ព័ត៌មានជាតិ
គម្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមរបស់ក្រុមហ៊ុន Smart Axiata ជាមួយទឹកប្រាក់វិនិយោគលើសពី៩០លានដុល្លារនឹងចាប់ផ្ដើមឆាប់ៗនេះ
ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់លើសពី៩០ លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនក្នុងឆ្នាំ២០២១នេះ ដោយពង្រីក និងធ្វើឲ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាឲ្យបាននូវស្ថេរភាព និងល្បឿននៃបណ្ដាញអ៊ីនធើណេត សម្រាប់អតិថិជនក្រុមហ៊ុន Smart រាប់លាននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំណុចសំខាន់នៃកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្តាញទំនាក់ទំនងឆ្នាំ២០២១ នឹងពង្រឹងបណ្តាញប្រព័ន្ធ 4G LTE សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស ព្រមទាំងធានាឲ្យបានថា បណ្ដាញទំនាក់ទំនងបានត្រៀមរួចរាល់ពេលរៀបចំដំឡើងប្រព័ន្ធ 5G ដ៏ធំមួយ នៅខណៈពេលដែលរាជរដ្ឋាភិបាលផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់បច្ចេកវិទ្យាដ៏ថ្មីបំផុតនេះ ដែលនឹងផ្ដល់គុណភាពនៃល្បឿនអ៊ីនធើណេតកាន់តែប្រសើរ។
ប្រព័ន្ធទូរគមនាគមន៍ចល័ត គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅកាន់យុគសម័យឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធ 4G មានសារៈសំខាន់សម្រាប់អតិថិជនរបស់យើង ព្រោះវាអាចផ្ដល់ឲ្យពួកគេនូវព័ត៌មានថ្មីៗអំពីជំងឺកូវីដ១៩ ជួយដំណើរប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ការសិក្សាតាមអនឡាញ ធ្វើប្រតិបត្តិការទូទាត់លើទូរស័ព្ទចល័ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។
បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថានីយបណ្តាញចំនួន៣០០០ ជាងទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឲ្យអតិថិជនចំនួន៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន៩១,៥% នៃចំនួនប្រជាជន។

ត្រឹមចុងឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata គ្រោងសាងសង់ស្ថានីយបណ្តាញចំនួន៣៥០ កន្លែងបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាអ៊ីនធើណេតចល័ត ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនង។ លើសពីការសាងសង់ស្ថានីយបណ្តាញថ្មី ក្រុមហ៊ុនក៏មានបំណងអភិវឌ្ឍស្ថានីយបណ្តាញ ដែលមានស្រាប់ហើយ ដើម្បីឲ្យដំណើរការកាន់តែប្រសើរ។ ក្នុងខណៈពេលដែលអតិថិជន Smart បានផ្តើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស Smart ក៏នឹងមានគម្រោងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួននៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មរបស់ក្រុមហ៊ុនជាប្រចាំសម្រាប់អតិថិជនរបស់ពួកយើង តែងតែជាគោលសំខាន់នៃប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន Smart នៅកម្ពុជា ហើយឆ្នាំនេះមិនខុសប្លែកពីឆ្នាំមុនៗឡើយ ថ្វីត្បិតជាមានបញ្ហាប្រឈមជាមួយជំងឺកូវីដ១៩ក៏ដោយ។ បញ្ហាប្រឈមទាំងនេះក៏ជំរុញឲ្យយើងធានាឲ្យបានថាអតិថិជនរបស់យើងអាចពឹងផ្អែកលើបណ្តាញទំនាក់ទំនងរបស់យើង ដើម្បីរក្សាទំនាក់ទំនងយ៉ាងសកម្មជាមួយអ្នកដទៃ ទោះបីពួកគេកំពុងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពក្នុងគ្រាលំបាកនេះក៏ដោយ”។ លោកបន្ថែមថា “ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត អតិថិជននឹងឃើញមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងបណ្តាញទំនាក់ទំនងរបស់ពួកយើង ហើយក្រុមហ៊ុននឹងអាចផ្តល់ជូនបទពិសោធន៍អ៊ីនធើណេតកាន់តែប្រសើរជាងមុន សម្រាប់ការសិក្សាតាមអនឡាញ ការលេងហ្គេម វីដេអូ និងតន្ត្រី”។


ក្រុមហ៊ុន Smart មិនត្រឹមតែវិនិយោគក្នុងការពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគក្នុងការផលិតថាមពលមិនប៉ះពាល់ដល់បរិស្ថាន (Clean energy) ដើម្បីធ្វើប្រតិបត្តិការបណ្តាញទំនាក់ទំនងរបស់ខ្លួន ជាមួយការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ (solar power) ។
ដោយតាំងខ្លួនជាម្ចាស់ជើងឯកឌីជីថលនៅកម្ពុជា និងជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការតាមស្ដង់ដារសីលធម៌ខ្ពស់បំផុត ក្រុមហ៊ុន Smart បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់កំណើនដល់សេដ្ឋកិច្ចសង្គមនៅកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ គិតត្រឹមចុងឆ្នាំ២០២០ ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ចំនួន១,៨៨ ពាន់លានដុល្លារ នៅកម្ពុជា ខណៈពេលដែលក្រុមហ៊ុនក៏បានបានបង់ពន្ធចំនួន៥៦២ លានដុល្លារលើពន្ធអាករ និង កម្រៃនិយ័តកម្មដល់រតនាគារកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


