ព័ត៌មានអន្ដរជាតិ
ប្រជាជន ប៉ាឡេស្ទីន កំពុងជួបទុក្ខវេទនាថ្មីមួយទៀត ក្រៅពីការទម្លាក់គ្រាប់បែករបស់ អ៊ីស្រាអែល
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារបាននាំមកនូវក្តីបារម្ភ និងបញ្ហាប្រឈមថ្មីបន្ថែមទៀតសម្រាប់ប្រជាជនប៉ាឡេស្ទីន ស្របពេលដែលភាគច្រើននៃប្រជាជនទាំងនោះក៏កំពុងគ្មានផ្ទះសម្បែង និងរស់នៅក្នុងតង់បណ្តោះអាសន្ន បន្ទាប់ពីការទម្លាក់គ្រាប់បែកមិនប្រណីដៃអស់រយៈពេលជាច្រើនសប្តាហ៍ពីសំណាក់កងកម្លាំងអ៊ីស្រាអែល ។
រដូវវស្សាបានចូលមកដល់ ហើយហានិភ័យនៃការជន់លិចក្នុងតំបន់ក៏ស្ថិតក្នុងការប្រកាសអាសន្នផងដែរ ស្របពេលប្រព័ន្ធលូក៏កំពុងរងការខ្ទេចខ្ចីដូចគ្នា ដោយសារតែការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល ដូច្នេះលទ្ធភាពនៃការលិចលង់ប្រជាជន ក៏ដូចជាការរីករាលដាលនៃជំងឺរាតត្បាត រឹតតែធ្ងន់ធ្ងរឡើងៗ ។
នៅឯជម្រករបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ភ្លៀងធ្លាក់ជោគជាំបង្កជាប៉ះពាល់ ក៏ដូចជាជំងឺផ្សេងៗ ស្របពេលដែលអង្គការសុខភាពពិភពលោក (WHO) ក៏បានរាយការណ៍ដែរថា រហូតមកដល់ពេលនេះ ប្រជាជនប៉ាឡេស្ទីនកំពុងប្រទះករណីរាគរូសច្រើនជាង ៣០,០០០ ករណី ខណៈដែលកន្លងមកមានត្រឹមតែ ២,០០០ ករណីប៉ុណ្ណោះ ។
កាលពីសប្ដាហ៍មុន WHO ក៏បាននិយាយផងដែរថា តំបន់ហ្គាហ្សាប្រឈមមុខនឹងការកើនឡើងហានិភ័យនៃការរីករាលដាលជំងឺរាតត្បាតផ្សេងៗ ដោយសារការទម្លាក់គ្រាប់បែកតាមអាកាសរបស់អ៊ីស្រាអែល បានដុតកម្ទេចដល់ប្រព័ន្ធសុខាភិបាល ខណៈលទ្ធភាពប្រើប្រាស់ទឹកស្អាតរបស់ប្រជាជនដែលកំពុងរស់នៅកកកុញក្នុងតង់បណ្ដោះអាសន្ន ក៏នៅមានកម្រិតទៅទៀត ។
នេះគឺជាបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ប្រជាជនប៉ាឡេស្ទីន ខណៈដែលបច្ចុប្បន្នក៏កំពុងរស់នៅយ៉ាងវេទនារួចទៅហើយ ដោយសារតែប្រតិបត្តិការវាយបករបស់កងកម្លាំងអ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ និងកន្លែងស្នាក់នៅ បន្ទាប់ពីក្រុមប្រដាប់អាវុធហាម៉ាសធ្វើការវាយឆ្មក់ឆ្លងព្រំដែនចូលមកអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១១,៣០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៩,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


