Connect with us

ព័ត៌មានជាតិ

ម៉ាកយីហោថៃ​​បារម្ភពីផលប៉ះពាល់កាន់តែខ្លាំង ពីជម្លោះព្រំដែនជាមួយ​កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនម៉ាកយីហោថៃ ដែលធ្វើប្រតិបត្តិការទាំងនៅកម្ពុជា និង​ប្រទេសរបស់ខ្លួន​ផ្ទាល់ ​មើល​ឃើញ​​ពី​ផល​ប៉ះពាល់កាន់តែខ្លាំងឡើងៗពីជម្លោះព្រំដែន​រវាងប្រទេសទាំង២ ដែលកំពុង​​ជះឥទ្ធិពល​លើ​ទំនុកចិត្តរបស់អ្នកប្រើប្រាស់កម្ពុជា ហើយបង្កការរាំងស្ទះដល់ការធ្វើទីផ្សារ ឬប្រតិបត្តិការអាជីវកម្ម​របស់ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មែនទែនទៅ អាជីវកម្ម​ថៃរងនូវភាពរអាក់រអួលរាប់សប្ដាហ៍រួចស្រាប់ទៅហើយ មុនសង្រ្គាម​ឈ្លានពាន​របស់ថៃមកលើ​កម្ពុជាផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ហើយ​ស្ងប់ទៅវិញ​ ៥ ថ្ងៃក្រោយ​មក​។ យ៉ាងណា​មិញ ការបិទព្រំដែន​ជាឯកតោភាគីរបស់ថៃ រាប់តាំងពីដើមខែមិថុនា ដែល​​ទាញ​ចំណាត់ការតបត​ដូចគ្នា​ពី​កម្ពុជា បាន​បង្កការរាំងស្ទះ​ដល់ដំណឹកជញ្ជូនទំនិញ​ម៉ាកយីហោថៃចូលកម្ពុជា ដែ​លតម្រូវឱ្យអាជីវកម្ម​ថៃផ្លាស់ប្ដូរទៅរកផ្លូវដឹកជញ្ជូនកាត់តាមឡាវ និងផ្លូវទឹក ហើយត្រូវចំណាយច្រើនជាងមុន ខណៈបរិមាណទំនិញ​ក៏ធ្លាក់ចុះ។

ឥឡូវនេះ ផលប៉ះពាល់បាន​ចូលមកដល់កម្រិតធ្ងន់ធ្ងរថ្មី ដោយ​ទំនុកចិត្តរបស់អ្នកប្រើប្រាស់កម្ពុជាបាន​ធ្លាក់ចុះខ្លាំង។ ​ការប្រើប្រាស់ផលិតផល ឬសេវាកម្មថៃ បាន​ក្លាយជាប្រធានបទរសើប ក្នុងបរិបទជម្លោះ ដែល​បង្កជា​ចលនាពហិការក្នុងចំណោម​ពលរដ្ឋកម្ពុជាជាច្រើន​ ក្រោមស្លាកថា «អាជីវកម្ម​ថៃ រួមចំណែកដល់ទំនើបកម្មសព្វាវុធ ដែល​យកមកឈ្លាន​ពាន​កម្ពុជា» និងស្មារតីជំរុញផលិតកម្មក្នុងស្រុកជំនួស​។

ដោយបញ្ហា​កាន់តែរីកធំសម្រាប់ម៉ាកយីហោថៃ កាសែត The Nation បាន​ចុះផ្សាយថា ម៉ាកយីហោថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជាបានផ្អាក​ការធ្វើ​ទីផ្សារ ​ហើយ​ក្រុមហ៊ុនដែល​គ្រោង​ចូលទីផ្សារ​កម្ពុជា បាន​ពន្យារពេល​បើក​ដំណើរការរបស់​ខ្លួន​រហូតដល់លក្ខខណ្ឌមានស្ថេរភាពឡើងវិញ​។

ត្អូញត្អែរពីផល​វិបាក នាយកគ្រប់គ្រងក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ លោក Romtham Sathientham ​បាន​និយាយថា ការបិទព្រំដែន​បាន​ធ្វើឱ្យ​ប៉ះពាល់ដល់ការនាំចេញមកកម្ពុជា ដែលជាទីផ្សារដ៏សំខាន់បំផុត​​មួយ​របស់​ក្រុមហ៊ុន ខណៈការដឹកជញ្ជូនត្រូវបាន​ផ្ទេរទៅតាមផ្លូវទឹក​​។ ក្រោមស្ថានភាព​បច្ចុប្បន្ន ក្រុមហ៊ុនខារ៉ាបាវ បាន​ត្រៀមខ្លួន​សម្រាប់សេណារីយ៉ូផ្សេងៗ ដែលអាក្រក់បំផុតគឺការបិទការនាំចូលមកកម្ពុជាទាំងស្រុង ដែលធ្វើឱ្យ​ការលក់នៅកម្ពុជាអាចត្រូវផ្អាក​ក្នុងរយៈពេល​ ២ ខែ។ ​

ក្រុមហ៊ុនថៃផ្សេងៗទៀតវិញ​ បាន​ផ្អាកសកម្មភាព​ធ្វើទីផ្សារ ឬការផ្សព្វផ្សាយ​សម្រាប់ទីផ្សារកម្ពុជា ទាំងនៅក្នុងស្រុកថៃ និងកម្ពុជាផ្ទាល់។

មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុន ខារ៉ាបាវ ម្នាក់បាន​និយាយថា ការផ្សព្វផ្សាយតាមទូរទស្សន៍របស់ក្រុមហ៊ុនត្រូវផ្អាកទាំងស្រុង ប៉ុន្តែរំពឹងថា ទំនុកចិត្តអ្នកប្រើប្រាស់នឹង​ប្រសើរឡើងវិញក្នុងរយៈពេលចន្លោះពី ៦-១២ ខែខាងមុខ ដោយសារតែ «ប្រជាជន​កម្ពុជា​ចូល​ចិត្ត​ផលិតផល​ថៃ ​ដូចគ្នា​នឹង​ប្រជាជន​ថៃ​ឱ្យ​តម្លៃ​ទំនិញ​ជប៉ុន​»។

ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មអន្តរជាតិ​ នៅក្រុមហ៊ុនធ្វើទីផ្សារ Media Intelligence Group លោក Wichit Kunkongkaphan បាន​និយាយអំពីការផ្អាកការធ្វើទីផ្សារ ដោយថា៖ «ឥឡូវនេះ អតិថិជនជា​ម្ចាស់ម៉ាកយីហោថៃរបស់យើង ដែលមាន​​ប្រតិបត្តិការនៅ​កម្ពុជា បានបញ្ឈប់អ្វីៗទាំងអស់ ដោយសារស្ថានភាពមានភាពរសើបខ្លាំង។ ថាតើការចំណាយនឹង​បន្តនៅខែក្រោយនោះ គឺពិបាកក្នុងការទស្សន៍ទាយណាស់ ដោយ​វាអាស្រ័យលើរបៀប​វិវត្តន៍​របស់ស្ថានការណ៍»។

លោក​បន្ថែមថា ម៉ាកយីហោដែលរងផលប៉ះពាល់ជាងគេរួមមាន ភេសជ្ជៈ សម្ភារសំណង់ និងទំនិញ​លក់រាយ។ លើសពីនេះ សូម្បី​តែ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​កំណត់គោលដៅលើប្រជាជន​កម្ពុជា​​នៅ​ថៃ ​ក៏​ត្រូវ​បាន​​ផ្អាក​ផងដែរ ជាពិសេស​ក្នុង​វិស័យ​ធនាគារ សេវា​ហិរញ្ញវត្ថុ ទូរគមនាគមន៍ និង​ទូរសព្ទ​ដៃ។

លោក​Kunkongkaphan បាន​សម្ដែងការព្រួយបារម្ភថា ស្ថានភាពបច្ចុប្បន្ននេះ នឹង​ធ្វើឱ្យ​ថៃខាតបង់ផ្នែកប្រកួតប្រជែង ទៅឱ្យ​ក្រុមហ៊ុនមកពីប្រទេសវៀតណាម ឬចិន​។

ប៉ុន្តែផលប៉ះពាល់ មកលើសពីនេះទៅទៀត ដែលនោះគឺពាក់ព័ន្ធនឹង​កង្វល់កង្វះកម្លាំងពលកម្ម​ក្នុងចំណោមវិស័យផលិតកម្មថៃ ក្រោយ​ពលករកម្ពុជាជិត ៩០០ ០០០ នាក់ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ដោយ​សារតែកង្វល់សុវត្ថិភាព​នៅ​ថៃ ក្នុងបរិបទជម្លោះព្រំដែន (យោងតាមរបាយការណ៍ពីក្រសួងការងារកម្ពុជា គិតត្រឹមថ្ងៃទី ៨ សីហា)។ ការណ៍នេះ បង្កក្ដីបារម្ភលើវិស័យជាច្រើន រាប់តាំងពីកសិកម្ម សំណង នេសាទ និងរោងចក្រផលិតកម្ម ខណៈថៃត្រូវប្រឈមមុខ​នឹងផលវិបាក​ក្នុងការរកពលករពីប្រទេសដទៃដើម្បីជំនួស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម