។

លើសពីព្រឹត្តិការណ៍សប្បុរសធម៌ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់សាលា ACE ដោយមិនត្រឹមតែផ្តោតលើឧត្តមភាពសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់គុណតម្លៃនៃស្មារតីទទួលខុសត្រូវ និងការបម្រើសហគមន៍ផងដែរ។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងមជ្ឈមណ្ឌល ACE និងជាស្ថាបនិកនៃគំនិតផ្តួចផ្តើម CSR នេះ បានមានប្រសាសន៍ថា៖ «ការដើរដើម្បីសប្បុរសធម៌ ACE គឺមានអត្ថន័យលើសពីការកៀរគរថវិកា។ វាបានផ្សារភ្ជាប់សិស្សានុសិស្ស ដៃគូសហការ និងសហគមន៍ឱ្យមកបង្កើតនូវឥទ្ធិពលវិជ្ជមានរួមគ្នា ព្រមទាំងបណ្តុះនូវគុណតម្លៃនៃក្តីមេត្តា និងការទទួលខុសត្រូវ ដែលនឹងនៅជាប់ជាមួយពួកគេជានិច្ច។»

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថាការដើរនេះមិនត្រឹមតែជាការហាត់ប្រាណសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពបង្ហាញពីស្មារតីស្នេហាជាតិ សាមគ្គីភាព និងមិនបោះបង់គ្នាក្នុងគ្រាលំបាក ដែលជាកម្លាំងចិត្តដ៏ធំធេងជូនដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលកំពុងរស់នៅតំបន់រងផលប៉ះពាល់ផងដែរ។

ថវិកាដែលប្រមូលបាននឹងត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ដែលជាកន្លែងផ្តល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់ក្នុងមួយឆ្នាំៗ។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួម ដៃគូសហការ អ្នកឧបត្ថម្ភ និងអ្នកស្ម័គ្រចិត្តទាំងអស់

ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម