ព័ត៌មានជាតិ
សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អះអាងថា រឿងរ៉ាវព្រំដែនកម្ពុជា-ថៃ តំបន់មុំបី គឺប្រើពេល២៥ហើយ នៅតែចរចាមិនដាច់ស្រាច់ ហើយភាគីថៃ បែជាថាដីនេះជាដីរបស់គេ ហ៊ានឈ្លានពាន និងរុញច្រានដើមទ្រូងពលរដ្ឋខ្មែរ និងលបលួចបាញ់សម្លាប់ទាហានខ្មែរទៀត។ សម្ដេចតេជោ អះអាងថា សម្ដេចឈឺចាប់បំផុត នៅពេលទាហានថៃឈ្លានពានដីកម្ពុជា ហើយលបលួចបាញ់ប្រហារមកលើលេណដ្ឋានបណ្ដាលឱ្យនាយទាហាន សួន រ៉ោន បាត់បង់ជីវិតទាំងព្រឹកព្រលឹម ទាំងដែលទីតាំងតំបន់មុំបី ក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលសម្ដេចផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ធ្លាប់អញ្ជើញទៅដល់កាលពីឆ្នាំ២០១០។

ក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភា នាព្រឹកថ្ងៃទី០២ ខែមិថុនា នេះ សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីឈឺចាប់ចំពោះរឿងទាហានថៃឈ្លានពានដីខ្មែរ និងលួចបាញ់សម្លាប់ទាហានខ្មែរ សួន រ៉ោន នៅតំបន់មុំបីដូច្នេះ៖« ខ្ញុំប្រើពេលជាង២៣ ឆ្នាំ បន្តមករដ្ឋាភិបាលថ្មីជិត២ឆ្នាំហើយ យើងដោះស្រាយអត់បានទេ។ សូម្បីតែប្រជុំគណៈកម្មការចម្រុះព្រំដែន ក៏ប្រជុំអត់បានផង! តើមានមូលហេតុអ្វីនៅពីក្រោយ? ហើយហ៊ានអះអាងពេញលេញ រហូតដល់ច្រានទ្រូងប្រជាជនយើងថែមទៀត រហូតចូលមកបាញ់យើងនៅក្នុងទឹកដីយើង ហើយរឿងដែលខ្ញុំឈឺចាប់បំផុត គឺរឿងយុទ្ធជន(សួន រ៉ោន)ម្នាក់នេះ ព្រោះកន្លែងនេះ ខ្ញុំជាមួយ ទៀ បាញ់ គឺដឹងច្បាស់លើរឿងនេះ។ យើងកាន់កាប់កន្លែង(តំបន់មុំបី)នេះតាំងពីឆ្នាំ១៩៨៨ ពេលនោះតំបន់នោះ ខ្មែរក្រហមឈរជើង ដាក់អាវុធច្រើនណាស់នៅតំបន់នោះ។»។

សូមរម្លឹកជាថ្មីថា កាលពីវេលាព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានឈ្លានពានដីកម្ពុជា និងលបលួចបាញ់ប្រហារមកលើលេណដ្ឋាន ក្នុងភូមិសាស្ត្រតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីប្រមាណ៣០មុន បណ្ដាលឱ្យកងទ័ពកម្ពុជា ឈ្មោះ សួន រ៉ោន វ័យ៤៧ឆ្នាំ បាត់បង់ជីវិតភ្លាមៗ។

ជុំវិញការបាត់បង់យុទ្ធជន សួន រ៉ោន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខដ៏សែនក្រៀមចំពោះក្រុមគ្រួសារសព របស់យុទ្ធជន សួន រ៉ោន។ ក្នុងព្រះរាជសារ ព្រះមហាក្សត្រ មានព្រះរាជចំណារចាត់ទុកយុទ្ធជនសួន រ៉ោន ជាយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ ហើយបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ។

ចំណែកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខទៅកាន់គ្រួសារសព និងអរគុណដោយស្មោះសរ ចំពោះភាពអង់អាចក្លាហាន ការលះបង់របស់នាយទាហាន សួន រ៉ោន និងពលីដោយស្មារតីស្នេហាជាតិ មាតុភូមិ បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

សម្រាប់សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ចាត់ទុកការបាត់បង់យុទ្ធជន សួន រ៉ោន ជាការបាត់បង់នូវ យោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា។ នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមបច្ច័យ៨០លានរៀលជូនគ្រួសារយោធិន សួន រ៉ោន ផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស