ព័ត៌មានជាតិ
អាណត្តិថ្មីនេះ នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ១៥រូបទៀតមាន អាយុក្រោម ៥០ឆ្នាំ
កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលសមាសភាពគណៈរដ្ឋមន្ត្រីថ្មីចំនួន៥៤រូប ក្នុងអាណត្តិទី៧នេះ។ ក្នុងចំណោមសមាសភាពគណរដ្ឋមន្ត្រីអាណត្តិថ្មីចំនួន៥៤រូបនេះ មានសមាជិកគណៈរដ្ឋមន្ត្រីចំនួន១៥រូប គឺមានអាយុក្រោម ៥០ឆ្នាំ ខណៈនាយករដ្ឋមន្រ្តី ឯកឧត្តម ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ មានវ័យត្រឹម ៤៥ឆ្នាំប៉ុណ្ណោះ។

សមាជិកគណៈរដ្ឋមន្ត្រី ១៥រូប ដែលមានអាយុក្រោម ៥០ឆ្នាំ មានដូចជា៖
១/ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ មានវ័យ៤៩ឆ្នាំ។ មុនទទួលបានតំណែងដ៏ធំមួយនេះ លោកកាន់ការជាអគ្គនាយកអគ្គីសនីកម្ពុជារយៈពេល១៥ឆ្នាំ ពោល គឺចាប់ពីឆ្នាំ២០០៨ រហូតមកទល់ដាច់អាណត្តិទី៦។

២/ លោក ហេង សួរ ជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ឌាលវិជ្ជាជីវៈដែលមានវ័យ៤៩ឆ្នាំ។ នៅឆ្នាំ២០១៨ លោក ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងការងារ រហូតមកទល់នីតិកាលទី៧នេះ ទើបទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

៣/ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី មានវ័យ៤៧ឆ្នាំ។ ជាកូនប្រុសពៅរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម លោក ជា សុមេធី កើតនៅខែមិថុនា ឆ្នាំ១៩៧៦។ មុនក្លាយជារដ្ឋមន្ត្រីនៅនីតិកាលទី៧ លោក គឺជាអភិបាលខេត្តព្រៃវែងដែលចូលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៥មក។

៤/ លោក ថោ ជេដ្ឋា មានវ័យ ៤៥ឆ្នាំ ទទួលបានតួនាទីជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅនីតិកាលទី៧នេះ។ នៅនីតិកាលទី៦កន្លងទៅ លោកជារដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម។

៥/ បច្ចុប្បន្នវ័យត្រឹមតែ៤៤ឆ្នាំ លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្តនៅនីតិកាលទី៧នេះផង និងជាឧបនាយករដ្ឋមន្ត្រីផង។ កាលពីនីតិកាលទី៦កន្លងទៅ អ្នកជំនាញនីតិសាស្ត្របញ្ចប់ការសិក្សាមកពីប្រទេសបារាំងរូបនេះ ក៏ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ។

៦/ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វ័យ ៤៤ឆ្នាំ គឺលោក ឌិត ទីណា ។ ក្នុងខែកញ្ញា ឆ្នាំ២០២២ កូនប្រុសរបស់លោក ឌិត មន្ទី អតីតប្រធានតុលាការកំពូលកម្ពុជារូបនេះ ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួស លោក វេង សាខុន ដែលត្រូវដកចេញពីតំណែង។

៧/ លោកស្រី ចម និម្មល វ័យត្រឹម៤៣ឆ្នាំ បានឡើងតួនាទីជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅនីតិកាលទី៧នេះ។ ក្នុងនីតិកាលទី៦កន្លងទៅ កូនស្រីលោក ចម ប្រសិទ្ធ រូបនេះ គឺជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

៨/ រដ្ឋមន្ត្រីក្រសួងផែនការ វ័យ៤៣ ឆ្នាំ លោក ហែម វណ្ណឌី។ នីតិកាលទី៦កន្លងទៅលោក ហែម វណ្ណឌី ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៩/ វ័យ ៤៣ឆ្នាំ លោក សាយ សំអាល់ កូនសម្ដេច សាយ ឈុំ នៅនីតិកាលទី៧នេះ ត្រូវកាន់ការជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផង និងជាឧបនាយករដ្ឋមន្ត្រីផង។ នៅអាណត្តិមុន លោកជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។

១០/ វ័យត្រឹមតែ៤២ឆ្នាំ លោក ស សុខា កូនប្រុសសម្ដេចក្រឡាហោម ស ខេង ត្រូវទទួលតំណែងបន្តពីឳពុក ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង ជាឧបនាយករដ្ឋមន្ត្រីផង។ ខណៈនីតិកាលទី៦ លោកជារដ្ឋលេខាធិការក្រសួងអប់រំ។

១១/ លោក ទៀ សីហា វ័យ៤២ឆ្នាំ កូនប្រុសសម្ដេចពិជ័យសេនា ទៀ បាញ់ ត្រូវបន្តតំណែងដែលឳពុកធ្លាប់កាន់ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ខណៈមុនទទួលតំណែងនេះ លោកជាអភិបាលខេត្តសៀមរាប។

១២/ វ័យ ៤១ឆ្នាំ លោក នេត្រ ភក្ត្រា ត្រូវកាន់ការជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ កាលពីអាណត្តិទី៦ កន្លងទៅ អតីតអ្នកសារព័ត៌មានរូបនេះ គឺជារដ្ឋលេខាធិការក្រសួងបរិស្ថាន។ លោក គឺជាក្មេងកំព្រា ត្រូវផ្ញើរខ្លួននឹងវត្តអារាមក្នុងទីក្រុងភ្នំពេញ ដើម្បីចំណេះវិជ្ជា។ លោកក៏ជាអតីតអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមផងដែរ។

១៣/ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន វ័យត្រឹម៤០ឆ្នាំ។ ចាប់ពីឆ្នាំ២០២០មក លោកជារដ្ឋលេខាធិការក្រសួងការបរទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យលីក្វាន់យូ ប្រទេសសិង្ហបុរី និងបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យប៉េកាំងប្រទេសចិន។

១៤/ លោក ប៉េង ពោធិ៍នា វ័យ៤០ឆ្នាំ ត្រូវទទួលតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅនីតិកាលទី៧នេះ ខណៈនៅនីតិកាលទី៦លោកជារដ្ឋលេខាធិការ។ លោក គឺជាកូនប្រុសរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

១៥/លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានវ័យត្រឹមតែ៤០ឆ្នាំ។ មុនទទួលបានតំណែងជារដ្ឋមន្ត្រីនៅនីតិកាលទី៧នេះ លោក ហ៊ុន ម៉ានី មានអតីតភាពជាលេខាយួរកាតាបផ្ទុកឯកសារជូនឳពុក(សម្ដេចតេជោ) របស់ខ្លួន។

សូមរំលេចថា សមាសភាពរាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺមិនខុសពីអាណត្តិទី៦ឡើយ ពោល គឺសមាសភាពរាជរដ្ឋាភិបាលមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្រ្តី៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង