សន្តិសុខសង្គម
ថ្ងៃទី១មិថុនា ខណ្ឌទាំង១៤ រកឃើញជនបរទេសស្នាក់នៅជាង ៩០០នាក់ តែមិនបានរកឃើញបទល្មើស ONLINE SCAMS នោះទេ
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ នៃរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៩៤៨នាក់ (ស្រី ២៩៦នាក់) ប៉ុន្តែមិនបានរកឃើញសញ្ញាណអ្វីទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ (ONLINE SCAMS) នោះទេ តែបានរកឃើញជនបរទេស ស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ និងហួសទិដ្ឋាការសរុបចំនួន ៦៣នាក់។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ មិថុនា នេះបានឲ្យដឹងថា ពេញមួយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បានបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថា លុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ៩១ទីតាំង។

លោកស្រីបន្តថា អ្វីដែលគួរកត់សម្គាល់ក្នុងថ្ងៃនេះគឺ នៅខណ្ឌច្បារអំពៅ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងផ្ទះមួយនៅក្នុងបុរីហាយធិច ភូមិតាងៅក្រោម សង្កាត់និរោធ និងទីតាំងឃ្លាំងមួយកន្លែង នៅផ្លូវអូរអំពិល ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១៤នាក់ (ស្រី ៣នាក់) ពុំមានលិខិតឆ្លងដែន ១១នាក់។

ជាមួយគ្នានេះដែរ ក្រុមការងារបានរកឃើញបទល្មើសគ្រឿងញៀន ១ករណី នៅផ្ទះលេខ៦៧ ផ្លូវបូព្រឹក្ស បុរីហាយធិច ភូមិតាងៅក្រោម សង្កាត់និរោធ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី ៣នាក់) ព្រមទាំងសម្ភារក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ បំពង់សម្រាប់ជក់កញ្ឆាចំនួន០១ និងទូរស័ព្ទដៃចំនួន ០៧គ្រឿង។ រីឯនៅខណ្ឌទួលគោក ក្រុមការងារចុះត្រួតពិនិត្យបានរកឃើញបទល្មើសល្បែងស៊ីសងអនឡាញ ១ករណី នៅខុនដូរ TK STAR អគារលេខ១០០ ផ្លូវលេខ៥១៦ កែងផ្លូវលេខ៣១៥ ភូមិ០១ សង្កាត់បឹងកក់ទី១ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យជា ជនជាតិកូរ៉េ ១នាក់ (មាននិវេទក្រហម) ព្រមទាំងសម្ភារមួយចំនួនរួមមាន៖ CPU ចំនួន ០៣គ្រឿង ទូរស័ព្ទចំនួន ០៥គ្រឿង និងម៉ូនីទ័រចំនួន ០៦គ្រឿង។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ជារួមក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៩៤៨នាក់ (ស្រី ២៩៦នាក់) ដោយមិនមានរកឃើញសញ្ញាណអ្វីទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ប៉ុន្តែបានរកឃើញជនបរទេស ស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ និងហួសទិដ្ឋាការសរុបចំនួន ៦៣នាក់។ ក្រោយការត្រួតពិនិត្យ ជនបរទេសស្នាក់នៅខុសច្បាប់រួមជាមួយវត្ថុតាងជាសម្ភារៈ និងគ្រឿងញៀន ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

លោកស្រី ដោ សម្ផស្ស បន្ថែមថា ក្នុងថ្ងៃដដែលនោះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង រស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ១០នាក់ គិតជាថវិកាសរុបចំនួន ៤០.០០០.០០០រៀល«សែសិបលានរៀល»៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


