Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងតំណាងUNថ្មី ដាក់គោលដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ

បានផុស

នៅ

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយលោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នក​សម្របសម្រួល​អង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងទំនាក់ទំនង និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ លោក​រដ្ឋមន្រ្តី បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រី ដែលត្រូវបានតែងតាំងជា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តកម្មវិធីនានា ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងគួរជាទីមោទនៈតាមរយៈទំនាក់ទំនងដ៏យូរអង្វែងនាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោក បាន​មាន​ប្រសាសន៍​អំពី​យុទ្ធសាស្រ្ត​សម្រាប់ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើការអភិវឌ្ឍ​ជំនាញ តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏ដូចជាកម្មវិធីការងារសម្រាប់យុវជន តាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) និងការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល។

ជាមួយគ្នានេះ លោក​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ ក្នុង​ការ​លើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ, ការ​កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត, ការ​ផ្តល់​អត្ថ​ប្រយោជន៍​របប​សន្តិសុខសង្គម និង​ការ​ផ្តល់​ឱកាសការងារសម្រាប់យុវជន ជា​ពិសេស​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពីប្រទេសថៃតាមរយៈការរៀបចំវេទិកាការងារនៅទូទាំងប្រទេស។

លោក​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញាចិត្ត និង​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​អង្គការសហប្រជាជាតិ ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដំណាក់កាលបន្ទាប់នេះ នឹងផ្តោតសំខាន់លើការអភិវឌ្ឍជំនាញសម្រាប់យុវជន និងកម្លាំងពលកម្មកម្ពុជា ប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដែល​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ជា​ការ​ឆ្លើយ​តប លោកស្រី អាន់ឌ្រេវ៉ា បាន​កោតសរសើរ​ចំពោះ​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អង្គការសហប្រជាជាតិ ដែលបានត្រៀម​ខ្លួន​រួច​ជាស្រេចក្នុងការ​បន្តកិច្ចសហការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព តាមរយៈ​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ភាពរហ័សរហួន និងការសម្របសម្រួលយ៉ាងល្អ ដើម្បីកសាងអនាគតដែលរួមបញ្ចូល និង​មាន​ភាព​ធន់​សម្រាប់​ប្រជាជនកម្ពុជា។

លោកស្រីមានជំនឿយ៉ាងមុតមាំថា ភាព​ជាដៃគូដ៏​ចាំ​បាច់​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​សម្រេចបាននូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព និង​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​អនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម