Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បាន​ជិត ​២ ​ពាន់​លាន​ដុល្លារ ​ពី​ការ​នាំចេញ​ទៅ​វៀត​ណាម​ កើនឡើងជាង ១០%

បានផុស

នៅ

កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ជិត ​២ ​ពាន់លានដុល្លារ ​ពីការ​នាំចេញទំនិញ​ទៅ​វៀតណាម ​នៅ​ក្នុង​រយៈ​ពេល​៤ ខែ (មករា-មេសា) ​២០២៦​ កើន​ឡើង ១១,៥% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ នៅ​ឆ្នាំ ២០២៥​។ ​នេះ​បើ​យោង​តាមរបាយការណ៍របស់​អគ្គនាយក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា ​(GDCE) ​ចេញផ្សាយនៅថ្ងៃទី ​១១ ឧសភា ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យរបស់ GDCE បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមេសា ២០២៦ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-វៀតណាម មានទឹកប្រាក់ ៣,៣៦ ពាន់លានដុល្លារ កើនឡើង ៤,៣% ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​វៀតណាម​មានតម្លៃ ១,៩៩ ពាន់លានដុល្លារ កើន​ឡើង ១១,៥% ចំណែកវៀតណាមនាំចូល​មក​វិញ​មាន​តម្លៃ ​១,៣៦ ​ពាន់លានដុល្លារ ​ធ្លាក់ចុះ ៤,៦%។​

​ផលិតផល​សំខាន់ៗ ​របស់​កម្ពុជា ​នាំចេញទៅ​វៀតណាម រួមមាន ​ស្រូវ​ កៅស៊ូ ​ស្វាយចន្ទី ​ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ ​ចំណែក​ឯវៀតណាម​នាំចូលមក​វិញ មានរួមមាន សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ឧបក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ។​

default

​លោក ឡោ វិចិត្រ ​អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន យល់ឃើញថា​៖ «សេដ្ឋកិច្ចរបស់​ប្រទេស​វៀត​ណាម​មានកំណើន ​បានជំរុញឱ្យមាន​តម្រូវ​​​ការខ្ពស់ជាងមុន​ ខណៈតម្លៃកសិកផល​របស់កម្ពុជា​យើងមានភាពប្រកួតប្រជែង អញ្ចឹងពេលខ្លះ​វៀត​​​ណាម​​​គាត់​ទិញពីយើងជាជាង​គាត់ដាំ​ដុះ​ខ្លួនឯង»។​

​​រាជរដ្ឋាភិបាលកម្ពុជា​ បន្តដាក់ចេញវិធានការ​​ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី​ជាមួយវៀតណាម​ឱ្យឈានដល់គោលដៅ ២០ ពាន់លានដុល្លារ។

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ​សម្រេច​បាន​ទឹក​ប្រាក់ ​៧,៧ ​ពាន់លានដុល្លារ ​ធ្លាក់ចុះជិត ​១% ​ធៀបនឹងឆ្នាំ ​២០២៤ ​ដែល​មាន​ទំហំ​ ៧,៨ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​វៀត​ណាម​មាន​ទំហំទឹក​ប្រាក់​ប្រមាណ ​៣,៧២ ​ពាន់លានដុល្លារ កើនឡើង ០,៨២%​ ចំណែក​ឯវៀតណាមនាំចូលមកវិញ​ មានតម្លៃ ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៥៣%៕​​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម