ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម (វត្តតូប)
នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពោធិព្រឹក្សាខារាម ហៅ «វត្តតូប» ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ៅ ធនិន្ទ អភិបាល នៃគណៈអភិបាល ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។


នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់។ ទន្ទឹមនិងនេះលោកជំទាវបណ្ឌិតបានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារារាម ហៅ “វត្តតូប” នាឱកាសនេះ ជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ទាំងអស់ ដែលបានទទួលនូវសមិទ្ធផលថ្មីៗ ជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងទីវត្តអារាមនេះ។


លោកជំទាវបណ្ឌិតបានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ព្រោះទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្ត ដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដើរតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។ ខណៈនោះលោកជំទាវបណ្ឌិត ក៏សូមបួងសួងដល់វត្ថុសក្កិសិទ្ធ ជួយឃុំគ្រង់ប្រទេសកម្ពុជា ជួបតែសេចក្តីសុខចម្រើន ខណៈដែលប្រទេសជិតខាងកំពុងឃ្លានពានទឹកដីយើង។ លោកជំទាវបានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមគាំទ្រលើកទឹកចិត្តដល់បងប្អូនកងទ័ពជួរមុខ ដែលកំពុងការពារទឹកដី នេះជាកម្លាំងចិត្តមួយ ចំពោះកងទ័ពជួរមុខដែលកំពុងការពារទឹកដី។
ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងជម្រាបរបាយការណ៍ជូន លោកជំទាវបណ្ឌិត និងអង្គពិធីទាំងមូលថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាឱកាសនេះរួមមាន ព្រះវិហារមួយខ្នងដែលមានបណ្ដោយប្រវែង 39,20 ម៉ែត្រ ទទឹងប្រវែង 24,20 ម៉ែត្រ កម្ពស់ 17,60 ម៉ែត្រ, រូបគំនូរបុរាណនៅក្នុងព្រះវិហារ, របងវត្ត, ក្លោងទ្វារ, ផ្លូវបេតុង, បន្ទប់ទឹក, បង្គោលសូឡា, និងសមិទ្ធផលនានាមួយចំនួនទៀត ដោយសរុបជាថវិកាចំណាយអស់ជាង 703,594ដុល្លារ (ចិតសិបម៉ឺនបីពាន់ប្រាំរយកៅសិបបួនដុល្លារអាមរិក)។


លោកបន្តថា សមិទ្ធផលទាំងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺកើតចេញពីសន្តិភាព បើគ្មានសន្តិភាពទេ គឺមិនមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ដោយឡែកសម្រាប់សមិទ្ធផលនានា នៅក្នុងបរិវេណវត្ត”តូប”នេះ គឺក្រោមការផ្ដួចផ្ដើមដឹកនាំកសាងនិងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ចន្ទបុរីវង្ស រួមទាំងព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លាបានចូលរួមកសាងព្រះវិហារ និងសមិទ្ធផលនានានៅក្នុងទីអារម្មណ៍នេះ។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដោយរបបខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពឡើងវិញ និងបានបោះជំហានប្រែក្លាយពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិក នយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បាននាំយកនូវសន្តិភាពជូនប្រទេស និងបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់លើព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
សូមជម្រាបថាក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួន ថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ បច្ច័យកសាងវត្ត និងជូនថវិកាដល់ តាជី-យាយជី យុវជនកាយរិទ្ធ យុវត្តីកាយឫទ្ធិនារីកម្ពុជា យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


