ព័ត៌មានជាតិ
លោក សុខ ប៉ូ ៖ សកម្មភាពបរិច្ចាគឈាមចាប់ផ្តើមផុលផុសឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ១៩ធូរស្រាល
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួងស្ថាប័នក្រុមហ៊ុននិងប្រជាពលរដ្ឋបានចាប់ផ្តើមផុលផុសបណ្តើរៗឡើងវិញហើយ ក្រោយស្ថានភាពជំងឺកូវីដ១៩ធូរស្រាលរួចមក។

ថ្លែងប្រាប់អ្នកសារព័ត៍មានបន្ទាប់ពីចូលរួមកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ “សាមគ្គីភាព នៃវីរជនបរិច្ចាគឈាម”សហការរៀបចំដោយ ក្រុមហ៊ុន វីតាល់ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែកក្កដា នេះ លោកវេជ្ជបណ្ឌិតបានបន្តថា ប៉ុន្តែសកម្មភាពការចូលរួមបរិច្ចាគឈាមនេះនៅមិនទាន់មានការផុលផុសដូចឆ្នាំ២០១៩ដែលមិនមានការឆ្លងរាតត្បាតជំងឺកូវីដ១៩នោះទេ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «ប្រជាពលរដ្ឋយើងទើបតែចាកចេញពីការភ័យខ្លាចនៃការរាតត្បាតជំងឺកូវីដ១៩។ អីចឹង
បើសិននិយាយថា ឱ្យប្រជាពលរដ្ឋយើងមានស្មារតីចូលរួមបរិច្ឆាគឈាមឱ្យបានផុលផុសដូចមុនកូវីដដូចជាអត់ទាន់ដល់ទេ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលនៅតែអនុវត្តនូវវិធានការ៣កុំនិង៣ការពារដើម្បីការពារជំងឺកូវីដដដែល។ អីចឹងយើងមិនអាចធ្វើអ្វីសេរីបានទេដូចមុនយើងអាចរៀបចំព្រឹត្តិការណ៍ធំៗ បានគ្រប់ពេលវេលាតែឥឡូវនេះយើងត្រូវរៀបចំសំរិតសំរាំងដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩»។

យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្ថែមថា នៅក្នុងសប្តាហ៍នេះសកម្មភាពការចូលរួមបរិច្ឆាគឈាមពីសំណាក់បុគ្គលិក យុវជននៅតាមស្ថាប័ន វិទ្យាស្ថាននិងក្រុមហ៊ុននានាមានការផុលផុសច្រើន។ លោកបានបញ្ជាក់ថាជាក់ស្តែងម្សិលមិញរៀបចំនៅកាកបាទក្រហមកម្ពុជាហើយនៅថ្ងៃនេះវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC ) និងក្រុមហ៊ុនវីតាល់បានរៀបចំមហាព្រឹត្តិការណ៍បរិច្ចាកឈាមទ្រង់ទ្រាយធំជាថ្មីក្រោយខកខានដោយកូវីដ១៩ដោយមានការចូលរួមពីនិស្សិតនិងបុគ្គលិកក្រុមហ៊ុនរាប់រាយនាក់។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវការស្តុកឈាមដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា និងស្របជាមួយចំនួនអ្នកបរិច្ចាគឈាមមានការធ្លាក់ចុះ និងតម្រូវការឈាមកើនឡើងជាលំដាប់ ។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ការបន្តរួមសហការជាមួយ វីតាល់ និងពង្រីកដៃគូថ្មីមួយទៀតគឺ
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានឹងចូលរួមក្នុងការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តព្រមជាមួយគោលបំណងធានាបាននូវការផ្គត់ផ្គង់ឈាមដោយសុវត្ថិភាពក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលាដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត ។

លោកស្រី ជឹង សុគន្ធាវី, អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែងនូវការអំណរគុណ ជូនចំពោះ ថ្នាក់ដឹកនាំ និងនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានចូលរួមជាដៃគូសហការរៀបចំព្រឹត្តិការណ៍ សម្រាប់ឆ្នាំនេះ និងចូលរួមគាំទ្រគ្រប់សកម្មភាពរបស់វីតាល់ជាដរាប។ លោកស្រីបានបន្ថែមថា ទោះបីជាកម្មវិធីនេះ
ត្រូវបានធ្វើឡើងក្នុងខណៈដែលស្ថានភាពក្នុងស្រុក សហគមក្នុងតំបន់ក៏ដូចជាពិភពលោកកំពុងមានចរន្តនៃការវិលត្រលប់មកវិញ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្តី, វីតាល់ និង វិទ្យាស្ថាន NPIC បានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំឲ្យមានឡើងវិញ នូវការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន តាមគន្លងប្រក្រតីភាពថ្មី ។

លោក មួង ផាស៊ី នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍បរិច្ចាគឈាមទ្រង់ទ្រាយធំលើកទី១ ដែលវិទ្យាស្ថានបានរៀបចំសហការជាមួយវីតាល់។ លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះដោយមើលឃើញពីតម្រូវការស្តុកឈាមមានការកើនឡើងជាលំដាប់ គួបផ្សំជាមួយដៃគូយុទ្ធសាស្រ្ត របស់យើងគឺ វីតាល់ផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះវិទ្យាស្ថានបានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមសហការរៀបចំផ្សព្វផ្សាយ និងប្រមែលប្រមូលសាស្រ្តាចារ្យ និងនិស្សិតចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាមួយបុព្វហេតុរួម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


