Connect with us

ព័ត៌មានអន្ដរជាតិ

តើអាមេរិក នឹងវាយប្រហារអ៊ីរ៉ង់ ឆាប់ៗនេះមែនឬ?

បានផុស

នៅ

បន្ទាប់ពីសហរដ្ឋអាមេរិក បង្ហាញសាច់ដុំយោធានិងបញ្ជូនកម្លាំងច្រើនសន្ធឹកទៅកាន់តំបន់មជ្ឈិមបូព៌ា ធ្វើឲ្យសភាពការណ៍កាន់តែក្តៅ ហើយមានការវិភាគជាច្រើន បង្ហាញថា មិនយូរទេអាមេរិក នឹងវាយប្រហារប្រទេសអ៊ីរ៉ង់ ហើយ។

(រូបថត៖ Reuters)

ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីការបញ្ជូននាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមនាវាប្រយុទ្ធអមដំណើររបស់ខ្លួន ដែលរួមមាននាវាពិឃាដបាញ់មីស៊ីលនាំផ្លូវចំនួនពីរគ្រឿង គឺ USS Spruance និង USS Michael Murphy ផងនោះ ទៅកាន់តំបន់មជ្ឈិមបូព៌ា។

ក្រុមនេះត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ហើយឆ្ពោះទៅកាន់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) ខណៈរយៈពេលនៃការធ្វើដំណើរអាច ចំណាយពេលពី៥ទៅ៧ថ្ងៃ។

មិនត្រឹមប៉ុណ្ណឹង មុននេះ អាមេរិកក៏បានបញ្ជូនយន្តហោះចម្បាំង F-15 យ៉ាងតិច១២គ្រឿងបន្ថែមទៀ​ត រួមជាមួយយន្តហោះចាក់ប្រេងលើអាកាស ទៅមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី ផងដែរ ដែលទាំងអស់នេះបង្ហាញពីសញ្ញាមិនស្រួល។

(រូបថត៖ Reuters)

ជុំវិញសកម្មភាពបែបនេះ អ្នកវិភាគនៅកាសែត Jerusalem Post បានលើកឡើងថា ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់ ជិតកើតឡើងហើយ។ ក្នុងការវិភាគរបស់កាសែតដដែលនោះ លើកឡើងទៀតថា អាមេរិក និងអ៊ីស្រាអែល កំពុងធ្វើការរួមគ្នាលើផែនការវាយប្រហារក្បាលម៉ាស៊ីននៃកម្មវិធីអាវុធរបស់អ៊ីរ៉ង់ ផងដែរ។

ចំណែក គេហទំព័រ Caliber.Az និងអ្នកវិភាគតំបន់កូកាស៊ីសក៏កត់សម្គាល់ដែរថា​ ការដឹកជញ្ជូនគ្រាប់រំសេវ និងភស្តុភារទៅកាន់កោះ Diego Garcia ពិតជាការរៀបចំសម្រាប់សង្គ្រាមទ្រង់ទ្រាយធំ ជាក់ជាមិនខាន។

មិនត្រឹមប៉ុណ្ណឹង អ្នកជំនាញផ្នែកយោធាជាច្រើនទៀត សុទ្ធតែមើលឃើញដូចគ្នាថា «ការចល័តទ័ពខុសធម្មតាបែបនេះ គឺជាសញ្ញាព្រមានមុនការវាយប្រហារ ហើយវាអាចកើតឡើងឆាប់ៗ»។

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី ស្ថានការណ៍រវាងអ៊ីរ៉ង់និងអាមេរិក កាន់តែតានតឹងខ្លាំងៗទៅ បន្ទាប់ពីលោក ត្រាំ កាន់ជើងបាតុករដោ​យគំរាមថា ទីក្រុងវ៉ាស៊ីនតោន នឹងលូកដៃចូលធ្វើអន្តរាគមន៍ បើទីក្រុងតេហេរ៉ង់ សម្លាប់អ្នកតវ៉ា។

បាតុកម្មបានចាប់ផ្តើមឡើងដោយសារតវ៉ាលើបញ្ហាអតិផរណាដែលហក់ឡើងខ្ពស់ខ្លាំង ប៉ុន្តែឥឡូវនេះបានរីករាលដាល ក្លាយជាការទាមទារឲ្យបញ្ចប់ការគ្រប់គ្រងតាមបែបសាសនារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក, ការឆ្លើយតបដោយហិង្សាចំពោះចលាចលនេះ បានផ្ដាច់យកជីវិតមនុស្សអស់ចំនួន ៣,០៩០ នាក់ហើយ ខណៈក្រុមសកម្មជនខ្លះទៀតអះអាងថា ចំនួនមនុស្សស្លាប់អាចខ្ពស់ជាងនេះឆ្ងាយណាស់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម