Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរាជធានី ដាក់ផែនការជាទ្រង់ទ្រាយធំក្នុងការបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

បានផុស

នៅ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​ផែនការ​ជា​ទ្រង់ទ្រាយ​ធំ​មួយ ក្នុង​ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ដោយ​កំណត់​យក​ទីតាំង​ច្បាស់លាស់​មួយ ហើយ​ផ្តើម​ការ​ត្រួតពិនិត្យ ទីតាំង​ខុន​ដូ ដែល​មាន​ការ​សង្ស័យ​ទាំង​តូច និង​ធំ ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ជាក់ស្ដែង បើ​មាន​បទល្មើស ONLINE SCAMS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់​ចេញ​ជា​ផែនការ​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ២០២៦ ម្សិលមិញ ក្នុង​កិច្ចប្រជុំ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ទាំង ២ ប្រភេទ និង​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ។

លោក ឃួង ស្រេង លើក​ឡើង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) វា​ជា​រឿង​សំខាន់​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​យកចិត្តទុកដាក់ ហើយ​ការងារ​នេះ កងកម្លាំង និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង ១៤ បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​ល្អ​ប្រសើរ រហូត​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ទាំង ONLINE SCAMS និង​ការ​ចាប់​ជំរិត។

លោក ឃួង ស្រេង បន្ត​ថា ជា​ផែនការ​ចំពោះ​មុខ ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) គឺ​អនុវត្ត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ ជា​មួយ​នឹង​ការ​កំណត់​ទីតាំង​ច្បាស់លាស់ ពី​មួយ​ខណ្ឌ​ទៅ​មួយ​ខណ្ឌ ពិសេស​នៅ​តំបន់​ដែល​មាន​ការ​សង្ស័យ។ គ្រប់​ខុន​ដូ​ទាំងអស់ ត្រូវ​តែ​មាន​ការ​ត្រួតពិនិត្យ លើកលែងតែ​ម្ចាស់​ទីតាំង​ខុន​ដូ​ទាំងនោះ​អះអាង​ថា គ្មាន​បទល្មើស និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក ឃួង ស្រេង បញ្ជាក់​ថា ក្រៅពី​បង្ក្រាប ONLINE SCAMS ហើយ ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូចជា ជល់​មាន់ បៀរ អាប៉ោង កន្ទុយលេខ ឆ្នោត​ឡូតូ ជាដើម គឺ ត្រូវតែ​បង្ក្រាប​ឱ្យ​អស់ ព្រោះ​វា​ប៉ះពាល់​ផ្ទាល់​នឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។ ចំពោះ​ការងារ​ការពារ​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់​សាធារណៈ ក៏​ត្រូវ​តែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង ១៤ ផង​ដែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម