ព័ត៌មានជាតិ
អនុប្រធានព្រឹទ្ធសភា ថា កម្ពុជាស្រឡាញ់សន្តិភាព តែមិនបោះបង់សិទ្ធិការពារទឹកដីឡើយ
កម្ពុជាស្រឡាញ់សន្តិភាព តែមិនមានន័យថា បោះបង់នូវសិទ្ធិការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួននោះឡើយ។ នេះជាការថ្លែងរបស់អនុប្រធានទី១ព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ ក្នុងពេលចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ។

លោក អ៊ុច បូររិទ្ធ បានលើកឡើងអំពីសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជានិងថៃដែលបាននិងកំពុងអូសបន្លាយមកដល់ពេលបច្ចុប្បន្ននេះ ដោយលោកបានអះអាងពីមូលហេតុដែលបង្កឱ្យមានជម្លោះព្រំដែននេះ គឺដោយសារតែការមិនគោរពតាមស្មារតីឯកសារគតិយុត្តអន្តរជាតិ ដែលប្រទេសទាំងពីរបានឯកភាពគ្នា ជាពិសេសសន្ឋិសញ្ញាឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧ ដោយត្រូវបានបដិសេធដោយភាគីថៃ។ ខណៈភាគីថៃ បានជ្រើសរើសការប្រើកម្លាំងប្រដាប់អាវុធក្នុងការធ្វើសកម្មភាពឈ្លានពានយ៉ាងគឃ្លើនព្រៃផ្សៃលើបូរណភាពទឹកដីកម្ពុជា។

លោក អ៊ុច បូររិទ្ធ បន្តអះអាងថា បើទោះជាមានកិច្ចព្រមព្រៀងគ្នាលើបទឈប់បាញ់ និងគោលការណ៍មួយចំនួន ដើម្បីបន្ធូរបន្ថយភាពតានតឹង សំដៅរិះរកដំណោះស្រាយដោយសន្តិវិធីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែភាគីថៃនៅតែបន្តប្រើប្រាស់កម្លាំងគំរាមកំហែង ក្នុងការចូលកាន់កាប់ដោយខុសច្បាប់អន្តរជាតិលើទឹកដីរបស់កម្ពុជា។
ជាជំហររបស់កម្ពុជា លោកអនុប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលស្រឡាញ់សន្តិភាព ចង់រស់នៅប្រកបដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។ ក៏ប៉ុន្តែសូមកុំយល់ច្រឡំថា ការស្រឡាញ់សន្តិភាពរបស់កម្ពុជា មិនមានន័យថា ជាការបោះបង់សិទ្ធិអធិបតេយ្យក្នុងការការពារបូរណភាពដែនដីរបស់ខ្លួននោះទេ។

ក្នុងន័យនេះ លោក បានផ្តាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវោហារសាស្រ្តអុជអាលបំបែកបំបាក់សង្គមជាតិរបស់ជនអគតិមួយចំនួនជុំវិញបញ្ហាជម្លោះព្រំដែនពេលនេះ។ ផ្ទុយទៅវិញ លោក បានលើកទឹកចិត្តឱ្យពង្រឹងមហាសាមគ្គីជាតិកាន់តែរឹងមាំបន្ថែមទៀតក្នុងកាលៈទេសៈប្រទសជាតិដែលកំពុងប្រឈមទៅនឹងហានិភ័យនៃអំពើឈ្លានពានរបស់ប្រទេសជិតខាង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


