Connect with us

ព័ត៌មានជាតិ

អង្គការ​មូល​និធិ​ប្រាសាទ​ពិភព​លោក​បន្ត​គម្រោង​ជួស​ជុល​ប្រាសាទ​ភ្នំបាខែង​

បានផុស

នៅ

អង្គការ​មូលនិធិប្រាសាទ​ពិភពលោក ​ឬ ​Wold Monuments Fund ​ហៅ​កាត់​ថា ​WMF​ កំពុង​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ ដើម្បី​ជួសជុល​ជ្រុង​ខាង​លិច​ប្រាសាទ​ភ្នំបាខែង​ ដោយ​រំពឹង​ថា​នឹងប​ញ្ចប់​គម្រោង​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០២៩​។​

លោក ​ជីវ ភិរម្យ ​ប្រធាន​បច្ចេកទេ​ស​គម្រោង​ជួស​ជុល​ប្រាសាទ​ភ្នំបាខែង ​នៃ​អង្គការ WMF បាន​ឱ្យ​ដឹង​ថា ​គម្រោង​ជួស​ជុល​ជ្រុង​ខាង​​លិច ​បាន​ចាប់​ផ្តើម​ដំណើរ​​កា​រ​ពី​ឆ្នាំ​២០២៦​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ​២០២៩។ ​លោក​បាន​ពន្យល់​ថា​ ក្រុម​ការងារ​បាន​ជួស​ជុល​ផ្នែក​កម្រាល​នៅតាម​ជាន់ទាំង​បួន ​ដែល​តាង​ដោយ​អក្សរ​ F (ជាន់ក្រោម) ​និង​រហូត​ដល់​អក្សរ​ C ​ដែល​ជា​ជាន់​ទី​បួន​។​ នេះ​ជា​ដំណាក់​កាល​ទី៣ ​នៃ​គម្រោង​ជួស​ជុល​ប្រាសាទ​ភ្នំបាខែង ​ខណៈ​ដែល​អង្គការ ​WMF​ បាន​ចូល​ខ្លួន​ចូល​រួម​អភិរក្ស​ប្រាសាទ​នេះ​តាំង​ពី​ឆ្នាំ​២០០៤​មក​។ ​ចាប់​ពី​ឆ្នាំ២០០៤ ​ដល់​ឆ្នាំ ​២០០៧ ​WMF​ បាន​ចូល​មក​សិក្សា​ស្រាវ​ជ្រាវ ​និង​ធ្វើ​គម្រោង​ជួស​ជុល​សាកល្បង ​នៅ​ជាន់​F ​ជ្រុង​ខាង​ត្បូង​ឈៀង​ខាង​លិច​។​ ដំណាក់​កាល​ទី២ ​ពី​ឆ្នាំ២០០៨ ​និង​បញ្ចប់​នៅ​ឆ្នាំ​២០១៩​ ដោយ​បាន​ជួស​ជុល​ចាប់​ពី​ពាក់​កណ្តាល​ជណ្តើរ​ខាង​ជើង ​និង​ខាង​ត្បូង​ទៅ​ជ្រុង​ខាង​កើត ​ហើយ​ក្នុង​គម្រោង​នោះ ​ក៏​បាន​ធ្វើ​កំណាយ​ រួម​នឹង​ការ​អភិរក្ស​មួយ​ចំនួន​ផង​។ ​រីឯ​ដំណាក់​កាល​ទី​៣ ​ចាប់​ពី​ខែ ​សីហា ​ឆ្នាំ២០១៩ ​រហូត​ដល់​ឆ្នាំ២០២៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ ​មក​ដល់​បច្ចុប្បន្ន​ គម្រោង​ជួស​ជុល​ប្រាសាទ​ភ្នំ​បាខែង​ទាំង​មូល​ សម្រេច​បាន​ប្រមាណ ៧៥ភាគរយ​ហើយ ក្នុង​នោះ​ការងារ​ជួស​ជុល​នៅ​ជ្រុង​ខាង​លិច​ កំពុង​ដំណើរ​ការ​ជួសជុល​បាន​ប្រហែល ២៥ភាគរយ។ ចំពោះ​ស្ថាន​ភាពការ​ខូច​ខាត​នៅ​ជ្រុង​ខាង​លិច​ អ្នក​ជំនាញ​ពន្យល់​ថា ​មាន​ការ​ស្រុត​គ្រឹះ ​ថ្ម​ងាក​ចេញ​ពី​គ្នា ​និង​មាន​ការ​ដួល​រលុះ​ថ្ម​នៅ​ផ្នែក​ជញ្ជាំង​ និង​ចម្លាក់​តោ។ ​ក្រៅពី​ជួស​ជុល​ពង្រឹង​ឡើង​វិញ ​ក្រុម​ការងារ​ក៏​បាន​ពង្រឹង​ថ្ម​ភ្នំ​ ដែល​ខ្លះ​បាន​ប្រេះ ​និង​មាន​ការ​ពុកផុយ ដោយប្រើបច្ចេកទេសមួយចំនួនដើម្បីឱ្យវារឹងមាំឡើងវិញ។

លោក គង់ សាវបុត្ត នាយកប្រចាំប្រទេសនៃអង្គការ WMF បានបង្ហាញពីមោទកភាព ក្នុងនាម​ស្ថាប័ន​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​រួម​ចំណែក​ជួយ​ជួស​ជុល​ប្រាសាទ​មួយ​ចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ។ ចាប់​ពី​ឆ្នាំ ​១៩៨៩មក WMF បាន​ចូល​រួម​អភិរក្ស និង​ជួស​ជុលប្រាសាទព្រះខ័ន ប្រាសាទ​តាសោម ប្រាសាទ​អង្គរវត្ត​ និង​បច្ចុប្បន្ន​ កំពុង​ជួសជុលប្រាសាទភ្នំបាខែង។

បន្ថែមពីនេះ នាយកប្រចាំប្រទេសរូបនេះក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ ដែល​បានផ្តល់​ទីតាំង​ត្រៀម​កសាង ​មជ្ឈមណ្ឌលព័ត៌មាននៅខាងក្រោមជើងភ្នំបាខែង ដែលគម្រោងកំពុងសិក្សា និងសាងសង់ នាពេល​ដ៏​ឆាប់​ខាងមុខ។ មជ្ឈ​មណ្ឌលនេះ នឹង​តាំង​បង្ហាញ​ពី​ព័ត៌មាន និង​សកម្មភាពនានា នៃ​គម្រោង​ជួស​ជុលប្រាសាទភ្នំបាខែង ដើម្បីឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានដឹង និង​ស្រាវ​ជ្រាវជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម