ព័ត៌មានជាតិ
ផ្លូវថ្មើរជើង គ្រោងសម្ពោធជាផ្លូវការ នាថ្ងៃទី២១ មិថុនា ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកសម្ពោធជាផ្លូវការនូវផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។

ផ្លូវថ្មើរជើងនេះ ជាទីពេញនិយមមួយដែលប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ ជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
ការបញ្ជាក់ពីគម្រោងនៃការបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងមាត់ទន្លេនេះបានធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែឧសភានេះ ក្រោមវត្តមានដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយចំណារឯកភាពរបស់សម្ដេចធិបតី ផ្លូវថ្មើរជើងនេះ ត្រូវបានប្រសិទ្ធនាមជាផ្លូវការ ថា «ផ្លូវថ្មើរជើងចតុមុខ»។

លោក ឃួង ស្រេង បានលើកឡើងថា ផ្លូវថ្មើរជើង ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែនេះ ពិតជាទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ បើតាមលោកអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត តាមសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ។

កិច្ចប្រជុំនាពេលនេះ លោក ឃួង ស្រេង បញ្ជាក់ថា គឺដើម្បីពិភាក្សាជ្រើសរើសយកទីតាំងនៃការកាត់ខ្សែបូរណ៍សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ដោយគិតទាំងការរៀបចំអនាម័យ បរិស្ថាន និងសំខាន់ទីតាំងលើផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ដាច់ខាតត្រូវតែស្អាត និងមានបរិស្ថានល្អ។
លោក ឃួង ស្រេង បានបន្ថែមថា កិច្ចការងារនេះ យើងនឹងត្រូវរៀបចំការប្រជុំច្រើនដងទៀត ជាមួយនឹងការរៀបចំក្រុមការងារ ដើម្បីរៀបចំ ការផ្សព្វផ្សាយព័ត៌មាន ការបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ការរៀបចំតុបតែងភ្លើងចម្រុះពណ៌ និងសំអាតបរិស្ថានជាដើម។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ដែលស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន