Connect with us

ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច និង ក្រសួងដែនដី បើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយថ្មី ស្ដីពីលំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យ នៅខេត្តសៀមរាប

បានផុស

នៅ

កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី បានរៀបចំវគ្គសិក្ខាសាលាលើកទី ២ ស្ដីពីគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ នៅខេត្តសៀមរាប ដោយមានការសហការជាមួយរដ្ឋបាលខេត្ត និង អង្គការលំនៅឋានមនុស្សជាតិ-អន្តរជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សាលពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និង ឯកជន មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ ជំនួសឲ្យ គោលនយោបាយស្ដីពីការលើកទឹកចិត្ត និង ការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ ២០១៧។ គោលនយោបាយនេះ ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិស្ដីពីលំនៅឋាន និង ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥។

លោក ហេង សាលពិសិដ្ឋ បានបញ្ជាក់ថា គោលនយោបាយនេះ មានចក្ខុវិស័យសំដៅធ្វើឲ្យប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយសុខុមាលភាព សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូរ ជាពិសេសប្រជាជនដែលមានប្រាក់ចំណូលកម្រិតទាប មធ្យម និង ក្រុមជនងាយរងគ្រោះ ដើម្បីជាអន្តរាគមន៍គាំពារសង្គមទៅតាមហានិភ័យ នៃវដ្ដជីវិតទាំង ៧ ដំណាក់កាល ដែលក្នុងនោះរួមមាន ភាពគ្មានជម្រក និង ជំរុញកំណើនឡើងវិញ នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក សុខ សំអុន អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី មានប្រសាសន៍ដែរថា គោលនយោបាយនេះ បង្កើតឡើងក្នុងគោលបំណងផ្គត់ផ្គង់លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាពសុវត្ថិភាព និង មានការតភ្ជាប់ដល់ប្រជាជនដែលមានចំណូលកម្រិតទាប មធ្យម និង ក្រុមជនងាយរងគ្រោះ និង បំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យសម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្ដែងរបស់សិស្ស និស្សិត កម្មករ-និយោជិត និង អ្នកធ្វើចំណាកស្រុក។ ជាពិសេសគោលនយោបាយនេះ ក៏ដើម្បីជំរុញការអភិវឌ្ឍនគរូបនីយកម្មផងដែរ។

លោកអគ្គនាយករង បញ្ជាក់ថា ដើម្បីសម្រេចគោលបំណងនេះ ឯកសារគោលនយោបាយកំណត់នូវប្រភេទលំនៅឋានដែលនឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ការកំណត់ជម្រើសហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និង ការកំណត់យន្តការសម្រាប់ផ្ដល់ការគាំទ្រ និង ការលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនេះ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយនេះ ដោយចាត់ទុកថា ជាការដោះស្រាយបញ្ហាជាក់ស្ដែងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគេមានលំនៅឋានរស់នៅសមរម្យ មានសុវត្ថិភាព និង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្តសៀមរាបផងដែរ៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម