Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង និងអង់គ្លេស ព័ទ្ធចាប់កប៉ាល់ដឹកប្រេងរុស្ស៊ី នៅ​កណ្តាលមហាសមុទ្រ

បានផុស

នៅ

ព្រឹត្តិការណ៍ដ៏តានតឹងមួយ បានកើតឡើងនៅលើផ្ទៃទឹកនៃមហាសមុទ្រអាត្លង់ទិក កាលពីព្រឹកថ្ងៃអាទិត្យ ទី​៣១ ខែ​ឧសភា កន្លងទៅ នៅពេលដែលកងកម្លាំងជើងទឹករបស់ប្រទេសបារាំង ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងប្រទេសជាដៃគូផ្សេងទៀត បានបើកប្រតិបត្តិការឡោមព័ទ្ធ និងស្ទាក់ចាប់បានកប៉ាល់ដឹកប្រេងដ៏ធំមួយគ្រឿងរបស់រុស្ស៊ីឈ្មោះថា Tagor ដែលកំពុងធ្វើ​ដំណើរ​នៅក្នុងដែនទឹកអន្តរជាតិ។

រូបតំណាង (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការផ្សាយ​របស់ France24 កប៉ាល់មួយ​គ្រឿង​នោះ ត្រូវបានគេដឹងថាជាកប៉ាល់ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មសេដ្ឋកិច្ច។ លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសជាផ្លូវការនា​ថ្ងៃចន្ទ ទី​១​ ខែ​មិថុនា នេះ​ ថា ប្រតិបត្តិការដ៏ជោគជ័យនេះ ធ្វើឡើងក្រោមក្របខ័ណ្ឌនៃការរឹតបន្តឹង និងអនុវត្តទណ្ឌកម្មអន្តរជាតិទៅលើប្រទេសរុស្ស៊ី។ នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម លោក Macron បានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា វាជារឿង ដែលមិនអាចទទួលយកបានឡើយ ដែលមានកប៉ាល់ជាច្រើនព្យាយាមគេចវេសពីទណ្ឌកម្មអន្តរជាតិ បំពានច្បាប់សមុទ្រ និងលួចលាក់រកចំណូល ដើម្បីយកទៅផ្គត់ផ្គង់ដល់សង្គ្រាម ដែលរុស្ស៊ីបានបង្កឡើងប្រឆាំងនឹងប្រទេសអ៊ុយក្រែន អស់រយៈពេលជាងបួនឆ្នាំមកនេះ។

ព្រឹត្តិការណ៍ស្ទាក់ចាប់កប៉ាល់ Tagor គឺជាករណីចុងក្រោយបង្អស់ ក្នុងចំណោមករណីបង្ក្រាបជាបន្តបន្ទាប់ ទៅលើអ្វីដែលគេហៅថា «ក្រុមកប៉ាល់ស្រមោល (Shadow fleet)» ដែលជាក្រុមកប៉ាល់ដឹកជញ្ជូនលួចលាក់ ជួយរុស្ស៊ីដឹកប្រេងយកទៅលក់ ដើម្បីបំពានលើទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ប្រទេសបារាំង បានបង្កើនការតាមដាន​យ៉ាងដិតដល់ទៅលើ​ក្រុម​កប៉ាល់សង្ស័យទាំងនោះ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលបារាំងចាត់វិធានការក្តៅបែបនេះ ព្រោះកាលពីខែមីនា តុលាការបារាំងក៏ធ្លាប់បានកាត់ទោសកំបាំងមុខ កាពីទែនកប៉ាល់ដឹកប្រេងម្នាក់របស់រុស្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំផងដែរ ពីបទរឹងរូសមិនព្រមបញ្ឈប់កប៉ាល់តាមបញ្ជារបស់សមត្ថកិច្ច។ កាលនោះ កប៉ាល់សង្ស័យរបស់កាពីទែនរូបនេះ ត្រូវបានកងទ័ពជើងទឹកបារាំងកាក់ទុក និងឡើងត្រួតពិនិត្យតាំងពីខែកញ្ញា ឆ្នាំ២០២៥ មុននឹងត្រូវដោះលែងឱ្យមានសេរីភាពវិញនៅពេលក្រោយមក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម