ព័ត៌មានជាតិ
ពីការពឹងដោយកងទ័ព សម្ដេចតេជោ ថា កម្ពុជា-វៀតណាម មកពឹងគ្នាតាមរយៈសេដ្ឋកិច្ចវិញ
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីភាពជាអ្នកជិតខាងល្អ និងយូរអង្វែងរវាងកម្ពុជា និងវៀតណាម ដោយសម្ដេច បានរំលឹកពីសម័យសង្គ្រាមប្រដាប់អាវុធ ប្រទេសទាំងពីរ បានពឹងគ្នាតាមរយៈកម្លាំងកងទ័ព តែពេលនេះ កម្ពុជា-វៀតណាម ជំនួសមកវិញដោយការពឹងគ្នាតាមរយៈសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងដូច្នេះថា៖ «កាលពីអតីតកាលយើងជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវកម្ពុជា និងវៀតណាម ជួយគ្នា និងពឹងគ្នាទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក»។
ក្នុងន័យនេះ បើតាមការថ្លែងឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ នារសៀថ្ងៃទី២៩ ខែមេសា ក្នុងទីក្រុងហូជីមិញ សម្តេចតេជោបានបញ្ជាក់ថា វៀតណាមពូកែកែច្នែ កម្ពុជាពូកែដាំ ដូចជាស្វាយចន្ទីកម្ពុជាជាប់លេខ១ នៅលើពិភពលោកក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះ វាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។

ការលើកឡើងដូច្នេះ គឺក្នុងពេលដែលសម្ដេចតេជោ កំពុងស្ថិតនៅទីក្រុងហូជីមិញ ដើម្បីចូលរួមពិធីរំលឹកខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសវៀតណាម ដោយសម្តេច បានអបអររដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងឱកាសខួប៥០ឆ្នាំនេះ ហើយនាយករដ្ឋមន្ត្រីវៀតណាម ក៏បានសម្ដែងការអរគុណកម្ពុជា ដែលបានចូលរួមចំណែកនៅក្នុងការជួយវៀតណាមឱ្យសម្រេចបានជោគជ័យនៃការបង្រួបបង្រួមជាតិ។

បង្វែរពីការជជែកគ្នាពាក់ព័ន្ធសង្គ្រាមប្រដាប់អាវុធ ដែលកម្ពុជា-វៀតណាម សុទ្ធតែធ្លាប់បានឆ្លងកាត់ដូចគ្នាកាលពីអតីតកាលនោះ សម្ដេចតេជោ ហ៊ុន សែន និងលោក ផាម មិញជីញ បានលើកឡើងពីសង្គ្រាមពាណិជ្ជកម្មសព្វថ្ងៃ ដែលលេចចេញតាមរយៈការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រនយោបាយ គឺកំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជា និងវៀតណាម។
ស្ថិតក្នុងស្ថានភាពបែបនេះ សម្ដេចតេជោ បានអះអាងពីភាពចាំបាច់នូវកិច្ចសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដោយន័យនេះ សម្តេចតេជោ ចង់ឃើញកម្ពុជា-វៀតណាម ពង្រីកនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា ក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។

ចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងក្រសួងពាណិជ្ជកម្មរបស់កម្ពុជា-វៀតណាមកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីសាទរ ព្រោះតាមរយៈកិច្ចសម្របសម្រួលនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ ២០ប៊ីលានដុល្លារអាមេរិក និងការរួមគ្នាដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។
សម្តេចតេជោ ថា គោលដៅ២០ប៊ីលានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនធំជ្រុលពេកនោះឡើយ បើទោះបី វៀតណាមមានប្រជាជនដល់១០៦លាននាក់ ហើយកម្ពុជាមានប្រជាជនត្រឹមតែ១៧លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ក៏ពេញចិត្តចំពោះកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះដែរ ហើយលោក សង្ឃឹមថា កម្ពុជា-វៀតណាម នឹងសម្រេចបានតាមអ្វីដែលចង់បានរបស់ប្រទេសទេសទាំងពីរ។ បើតាមលោកនាយករដ្ឋមន្ត្រីវៀតណាម តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាមនឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។
បន្ថែមពីនេះ នាយករដ្ឋមន្រ្តីវៀតណាម ក៏សន្យាចំពោះមុខសម្តេចតេជោ សម្រាប់ការបញ្ចុះពន្ធការនាំស៊ីម៉ង់មកកាន់កម្ពុជា និងព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


