ព័ត៌មានអន្ដរជាតិ
តើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
ការថ្លែងសារនយោបាយនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទំនាក់ទំនង រវាងប្រទេសឥណ្ឌា និងអ៊ីស្រាអែល។ នៅក្នុងការឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលបានលើកឡើងថា អ៊ីស្រាអែលកំពុងតែបាត់បង់សម្ព័ន្ធមិត្តដ៏មានឥទ្ធិពលនៅលើពិភពលោក លោក ណេតាន់យ៉ាហ៊ូ បានបដិសេធភ្លាមៗ ដោយបានយកប្រទេសឥណ្ឌាធ្វើជាខ្នងបង្អែកការទូតដ៏សំខាន់មួយ។

លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមិនមែនឯកោនោះទេ ព្រោះពួកគេមានមិត្តដ៏អស្ចារ្យមួយ គឺប្រទេសឥណ្ឌា ដែលមានប្រជាជនរហូតដល់ទៅ ១,៤ពាន់លាននាក់ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាជាតិមួយនេះ។ ផ្អែកតាមរបាយការណ៍ព័ត៌មានពីសារព័ត៌មាន The Hindu លោក ណេតាន់យ៉ាហ៊ូ ថែមទាំងបានលើកឡើងពីការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនឥណ្ឌានៅលើបណ្តាញសង្គម ដូចជា Facebook ជាដើម ដើម្បីបង្ហាញថា អ៊ីស្រាអែលនៅតែមានប្រជាប្រិយភាព និងមានសម្ព័ន្ធមិត្តរឹងមាំ។
តែទោះជាបែបនេះក្ដី សំណួរដ៏សំខាន់ដែលអ្នកវិភាគភូមិសាស្ត្រនយោបាយ កំពុងចោទសួរនោះគឺថា តើការគាំទ្ររបស់ទីក្រុងញូវដេលី ពិតជាមានលក្ខណៈ «ពេញទំហឹង» និងគ្មានលក្ខខណ្ឌ ដូចអ្វីដែលមេដឹកនាំអ៊ីស្រាអែលបានអះអាងមែនដែរឬទេ?
បើតាមការចុះផ្សាយរបស់ TRT World គន្លងនយោបាយការបរទេសរបស់ឥណ្ឌា ពិតជាមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi)។ ឥណ្ឌាបានដើរចេញឆ្ងាយពីគោលជំហរប្រពៃណីរបស់ខ្លួន ដែលកាលពីមុនធ្លាប់តែគាំទ្របុព្វហេតុរំដោះជាតិរបស់ប៉ាឡេស្ទីនយ៉ាងពេញទំហឹង ដោយងាកមកបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅជាមួយអ៊ីស្រាអែលវិញ ជាពិសេសលើវិស័យការពារជាតិ បច្ចេកវិទ្យា និងការប្រឆាំងភេរវកម្ម។ នៅក្នុងសុន្ទរកថាជាប្រវត្តិសាស្ត្រមួយនៅចំពោះមុខសភាអ៊ីស្រាអែល លោក ម៉ូឌី បានប្រកាសយ៉ាងច្បាស់ថា ឥណ្ឌាឈរជាមួយអ៊ីស្រាអែលយ៉ាងរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម បន្ទាប់ពីការវាយប្រហារកាលពីខែតុលា ឆ្នាំ២០២៣។
ភាពជាក់ស្តែងនៃទំនាក់ទំនងនេះ ត្រូវបានបង្ហាញតាមរយៈសកម្មភាពសេដ្ឋកិច្ច និងយោធាជាក់ស្តែង។ ក្នុងអំឡុងពេល ដែលសង្គ្រាមនៅហ្គាហ្សាកំពុងបន្ត អ៊ីស្រាអែលបានជួបប្រទះវិបត្តិឱនភាពកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារតែការហាមឃាត់កម្មករប៉ាឡេស្ទីនមិនឱ្យចូលធ្វើការ។ ក្នុងស្ថានភាពនោះ ឥណ្ឌាបានដើរតួជាអ្នកជួយសង្គ្រោះសេដ្ឋកិច្ចអ៊ីស្រាអែល ដោយបានបញ្ជូនកម្មករសំណង់ និងកសិកម្មឥណ្ឌារាប់ម៉ឺននាក់ទៅកាន់អ៊ីស្រាអែល ដើម្បីជំនួសកន្លែងកម្មករប៉ាឡេស្ទីន។ លើសពីនេះទៀត ឥណ្ឌាក៏ត្រូវបានរាយការណ៍ថាបានបន្តផ្គត់ផ្គង់សមាសភាគយោធា រួមទាំងដ្រូនស៊ើបការណ៍ទំនើបៗទៅឱ្យអ៊ីស្រាអែលផងដែរ ដោយទីក្រុងញូវដេលី បានការពារសកម្មភាពនេះថា ជាការគោរពតាមកិច្ចសន្យាពាណិជ្ជកម្ម និងផលប្រយោជន៍ជាតិ។ នៅលើឆាកអន្តរជាតិវិញ ឥណ្ឌាបានជ្រើសរើសវិធីសាស្ត្រ «បោះឆ្នោតអនុប្បវាទ» (មិនបោះឆ្នោតគាំទ្រ ឬប្រឆាំង) លើសេចក្តីសម្រេចជាច្រើនរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់ ឬការថ្កោលទោសអ៊ីស្រាអែល ដែលនេះជាការជួយសម្រាលសម្ពាធការទូតដល់អ៊ីស្រាអែលមួយកម្រិតធំ។
ប៉ុន្តែ ថ្វីដ្បិតទំនាក់ទំនងរវាងលោក ម៉ូឌី និងលោក ណេតាន់យ៉ាហ៊ូ មើលទៅហាក់ដូចជាមានភាពជិតស្និទ្ធខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកវិភាគមកពីសារព័ត៌មាន Al Jazeera បានកត់សម្គាល់ឃើញថា ឥណ្ឌានៅតែរក្សាទុកនូវ «បន្ទាត់ក្រហម» ផ្ទាល់ខ្លួន និងមិនអាចលះបង់ផលប្រយោជន៍ដទៃទៀត ដើម្បីអ៊ីស្រាអែលទាំងស្រុងនោះទេ។ ឥណ្ឌាគឺជាប្រទេស ដែលមានប្រជាជនកាន់សាសនាឥស្លាមធំជាងគេបំផុតមួយនៅលើលោក ហើយពួកគេក៏ត្រូវរក្សាតុល្យភាពនយោបាយជាមួយបណ្តាប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រពែក្ស និងប្រទេសអ៊ីរ៉ង់ ដែលជាប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏សំខាន់សម្រាប់សេដ្ឋកិច្ចឥណ្ឌា។ ហេតុដូច្នេះហើយ បានជាមន្ត្រីការទូតឥណ្ឌាតែងតែរំលឹកជាថ្មីនូវគោលជំហរផ្លូវការរបស់ខ្លួន គឺការគាំទ្រដំណោះស្រាយរដ្ឋពីរ ដែលមានន័យថា ឥណ្ឌានៅតែចង់ឃើញការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដែលរស់នៅដោយសន្តិភាពទន្ទឹមគ្នានឹងអ៊ីស្រាអែល។
ជាសន្និដ្ឋាន ការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ ថាមានការគាំទ្រយ៉ាងពេញទំហឹងពីឥណ្ឌា គឺត្រូវពាក់កណ្តាល និងខ្វះពាក់កណ្តាល។ វាជាការពិតដែលថា ឥណ្ឌាក្រោមរដ្ឋាភិបាលបច្ចុប្បន្ន បានក្លាយជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏ជិតស្និទ្ធបំផុតមួយ របស់អ៊ីស្រាអែល ដោយមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែ ការគាំទ្រនេះមិនមែនជាការគាំទ្រដោយងងឹតងងល់ ឬលះបង់ផលប្រយោជន៍ជាតិរបស់ឥណ្ឌានោះទេ។ ទីក្រុងញូវដេលី កំពុងលេងល្បែងការទូតយ៉ាងប្រុងប្រយ័ត្នបំផុត ពោលគឺពួកគេជួយអ៊ីស្រាអែលលើផ្នែកបច្ចេកវិទ្យា យោធា និងពលកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខផ្ទាល់ខ្លួន ប៉ុន្តែពួកគេក៏មិនព្រមផ្តាច់ទំនាក់ទំនងជាមួយពិភពអារ៉ាប់ ដើម្បីតែបំពេញចិត្តអ៊ីស្រាអែលទាំងស្រុងនោះដែរ។ ដូច្នេះ ការគាំទ្ររបស់ឥណ្ឌាចំពោះអ៊ីស្រាអែល គឺផ្អែកលើ «ផលប្រយោជន៍ជាក់ស្តែងនិយម» ជាជាងការគាំទ្រតាមបែបមនោគមវិជ្ជាទាំងស្រុងដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ ចង់បាននោះឡើយ៕
អត្ថបទ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


