Connect with us

ព័ត៌មានជាតិ

ផ្ទះពលរដ្ឋជាង ៣ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

បានផុស

នៅ

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៣ ៦៧១ ខ្នង រួមជាមួយសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅក្នុងក្រុង ស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើឱ្យអស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតដោយសារជំនន់ទឹកភ្លៀងឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ។ អ្វីដែលសំខាន់ ត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។

ជាមួយគ្នានោះ លោក ប្រាក់ សោភ័ណ  ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម