Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ

បានផុស

នៅ

ការប្រយុទ្ធគ្នានៅខាងមីយ៉ាន់ម៉ា ប៉ុន្មានថ្ងៃមកនេះ អត់ថមថយទេ ដោយកងកម្លាំងរដ្ឋាភិបាល បានបើកប្រតិបត្តិការវាយសន្ធាប់ខ្លាំងឡើងៗ លើទីតាំងកងទ័ពការ៉ែន ហើយចុងក្រោយបំផុតនេះ ថែមទាំងទម្លាក់គ្រាប់បែកជញ្ជ្រំ លាន់កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ គ្រប់គ្នា។

(រូប៖ Amarin)

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះធុន Y-12 និង YAX-130 ទៅទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពជាតិការ៉ែន (KNLA) ស្ថិតក្នុងភូមិ Minlapan នៃស្រុក Myawaddy រដ្ឋ ការ៉ែន។

មីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ៣គ្រាប់ ដោយមួយគ្រាប់ៗ មានទម្ងន់ ២២៧គីឡូក្រាម ហើយឥទ្ធិពលរបស់វា ធ្វើឲ្យលាន់កក្រើក ដល់ភូមិ Ban Mae Ku Luang នៃស្រុក​ Mae Sot ខេត្ត Tak ប្រទេសថៃ ខណៈពលរដ្ឋ នាំគ្នារត់បាតជើងសព្រាត ចូលលេណដ្ឋានទាំងព្រលឹង ចុងសក់។

(រូប៖ Amarin)

មិនត្រឹមប៉ុណ្ណឹង សូម្បីសាលារៀននៅក្នុងខេត្ត Tak ជាច្រើនកន្លែង ក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ ព្រោះតែស្ថានការណ៍ មើលទៅមិនធូរស្រាល ក្នុងពេលឆាប់ៗនេះឡើយ។

ហេតុការណ៍នេះ កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសិស្សសាលាថៃ នៅក្នុងខេត្តនេះ ត្រូវជម្លៀសជាបន្ទាន់ បន្ទាប់ពីគ្រាប់ផ្លោង ហោះមកពីខាងមីយ៉ាន់ម៉ា ធ្លាក់ចូលទីធ្លាសាលារៀនរបស់ពួកគេ។

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ សិស្សសាលា Ban Mae Kon Ken ក្នុងភូមិ Huai Mahawong នៃឃុំ Mahawan ស្រុក Mae Sot ខេត្ត Tak បានជម្លៀសចេញជាបន្ទាន់ ទៅកាន់កន្លែងសុវត្ថិភាព ដោយសារតែគ្រាប់ធ្លាក់ចូល ប៉ុន្តែមិនផ្ទុះ ធ្វើឲ្យផ្អើលឆោឡោ។

សម្រាប់សិស្សដែលជម្លៀសចេញ មន្ត្រីមូលដ្ឋាន បានរៀបចំកន្លែងសិក្សាបណ្តោះអាសន្ន ដូចជាឲ្យរៀននៅសាលាឆទានក្នុងវត្ត និងតាមសហគមន៍ក្នុងភូមិ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម