ជីវិតកម្សាន្ដ
ត្រួសៗ អំពីជីវិតសិល្បៈរបស់លោក សុះ ម៉ាច និងការតស៊ូទម្រាំមានឈ្មោះល្បីល្បាញដល់សព្វថ្ងៃ
លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បករខ្មែរ ២ អាណត្តិ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាព នាពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច ត្រូវជាកូនប្រុសបង្កើតរបស់លោក សុះ ម៉ាត់ តារាចម្រៀងល្បី និងសម្បូរស្នេហ៍ក្នុងទសវត្សរ៍ឆ្នាំ ៦០-៧០។

សម្រាប់រឿងរ៉ាវពីក្រោយខ្នង នៃអាជីពសិល្បៈរបស់តារាចម្រៀងលោក សុះ ម៉ាច ព្រមនឹងការតស៊ូកន្លងមក មិនទាន់ត្រូវបានមហាជន ឬ អ្នកគាំទ្ររូបណាម្នាក់ បានដឹងច្បាស់នៅឡើយទេ។ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានមកជ្រាបខ្លះៗ អំពីប្រវត្តិតស៊ូ និងស្គាល់បុគ្គលនៅពីក្រោយខ្នងដែលធ្លាប់ជួយជ្រោមជ្រែងលោក សុះ ម៉ាច លើវិថីសិល្បៈ។

តាមការរៀបរាប់របស់លោក សុះ ម៉ាច បានលើកឡើងពីការតស៊ូរបស់លោកថា ពេលរូបលោកឃើញរូបថតអំឡុងឆ្នាំ ១៩៩៣ ពេលណា គឺនឹកដល់រឿងកម្សត់កាលនៅក្នុងក្រុមតន្ត្រីកុមារកំព្រា ១៩៩០-១៩៩១។ ដល់ខែវស្សាទំនេរ អត់មានកម្មវិធីច្រៀងដើម្បីបន្តការសិក្សា(បាក់ឌុប) លោកបានខំជិះកង់ទៅសុំគេសាកច្រៀងតាមបារនានាមានដូចជា ៖ ស្រះចក បឹងកក់ ចតុមុខ មនោរម្យ ដឺឡាហ្គារ កាំបូឌីយ៉ាណាអ៊ីន ។ល។

លោកថា «កាលនោះមិនដែលមានគេទទួលទេ ព្រោះខ្ញុំក្មេងអាយុ ១៩ ឆ្នាំ រហូតសុខចិត្តច្រៀងមិនយកលុយសិន ដើម្បីយកបទពិសោធន៍ច្រៀងតាមបារ បើទោះបីជាក្រុមតន្ត្រីទាំងនោះដែលពួកគាត់ខ្លះធ្លាប់ស្គាល់ឪពុកខ្ញុំ និងដឹងថា ខ្ញុំកូនលោក សុះ ម៉ាត់ អ្នកចម្រៀងជំនាន់ដើមដែលមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈដែលធ្លាប់ជួយអ្នកចម្រៀងជាច្រើនទទួលបានភាពល្បាញល្បីស្ទើរគ្រប់គ្នាដោយសារការនិពន្ធបទភ្លេង និងបង្ហាត់ឲ្យច្រៀងក៏ដោយ ក៏គ្មានអ្នកណាជួយដែរ»។

លោក សុះ ម៉ាច បាននិយាយថា ពេលខ្លះលោកសុខចិត្តអត់ងងុយ ទៅតាមបងជីដូនមួយដែលលេងនៅបារ បង(អ៊ឹម ប៊ុនថន) អង្គុយចាំសុំគេច្រៀងសាក ១ បទៗ។ ពេលជិតចប់បារម៉ោង ១២ អធ្រាត្រ គេដាក់ឲ្យច្រៀង ១ បទ។ ច្រៀងចប់ ភ្ញៀវចាប់អារម្មណ៍ ប៉ុន្តែអ្នកចម្រៀងប្រចាំបារ មកនិយាយបង្អាប់ចំពោះមុខថា ច្រៀងមិនកើតទេ អ្នកភ្លេងម្នាក់ថា ច្រៀងសំឡេងស្រែៗ។ ស្ទើរតែអស់សង្ឃឹមទៅហើយ ចៃដន្យបាន(បងថន) វាយស្គរ និង(បងជា) លេងហ្គីតាបាស ដែលធ្លាប់លេងជាមួយពួកគាត់ម្ដងម្កាល កាលនៅក្រុមតន្ត្រីកុមារកំព្រាគៀនឃ្លាំង ជិះទូកទៅរកដល់ជ្រោយចង្វាមកច្រៀងនៅបារទឹករាំផ្ការាំ របស់ហ៊ាញ៉ិប ជាមួយក្រុមគាត់។ ពេលជិះទូកមកភ្នំពេញ ទូកដដាច់ស្លាបចាក់អណ្ដែតរហូតដល់មុខរាជវាំង។

តារាចម្រៀងសំនៀងមនោសញ្ចេតនារូបនេះ បន្តទៀតថា ច្រៀងបារបានលុយបន្តការសិក្សារហូតចប់បាក់ឌុប ឆ្នាំ ១៩៩២-១៩៩៣ លោកក៏ទទួលបានការហៅទៅច្រៀងនៅរង្គសាលបុប្ផាឃ្លាំងរំសេវ ជុំជាមួយរៀមច្បងជាច្រើន ដែលជាឱកាសមួយរៀនយកបទពិសោធន៍ពីពួកគាត់។ លោកថា «ឃើញគេថតចម្រៀង ចង់ថតណាស់ តែគ្មាននរណាហៅថតទេ ខណៈឈាមជ័រសិល្បៈដូចគ្នាដូចជា បង ស៊ីន ចាន់ឆាយ៉ា ត្រូវបានច្រៀងថត និងបានច្រៀងនៅវិទ្យុជាតិទៀតផង។ គុណបុណ្យអីបាន(បងខន) កាន់ស្ទូឌីយោនៅមេភ្លើង ហៅទៅច្រៀងបទឆ្លងឆ្លើយជាមួយបង មាស សុម៉ាលី បទ«នាយទាហានជើងទឹក» បញ្ចូលកុនថៃ ពេលនោះគឺវីរៈសិល្បៈតន្ត្រីករសូឡូ លោក អ៊ុក ស៊ីណារ៉េត នៅបន្ទប់ដែរ ស្ដាប់ខ្ញុំច្រៀងចប់ ដើរមកទះស្មា ហើយពោលថា ខ្លួនខំប្រឹងហ្វឹកហាត់ច្រៀងណា៎ តទៅមុខនឹងល្បីដូចឪពុកហើយ»។

លោក សុះ ម៉ាច បានអះអាងថា «នេះជាកម្លាំងចិត្តដ៏ធំបំផុតបណ្ដុះចិត្តខ្ញុំឲ្យរឹតតែខំប្រឹងហ្វឹកហាត់ច្រៀងដោយខ្លួនឯង ព្រោះគ្មានគ្រូ គ្មានខារ៉ាអូខេដូចសម័យនេះទេ រៀងរាល់ព្រឹក ខ្ញុំតែងតែទៅជួបលោក អ៊ុក ស៊ីណារ៉េត នៅហាងគុយទាវទល់មុខរោងកុនព្រហ្មបាយ័ន ដើម្បីសួរនាំគាត់ខ្លះពីច្រៀង និងចាត់ទុកគាត់ដូចគ្រូ និងអ្នកផ្ដល់កម្លាំងចិត្តម្នាក់របស់ខ្ញុំដ៏គួរឲ្យគោរពដឹងគុណ ការតស៊ូព្យាយាមរបស់ខ្ញុំៗ ក៏សម្រេចតាមបំណងរបស់ខ្ញុំរហូតដល់បារជាច្រើនប្រជែងគ្នាចង់យកទៅច្រៀងកន្លែងពួកគាត់ ផលិតកម្មជាច្រើនក៏ហៅថតចម្រៀង ស្ថានីយទូរទស្សន៍ក៏ហៅច្រៀងសម្ដែងរហូតដល់ទទួលបានភាពល្បាញល្បី»។
លោក សុះ ម៉ាច លើកឡើងថា «មួយជីវិតខ្ញុំ ចាំមិនភ្លេចឡើយ បងៗ ដែលធ្លាប់ជួយខ្ញុំ ហើយជាពិសេសលោក អ៊ុក ស៊ីណារ៉េត ដែលជួយខ្ញុំ និងផ្ដល់កម្លាំងចិត្តរហូតដល់ខ្ញុំទទួលបានភាពល្បាញល្បីរហូតដល់សព្វថ្ងៃ រីឯភាពល្បាញល្បីទាំងនោះក៏ជាការរួមចំណែកពីលោក ហ្វៃ សំអាង ផងដែរ។ ការផ្តល់កម្លាំងចិត្តវាសំខាន់ណាស់ ការបង្អាប់បំបាក់ទឹកចិត្តក៏ជាការធ្វើឲ្យយើងមានឆន្ទៈខំប្រឹង ដើម្បីជម្នះយកឈ្នះលើពាក្យគេឲ្យគេកោតសរសើរយើងវិញក្នុងថ្ងៃណាមួយ សំខាន់បំផុតកុំចុះចាញ់ កុំបោះបង់បំណង»៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


