ព័ត៌មានអន្ដរជាតិ
Lula រិះគន់លោក ត្រាំ ក្នុងកិច្ចប្រជុំ BRICS ថា «ពិភពលោកមិនចង់បានអធិរាជទេ»
«យើងមិនចង់បានអធិរាជទេ។ យើងជាប្រទេសដែលមានអធិបតេយ្យភាព»។ នេះជាការរិះគន់ខ្លាំងៗ និងចំៗរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva ទៅលើលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានគំរាមដាក់ពន្ធគយបន្ថែម ១០% លើប្រទេសណាដែលស្របតាមប្លុកសេដ្ឋកិច្ចមួយនេះ។

នៅក្នុងសុន្ទរកថាចំពោះមុខមេដឹកនាំផ្សេងទៀតកាលពីថ្ងៃចន្ទទី៧ខែកក្កដាឆ្នាំ២០២៥ លោក Lula បានស្តីបន្ទោសដោយចំៗចំពោះអ្វីដែលគាត់បានពិពណ៌នាថាជាការប៉ុនប៉ងរបស់លោក ត្រាំ ក្នុងការបំភិតបំភ័យប្រទេសឯករាជ្យ។ លោក Lula បានហៅការគំរាមកំហែងនេះថា«ការមិនទទួលខុសត្រូវ» និង «ហួសសម័យកាល»។
មេដឹកនាំប្រេស៊ីល បានរៀបរាប់ទៀតថា «ពិភពលោកបានផ្លាស់ប្តូរហើយ។ យើងមិនចង់បានអធិរាជទេ។ នេះជាក្រុមប្រទេសមួយដែលចង់ស្វែងរកវិធីផ្សេងទៀត ក្នុងការរៀបចំពិភពលោកតាមទស្សនៈសេដ្ឋកិច្ច។ ខ្ញុំគិតថា នោះហើយជាមូលហេតុដែលក្រុម BRICS ធ្វើឲ្យអ្នកខ្លះមិនស្រួលក្នុងខ្លួន»។
ការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ត្រាំ បានព្រមានអំពីពន្ធថ្មីលើសមាជិក BRICS ប្រសិនបើពួកគេបន្ត«ធ្វើឲ្យខូចពាណិជ្ជកម្មអាមេរិក»។ សារព្រមាននេះ បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីបណ្ដាប្រទេសជាសមាជិក BRICS។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានច្រានចោលការគំរាមកំហែងនេះ ដោយថ្លែងថា ប្រទេសដែលមានអំណាចមិនគួរប្រើឧបករណ៍សេដ្ឋកិច្ច ដើម្បីដាក់ទណ្ឌកម្មអ្នកដទៃឡើយ។ ចំណែកឯក្រសួងការបរទេសចិន បានថ្កោលទោសសេចក្តីថ្លែងការណ៍នេះថាជា «ការទូតបង្ខិតបង្ខំ» ខណៈពេលដែលបញ្ជាក់ឡើងវិញថា BRICS មិនមែនប្រឆាំងនឹងអាមេរិកទេ ប៉ុន្តែកំពុងធ្វើការឆ្ពោះទៅរកសណ្តាប់ធ្នាប់ពិភពលោកដែលមានតុល្យភាពជាងមុន។

ប្លុក BRICS ដែលបង្កើតឡើងដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង និងសមាជិកថ្មីមួយចំនួនបានប្រើប្រាស់កិច្ចប្រជុំកំពូលនៅឆ្នាំនេះ ដើម្បីជំរុញឲ្យមានកំណែទម្រង់សេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មពិភពលោក។
សេចក្តីថ្លែងការណ៍ចុងក្រោយពីកិច្ចប្រជុំកំពូល BRICS បានជំរុញឲ្យមានពហុភាគីនិយម ដោយបានអំពាវនាវឲ្យមានកំណែទម្រង់នៅក្នុងស្ថាប័នពិភពលោកដូចជា IMF និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានព្រមានប្រឆាំងនឹងគោលនយោបាយគាំពារនិយមដែលរំខានដល់ការអភិវឌ្ឍពិភពលោក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


