Connect with us

ព័ត៌មានជាតិ

លោកជំទាវ ពេជ ចន្ទមុន្នី៖ ត្បិតសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ  តែសប្បុរសជន​នៅបន្តឧបត្ថម្ភជាមួយកាកបាទក្រហម ក្នុងការងារមនុស្សធម៌

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ថ្លែងថាក្រោយវិបត្តិជំងឺកូវីដ-១៩ គឺនាពេលបច្ចុប្បន្ននេះ ពិភពលោកទាំងមូល កំពុងជួបបញ្ហាការធ្លាក់ចុះនៃសេដ្ឋកិច្ច ប៉ុន្តែសកម្មភាពនៃការចូលរួមជាមួយកាកបាទក្រហម ក្នុងការងារមនុស្សធម៌នៅតែបន្តមាន ដូចនេះសូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមជួយជនរងគ្រោះ និងអ្នកមានជីវភាពខ្វះខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ នៃទិវាកាកបាទក្រហមកម្ពុជា ក្រោមមូលបាទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” និងប្រមូលថវិការបស់សប្បុរសជន សម្រាប់ចូលរួមការងារសប្បុរសធម៌ និងជួយជនរងគ្រោះ។

ក្នុងពិធីអបអរសាទរទិវានៅថ្ងៃទី៨ ខែឧសភា នេះ  លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គូសបញ្ជាក់ថា​ សម្រាប់មូលនិធិដែលចូលជាមួយកាកបាទក្រហមកម្ពុជា គឺអាចបំពេញជាជំនួយការឲ្យអាជ្ញាធរសាធារណៈនូវវិស័យមនុស្សធម៌បានយ៉ាងសាកសម និងជាបន្តបន្ទាប់ អាចរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឱ្យដឹងថា កាលពីឆ្នាំ២០២៤កន្លងទៅ មូលនិធិកាកបាទក្រហមកម្ពុជា បានសម្រេចសមិទ្ធផលសំខាន់ៗដូចជា ការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួនជាង ១ពាន់គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និង ៤ ៥០០គ្រួសារ នៅខេត្តឧត្តរមានជ័យ។

លោកស្រី ពុំ ចន្ទីនី  បានបន្តថា ក្នុងឆ្នាំដដែលនេះ បានឧបត្ថម្ភថវិកាដល់កងកម្លាំងឈរជើងការពារតាមបន្ទាត់ព្រំដែន ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រួសារមានជំងឺរ៉ាំរ៉ៃ ការជួយសម្រាលជីវភាពប្រជានុរាស្ត្ររងគ្រោះ និងងាយរងគ្រោះបំផុតដោយផ្ទាល់ ជិត៦ម៉ឺនគ្រួសារ, បានជួយកសាង និងជួសជុលផ្ទះ, សង់បង្គន់អនាម័យតាមផ្ទះ និងសាលារៀន, អណ្ដូងទឹក, ប្រព័ន្ធចម្រោះទឹកស្អាត និងកន្លែងលាងដៃ, បានផ្ដល់មូលនិធិ ១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងផ្ដល់ថវិកា ៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរសៀមរាបជាដើម។

គួរបញ្ជាក់ថា មកដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សប្បុរសជនបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជាបានចំនួនជាង ១២លានដុល្លារ ក្នុងឱកាសខួបលើកទី១៦២ ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម