Connect with us

ព័ត៌មានអន្ដរជាតិ

អង់​គ្លេស​គាំទ្រ​អាមេរិក​លើកកម្ពស់​​សន្តិភាព​​​​នៅ​មជ្ឈិម​បូព៌ា​ បន្ទាប់​ពីកិច្ចចរចាសន្តិភាព​រុស្ស៊ី-អ៊ុយក្រែន​​

បានផុស

នៅ

នាយ​ក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក Keir Starmer បាន​ពិភាក្សា​ជា​មួយ​​លោក ដូណាល់ ត្រាំ​ កាល​ពី​យប់​ថ្ងៃ​អង្គារ​​ ពី​​ការចរចាឱ្យ​មាន​សន្តិភាពរវាង​រុស្ស៊ី-អ៊ុយក្រែន ដែល​សម្របសម្រួល​ដោយ​សហ​រដ្ឋ​អាមេរិកនៅទីក្រុងហ្សឺណែវ ​ក៏​ដូច​ជា​ការចរចារវាងអាមេរិកនិងអ៊ីរ៉ង់លើ​ជម្លោះ​នុយក្លេអ៊ែរ។ នេះ​បើ​តាម​រដ្ឋាភិបាលអង់គ្លេសតាម​រយៈ​គេហទំព័រ​​ Downing Street ។

លោក​ ត្រាំ និង លោក Keir Starmer ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​អង់គ្លេសតាម​រយៈ Downing Street ​និយាយថា៖ « លោក Starmer ក៏​បានពិភាក្សា​ពី​តំបន់​ហ្គាហ្សា​ជាមួយលោក ត្រាំ​ និងបានសង្កត់​ធ្ងន់ពី​សារៈសំខាន់​នៃ​ការ​បន្ត​ធានា​ឱ្យ​មានជំនួយ​មនុស្ស​ធម៌»។

យោងតាមរ៉យទ័រនៅថ្ងៃទី១៨ ខែកុម្ភៈ ប្រទេស​អង់គ្លេស​​បង្ហាញ​ការ​គាំទ្រ​​ ចំពោះ​ការងារ​​ដែល​​កំពុង​​ដំណើរ​ការ​​ អនុវត្ត​​ផែន​ការ​សន្តិភាព​​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។

រដ្ឋាភិបាល​អង់គ្លេស​ថា​៖ «មេដឹកនាំ​ទាំង​ពីរ​​បាន​បញ្ជាក់​​ពី​ការ​ប្តេជ្ញា​ចិត្ត​​រួម​របស់​ពួកគេ​​ក្នុង​​ការ​លើកកម្ពស់​ស្ថិរភាព និង​សន្តិភាព​នៅ​មជ្ឈិមបូព៌ា។ ជា​ពិសេស​បាន​ពិភាក្សា​ពី​ការ​ចរចាលើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​​អ៊ី​រ៉ង់​

​​ដែល​កំពុង​ដំណើរការ​រវាង​​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ដែល​ធ្វើ​ឡើង​​នៅ​ទីក្រុង​ហ្សឺណែវ​​»។

គេហទំព័រ​​ Downing Street  បន្ត​ថា​៖ «អ្នក​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា អ៊ីរ៉ង់​​មិន​​អាច​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​បាន​​ឡើយ ហើយ​បញ្ជាក់​ជំហរ​​ជា​​ថ្មី​​ពី​តម្រូវការ ​និង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​​ចំណោម​សម្ព័ន្ធមិត្ត និង​​ដៃ​គូ​​ដើម្បី​កែលម្អ​សន្តិសុខ​ក្នុង​តំបន់»។

ក្រុម​អ្នក​ចរចាមកពីអ៊ុយក្រែន និងរុស្ស៊ី បាន​បញ្ចប់កិច្ចចរ​ចា​សន្តិភាព​លើក​ដំបូងក្នុងរយៈ​ពេល​ពីរថ្ងៃ ដែល​សម្របសម្រួលដោយ​សហរដ្ឋអា​មេរិក នៅទីក្រុង​ហ្សឺណែវ កាលពីថ្ងៃអង្គារ។
លើសពី​នេះ លោក​ ដូណាល់​ ត្រាំ​ បាន​ជំរុញ​ឱ្យទីក្រុង​គៀវ ធ្វើ​សកម្មភាព​ឱ្យ​បានឆាប់រហ័ស ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង។

ដោយឡែក រដ្ឋ​មន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Abbas Araqchi បាន​និយាយ​ថា៖ «​ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់ការយោគ​យល់គ្នាកាលពីថ្ងៃអង្គារស្តីពីគោលការណ៍​ណែនាំ​ដែល​មាន​គោល​បំណង​ដោះ​ស្រាយ​ជម្លោះ​នុយក្លេអ៊ែរដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ ប៉ុន្តែ​នោះមិនមានន័យថាកិច្ចព្រមព្រៀងមួយនឹងកើតឡើងឆាប់ៗ​​នោះ​ទេ»។

គួរ​រំឭក​ថា មេដឹកនាំកំពូល​របស់​អ៊ីរ៉ង់ លោក Ali Khamenei បាន​គំរាម​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្ត​ហោះ​អាមេរិកទៅបាត​សមុទ្រ បន្ទាប់​ពីកិច្ចចរចាបានបញ្ចប់​នៅ​ថ្ងៃ​អង្គារ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម