Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ណាត់​ជួប ហ្សេលេនស្គី នៅទីក្រុងមូស្គូ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយ​ថា លោកយល់ព្រម​ជួបជាមួយសមភាគី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅទីក្រុងមូស្គូ ដោយលើកឡើងពីការលើកទឹកចិត្តពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅរដ្ឋអាឡាស្កាកាលពីខែមុន។

លោក ពូទីន និង​លោក ហ្សេលេនស្កី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង​កាល​ពី​ថ្ងៃ​ទី​៣​កញ្ញា​ថា «ខ្ញុំមិនដែលបដិសេធរឿងនេះទេ ប្រសិនបើកិច្ចប្រជុំត្រូវបានរៀបចំយ៉ាងល្អ ហើយអាចនាំទៅរកលទ្ធផលវិជ្ជមានមួយចំនួន។ ដូណាល់ (ត្រាំ) បានសួរខ្ញុំថាតើខ្ញុំអាចរៀបចំកិច្ចប្រជុំបែបនេះឬអត់។ ខ្ញុំបានឆ្លើយថា បាទ វាអាចទៅរួច។ ទីបំផុតប្រសិនបើ ហ្សេលេនស្គី រួចរាល់ហើយ អនុញ្ញាត​ឲ្យ​គាត់មកទីក្រុងមូស្គូ បន្ទាប់មកកិច្ចប្រជុំនឹងប្រព្រឹត្តទៅ»។

មេ​ដឹក​នាំ​រុស្ស៊ី បាន​លើក​ឡើង​​ថា លោកជឿថាដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែននៅតែអាចធ្វើទៅបាន។ លោកបានរំលឹកឡើងវិញនូវសំណើមុនរបស់រុស្ស៊ីក្នុងឆ្នាំ​២០២២ ដែលលោកនិយាយថាបានអំពាវនាវដល់ទីក្រុង​កៀវ​​ឲ្យ​គោរព «ជម្រើសរបស់ប្រជាជនដែលរស់នៅក្នុងភាគអាគ្នេយ៍នៃ​ប្រទេស​អ៊ុយក្រែន» និងដកកងទ័ពចេញពីតំបន់ដែលមានការប្រកួតប្រជែង ហើយ​បញ្ចប់​ជម្លោះ​ភ្លាមៗ។

លោក​បាន​ស្នើ​ឲ្យ​មាន​ឱកាស​សម្រាប់​ការ​ទូត​ជាថ្មី​ក្រោម​ការ​ដឹកនាំ​របស់​លោក ត្រាំ។ លោក ពូទីន បាននិយាយថា «យើងឃើញមិនត្រឹមតែការអំពាវនាវរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែជាបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការស្វែងរកដំណោះស្រាយនេះ»។ យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​ការ​លើក​ឡើង​អំពី​កិច្ច​ប្រឹងប្រែង​ការទូត លោក ពូទីន ក៏​បាន​ព្រមាន​ផង​ដែរ​ថា ប្រសិនបើគ្មានការរីកចម្រើន​ទេ រុស្ស៊ីនឹង«ត្រូវដោះស្រាយរាល់កិច្ចការដោយមធ្យោបាយប្រដាប់អាវុធ»។

នៅពេលត្រូវ​គេ​សួរ​នាំ​អំពីការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុងមូស្គូ លោក ពូទីន បានឆ្លើយ​ថា មិនមានផែនការណាមួយកំពុងស្ថិតក្នុងដំណើរការ​នោះឡើយ ប៉ុន្តែការអញ្ជើញនៅតែ​អាច​កើតមាន។

ប្រធានាធិបតីរុស្ស៊ីក៏បានឆ្លើយតបទៅនឹងការចោទ​ប្រកាន់​នាពេលថ្មីៗនេះរបស់លោក ត្រាំ ដែលថា រុស្ស៊ី ចិន និងកូរ៉េខាងជើង កំពុងឃុបឃិតគ្នា​ប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយនិយាយថា «មនុស្សគ្រប់គ្នាដឹងថា ត្រាំ ចូលចិត្ត​លេងសើច»។ លោក​បាន​សង្កត់​ធ្ងន់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​​៤​​ថ្ងៃ​របស់​លោក​ទៅ​ប្រទេស​ចិន «​មិន​ដែល​មាន​នរណា​ម្នាក់​បង្ហាញ​ការ​វិនិច្ឆ័យ​អវិជ្ជមាន​ណា​មួយ​ទាក់​ទង​នឹង​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន​ឡើយ» ហើយ​អ្នក​សន្ទនា​ទាំង​អស់​បាន​គាំទ្រ​ដល់​ការ​បន្ត​ការ​ចរចា៕

ដោយ៖ ឈាង

ចុចអាន៖ ពូទីន៖ រុស្ស៊ី នឹងសម្រេចបានគោលដៅយោធាទាំងអស់ បើអ៊ុយក្រែន មិនឯកភាពលើកិច្ចព្រមព្រៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម