Connect with us

ព័ត៌មានអន្ដរជាតិ

ណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត

បានផុស

នៅ

សង្រ្គាមនៅតំបន់ហ្គាហ្សា ហាក់បីដូចជាមិនទាន់មានពន្លឺសន្តិភាពពិតប្រាកដ នៅឡើយទេ បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាដ៏ផុយស្រួយមួយ ត្រូវបានបង្កើតឡើង កាលពីខែតុលាកន្លងទៅ ក៏ដោយ។ ថ្មីៗនេះ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល បានចេញមកទទួលស្គាល់ជាសាធារណៈថា បច្ចុប្បន្ននេះ កងទ័ពរបស់លោក បានវាយលុក និងគ្រប់គ្រងទឹកដីហ្គាហ្សាអស់ទៅហើយ រហូតដល់ទៅ ៦០ភាគរយឯណោះ។ នេះ​បើយោងតាម​​សារព័ត៌មាន TRT World ចុះផ្សាយ​ថ្ងៃសុក្រ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៦។

តំបន់​ហ្គាហ្សា (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលធ្វើឱ្យពិភពលោកកាន់តែចាប់អារម្មណ៍ខ្លាំង គឺលោកបានបង្ហើបពីផែនការមហិច្ឆតាបន្តទៀត គឺការជំរុញឱ្យមានការគ្រប់គ្រងទឹកដីនេះឱ្យបានរហូតដល់ ៧០ភាគរយ ដែលទង្វើនេះ គឺកំពុងតែដើរផ្ទុយស្រឡះពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល Channel 12 បានរាយការណ៍ថា នៅក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃព្រហស្បតិ៍ លោក ណេតាន់យ៉ាហ៊ូ បានថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្បាស់ៗថា អ៊ីស្រាអែល កំពុងតែក្តោបក្តាប់ដីហ្គាហ្សាបាន ៦០ភាគរយនៅក្នុងដៃ ហើយលោកបានបញ្ជាឱ្យកងកម្លាំងបន្តដំណើរឆ្ពោះទៅមុខ ដើម្បីដណ្តើមគ្រប់គ្រងឱ្យបានដល់ ៧០ភាគរយ។ យ៉ាង​ណាមិញ លោកនាយករដ្ឋមន្ត្រីរូបនេះ មិនបានពន្យល់លម្អិត ឬប្រាប់ពីវិធីសាស្ត្រថា តើអ៊ីស្រាអែលនឹងត្រូវធ្វើដូចម្តេច ដើម្បីសម្រេចផែនការពង្រីកទឹកដីថ្មីនេះឡើយ។

លោក ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)

រឿងរ៉ាវនៅពីក្រោយការរំកិលព្រំដែននេះ បើក្រឡេកទៅមើលកាលពីខែតុលាឆ្នាំមុន កងទ័ពអ៊ីស្រាអែល ធ្លាប់បានប្រកាសថា ពួកគេគ្រប់គ្រងទឹកដីហ្គាហ្សាបានតែ ៥៣ភាគរយប៉ុណ្ណោះ បន្ទាប់ពីបានដកទ័ពទៅកាន់តំបន់មួយ ដែលគេហៅថា «ខ្សែបន្ទាត់ពណ៌លឿង»។ ខ្សែបន្ទាត់នេះ គឺជាតំបន់បែងចែកបណ្តោះអាសន្ននៅភាគខាងកើតនៃហ្គាហ្សា ដែលខណ្ឌដាច់រវាងតំបន់គ្រប់គ្រងដោយយោធាអ៊ីស្រាអែល និងតំបន់ដែលប្រជាជនប៉ាឡេស្ទីន ត្រូវបានអនុញ្ញាតឱ្យរស់នៅ។ កាលណោះ ការរៀបចំនេះ ធ្វើឡើង ក្រោមដំណាក់កាលទីមួយ នៃផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាម ហើយគេរំពឹងថា អ៊ីស្រាអែល នឹងត្រូវដកទ័ពបន្ថែមទៀត នៅក្នុងដំណាក់កាលទីពីរ ដែលបានចាប់ផ្តើម កាលពីខែមករា។

ប៉ុន្តែ អ្វីៗមិនបានដើរទៅតាមការរំពឹងទុកនោះទេ ព្រោះប្រភពពីខាងប៉ាឡេស្ទីន បានអះអាងថា ខ្សែបន្ទាត់ព្រំដែនបណ្តោះអាសន្ននោះ ត្រូវបានអ៊ីស្រាអែលរំកិលរុលទៅទិសខាងលិចជាលំដាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោក Bassem Naim មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បានប្រាប់ថា អ៊ីស្រាអែលបានលួចរំកិលខ្សែបន្ទាត់នោះ ចូលជ្រៅទៅក្នុងទឹកដីហ្គាហ្សាបន្ថែមពី ៨ ទៅ ៩ ភាគរយទៀត ដែលធ្វើឱ្យផ្ទៃដីក្រោមការកាន់កាប់របស់អ៊ីស្រាអែលហក់ឡើងហួសពី ៦០ភាគរយនាពេលបច្ចុប្បន្ន។

ការកាត់រំកិលយកដីនេះ បានធ្វើឱ្យទីធ្លារស់នៅ សម្រាប់ប្រជាជនប៉ាឡេស្ទីន ត្រូវរួញតូចមកនៅត្រឹមតែប្រហែល ៣៨ភាគរយប៉ុណ្ណោះនៃតំបន់ហ្គាហ្សាទាំងមូល។ ស្ថានភាពបែបនេះ បានធ្វើឱ្យវិបត្តិមនុស្សធម៌ ដែលកំពុងតែដុនដាបស្រាប់ ឱ្យកាន់តែធ្លាក់ដុនដាបខ្លាំងឡើងៗ និងបង្កជាក្តីទុក្ខវេទនាយ៉ាងខ្លាំងដល់ប្រជាជន ដែលគ្មានទីជម្រក។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារយ៉ាងសាហាវឃោរឃៅនៅតំបន់ហ្គាហ្សា កាលពីខែតុលា ឆ្នាំ២០២៣ មក មានប្រជាជនប៉ាឡេស្ទីនជាង ៧២ ០០០នាក់ហើយ ដែលបានបាត់បង់ជីវិត និងជាង ១៧២ ០០០នាក់ផ្សេងទៀត បានរងរបួស ដែលភាគច្រើនលើសលប់នៃជនរងគ្រោះទាំងនោះ គឺជាស្ត្រី និងកុមារស្លូតត្រង់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម