ព័ត៌មានជាតិ
លោក ហេង សួរ ៖ កម្ពុជាគឺជាប្រទេសដំបូងគេដែលបានអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC)
ប៉ារីស ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន ជាចលករសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចប្រកបដោយចីរភាព ការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងកិច្ចសន្ទនាសង្គម» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង។

លោកបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចទៅបានដោយរលូនចាំបាច់ណាស់ត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍន៍ ដូចជាអង្គការ ILO និងទីភ្នាក់ងារ GIZ ជាដើម។ ក្នុងន័យនេះ កម្ពុជាគឺជាប្រទេសដំបូងគេដែលបានអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលបច្ចុប្បន្នត្រូវបានយកធ្វើជាគំរូនៅតាមបណ្ដាប្រទេសផ្សេងៗទៀត។ បន្ថែមលើនេះ កម្ពុជាបានធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ, ពង្រឹងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, រក្សានិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល, លើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងការគ្រប់គ្រងបរិយាកាសការងារឱ្យកាន់តែប្រសើរឡើង។

ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រីបានចែករំលែកនូវបទពិសោធរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃវិស័យកាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ (GFT) ដែលជាវិស័យស្នូលជំរុញកំណើនសេដ្ឋកិច្ច បង្កើនឱកាសការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថានប្រកបដោយប្រសិទ្ធភាពក្នុងខ្សែច្រវាក់ផលិតកម្ម។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានលើកឡើងថា ការអនុវត្តការត្រួតពិនិត្យអនុលោមភាពច្បាប់នេះ មិនមែនជា “បន្ទុក” នោះទេ ប៉ុន្តែគឺជា “កាលានុវត្តភាពថ្មី” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើសមាហរណកម្មខ្លួនកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល៕







-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


