Connect with us

ព័ត៌មានជាតិ

សាលាបច្ចេកទេស NPIC ៖ យុវជនជិត ៤ ពាន់នាក់ បោះជំរំរួមគ្នា បង្ហាញពីសាមគ្គីភាព ក្រោមដំបូលសន្តិភាព

បានផុស

នៅ

សិស្ស​និស្សិត នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា លើក​ឡើង​ថា ពិធី​បោះជំរំ​លើក​ទី ៧ ក្រោម​ប្រធានបទ​«​យុវជន​ក្រោម​ដំបូល​សន្តិភាព​» គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​ការ​សាមគ្គីភាព​គ្នា សហការ​គ្នា ស្រលាញ់​គ្នា រវាង​យុវជន និង​យុវជន ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​មួយ​ទទួល​បាន​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ឡាយ អ៊ីវស៊ូ ដែល​ជា​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​លើក​ឡើង​ថា «ការ​បោះជំរំ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យុវជន ពីព្រោះ​វា​ជា​កិច្ច​ការងារ​មួយ​ដែល​ទាមទារ​ជា​ចាំបាច់​ការ​សាមគ្គី​គ្នា សហការ​គ្នា ហើយ​ពួក​យើង​នៅ​ទីនេះ​គឺ​បាន​រួបរួម​គ្នា​ល្អ​ណាស់​ក្នុង​ពិធី​បោះជំរំ​ឆ្នាំនេះ»។

យុវជន​រូប​នេះ បន្ថែម​ថា ការ​បោះជំរំ​នេះ​គឺជា​ការ​ជួបជុំ​មួយ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ដែល​មាន​សិស្ស​ប្រមាណ​ជិត ៤ ពាន់​នាក់ បាន​ចូលរួម​បោះជំរំ ហើយ​កិច្ច​ការងារ​មួយ​ចំនួន នៃ​ការ​បោះជំរំ​នេះ​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហការ​រវាង​យុវជន និង​យុវជន នៅ​ទីនេះ​ផ្ទាល់​តែម្ដង ដែល​កិច្ចការ​យុវជន​ទាំងអស់ អាច​ធ្វើ​វា​បាន​ដោយ​រលូន។

យុវតី មឿន សុហេង ដែល​ជា​និស្សិត​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ក៏បាន​លើក​ឡើង​ថា ការ​បោះជំរំ​ក្រោម​ប្រធានបទ«យុវជន​ក្រោម​ដំបូល​សន្តិភាព» ឆ្នាំនេះ គឺ​មាន​ភាព​អស្ចារ្យ​ខ្លាំង​ណាស់ ដោយ​វា​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ស្មារតី​រួបរួម​គ្នា និង​អធ្យាស្រ័យ​គ្នា ស្រប​ទៅ​តាម​ស្មារតី នៃ​របៀបវារៈ​បោះជំរំ​របស់​យើង គឺ «យុវជន​ក្រោម​ដំបូល​សន្តិភាព»។

ដោយឡែក យុវតី ម៉ឺន ដាណេត ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​មួយ​រូប​ទៀត បាន​ស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹកនាំ​ទាំងអស់​គិតគូរ​ក្នុង​ការ​បន្ត​រៀបចំ​ពិធី​ដ៏​ល្អ​នេះ​ជា​រៀងរាល់​ឆ្នាំ ពីព្រោះ​តាមរយៈ​ពិធី​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​យុវជន​ដែល​សុទ្ធសឹងតែ​ជា​បញ្ញវន្ត​ជំនាន់​ក្រោយ​មាន​ស្មារតី​សាមគ្គី​គ្នា សហការ​គ្នា ស្រលាញ់​គ្នា និង​ជាពិសេស​អាច​ធ្វើ​កិច្ច​ការងារ​រួមគ្នា​មួយ​ប្រកប​ដោយ​ស្មារតី​ជឿជាក់ និង​ពុះពារ។

យុវជន ហុក សៀងហៃ ជា​និស្សិត នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​លើក​ឡើង​ថា «យើង​មើល​ទៅ​ប្រធានបទ នៃ​ការ​បោះជំរំ គឺ យុវជន​ក្រោម​ដំបូល​សន្តិភាព គឺ​មាន​អត្ថន័យ​ណាស់ វា​បញ្ជាក់​ពី​យុវជន​ដែល​រស់នៅ​ប្រកប​ដោយ​កម្លាំង សាមគ្គី​គ្នា ទើប​ពួក​យើង​ក្លាយ​ជា​បញ្ញវន្ត​ជំនាន់​ក្រោយ​របស់​ប្រទេស​យើង»។

គូស​បញ្ជាក់​ផង​ដែរ​ថា វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា បាន​និង​កំពុង​រៀបចំ​កម្មវិធី​បោះជំរំ​លើក​ទី ៧ ក្រោម​ប្រធានបទ«យុវជន​ក្រោម​ដំបូល​សន្តិភាព» រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១ កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ដែល​មាន​អ្នកចូលរួម​ប្រមាណ ៣ ៨៥១ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម