Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់អនុសាសន៍ ៩ចំណុច ក្នុងឱកាសទិវាវិទ្យុពិភពលោកលើកទី ១៣

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ លោក នេត្រ ភក្រ្តា បានផ្តល់អនុសាសន៍ ៩ចំណុច ដល់ប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជា ក្នុងឱកាសទិវាវិទ្យុពិភពលោកលើកទី ១៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣មក ពិភពលោកប្រារព្ធទិវាវិទ្យុពិភពលោក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយពីសារៈសំខាន់នៃវិទ្យុ លើកទឹកចិត្តដល់អ្នកធ្វើគោលនយោបាយ (ក្រសួងមានសមត្ថកិច្ច) បង្កើត និងផ្តល់លទ្ធភាព ដើម្បីទទួលបានព័ត៌មានតាមរយៈវិទ្យុ និងបង្កើនបណ្តាញ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងចំណោមប្រតិបត្តិករវិទ្យុទាំងអស់។

ក្នុងឆ្នាំ ២០២៤នេះ ទិវាវិទ្យុពិភពលោកលើកទី ១៣ ត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating»។ ប្រធានបទនេះ មានគោលបំណងឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង ១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។

ក្នុងសារអបអរសាទរនៅលើប្រព័ន្ធទំនាក់ទំនងសង្គម លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីនាទីយ៉ាងសំខាន់របស់វិទ្យុ ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងកៀរគរ ការចូលរួមអនុវត្តនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

ដោយទទួលស្គាល់នូវវឌ្ឍនភាពឥតឈប់ឈររបស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធឌីជីថល ដែលបានជះឥទ្ធិពលដល់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដទៃទៀត ឆ្លៀតក្នុងនៃទិវាវិទ្យិពិភពលោកនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍ ៩ចំណុច ជូនប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជាដូចខាងក្រោម៖

១. យកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែកប្រែក្លាយស្ថាប័ន​ព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ ប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ប្រកកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

២. បន្តលើកកម្ពស់ និងកសាងសមត្ថភាពក្នុងការផលិតមាតិកាកម្មវិធីប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។

៣. បន្តរួមគ្នាការពារសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឲ្យបាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន។

៤. បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីចូលរួមអភិវឌ្ឍមធ្យោបាយផ្សព្វផ្សាយនេះ ឲ្យកាន់តែរីកចម្រើន ក្រោមគោលការណ៍នៃការជឿទុកចិត្ត សមភាព វឌ្ឍនភាព និងផលប្រយោជន៍។

៥. ជំរុញការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយបុរាណ ជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ដោយត្រូវយកចិត្តទុកដាក់ ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថល ទៅក្នុងប្រតិបត្តិការរបស់ខ្លួន។

៦. ខិតខំពង្រឹងសមត្ថភាពជាមូលដ្ឋានដល់ពិធីករ-ពិធីការនី និងបង្កលក្ខណៈស្វែងយល់បន្ថែមលើអក្សរសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិជាដើម ដើម្បីជៀសវាងកំហុសឆ្គង ដែលអាចកើតមាននៅពេលផ្សព្វផ្សាយ។

៧. បន្តចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន គ្រោះថ្នាក់ចរាចរ និងការសេពគ្រឿងស្រវឹង។

៨. បន្តលើកកម្ពស់ការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព តាមគ្រប់រូបភាព ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម។

៩. បន្តកិច្ចសហការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មានពីខាងក្រៅ។

បន្ថែមពីលើនេះ លោក នេត្រ ភក្រ្តា ក៏បានលើកឡើងផងដែរពីតួនាទីដ៏សំខាន់ និងមិនអាចកាត់ថ្លៃបានរបស់វិទ្យុ ក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ព្រោះស្ថាប័នវិទ្យុបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ចំណេះដឹងមូលដ្ឋានដល់ប្រជាពលរដ្ឋ។

ដោយមើលយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ស្អិតរមួតរវាងវិទ្យុ និងសន្តិភាព ដើម្បីចូលរួមអបអរទិវាដ៏សំខាន់នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន នឹងរៀបចំការសន្ទនាមតិមួយក្រោមប្រធានបទ៖ «វិទ្យុក្នុងយុគសម័យថ្មី និងការចូលរួមថែរក្សាសន្តិភាព» ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដោយលោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ផុស សុវណ្ណ អគ្គនាយកនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅម៉ោង១១ និង០០ព្រឹក ដល់ ១២ និង០០ថ្ងៃត្រង់។

ដោយឡែក ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់យុវជន ពីសារៈសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសសំរាប់ប្រតិបត្តិករក្នុងស្ថាប័នវិទ្យុបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាជាមួយយុវជន នៅថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខនេះ ក្រសួងព័ត៌មាន នឹងរៀបចំព្រឹតិ្តការណ៍ចំនួន ២ រួមមាន៖ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងកម្មវិធីទស្សកិច្ចសិក្សារបស់និស្សិតទៅកាន់ស្ថានីយ៍វិទ្យុជាតិកម្ពុជា នៅវត្តភ្នំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​ពូថៅ​វាយ​​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​ ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឧកញ៉ា អ៊ឹង វណ្ណ​ម៉ៅ ក្លាយជា​ប្រធាន សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ អាណត្តិ​ទី៣ លើក​ទី​១ ក្រោយពី​មានការ​បោះឆ្នោត​ពេញ​១​ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

របាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលឯករាជ្យ ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង និងមានភាពជាតំណាងគ្រប់គ្រាន់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សន្តិសុខសង្គម១០ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម