Connect with us

ព័ត៌មានជាតិ

បណ្ឌិត​ ដៀប សុផល ថា​ពេល​នេះ​មិន​ដូច​ឆ្នាំ​១៩៧៩​ដែល​ឧក្រិដ្ឋកម្ម​របស់​ថៃ​លើ​ជន​ស៊ីវិល​ខ្មែរ​ត្រូវ​គេ​បំភ្លេច​នោះ​ទេ

បានផុស

នៅ

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​លោក​បណ្ឌិត ដៀប សុផល បាន​លើក​ឡើង​ថា​ការ​យក​ជន​ស៊ីវិល​កម្ពុជា​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ទាហាន​ថៃ​កើត​ឡើង​ជា​យូរ​មក​ហើយ​ ជា​ពិសេស​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ពេល​ដែល​ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​គេច​ពី​សង្គ្រាម​។ លោក​ថា​ឆ្នាំ​២០២៥​ ថៃ​មិន​អាច​រួច​ខ្លួន​ពី​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​ដូច​ពី​មុន​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កម្ពុជា​ថ្មី​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា លោក​បណ្ឌិត ដៀប សុផល​​ បាន​ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​ពិភព​លោក​មើល​រំលង​អំពើ​ឧក្រិដ្ឋ​របស់​ថៃ​លើ​ពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ១៩៧៩ ដោយ​សារ​ពេល​នោះ​ស្ថិត​ក្នុង​ដំណាក់​កាល​ដែល​ពិភពលោក​បែង​ចែក​ជា​តំបន់​កុម្មុយនិស្ត និង​តំបន់​លោក​សេរី ហើយ​ថៃ​ពេល​នោះ​បាន​ក្លាយ​ជា​ខែល​ការពារ​ការ​រីក​រាលដាល​នៃ​លិទ្ធិ​កុម្មុយនិស្ត​នៅ​អាស៊ី​អាគ្នេយ៍ ដូច្នេះ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ទុក្ខសោក​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ​។ តែ​លោក​ថា​បច្ចុប្បន្ន​នេះ​គឺ​មិន​អាច​ដូច​ឆ្នាំ​១៩៧៩​ទេ។ ​

លោក​បណ្ឌិត ដៀប សុផល៖ «ខ្ញុំ​ជឿ​ថា​ថៃ​លើក​នេះ​គឺ​មិន​រួច​ខ្លួន​ទេ។ គឺ​នឹង​ទទួល​រង​នូវ​សម្ពាធ​ណាមួយ​ទី១​យើង​ឃើញ​ហើយ​ថា​ឧត្ដមភាព​ថៃ​លើ​សកល​លោក​បាន​ធ្លាក់​ចុះ​។ [..] ហ៊ាន​មិន​ហ៊ាន​ត្រូវ​តែ​ចេញ​ពីព្រោះ​ត្រូវ​តែ​វិនិច្ឆ័យ​ដោយ​តុលាការ​អន្តរជាតិ​ ពេល​ដែល​តុលាការ​អន្តរជាតិ​ធ្វើ​សកម្មភាព​ហើយ​ថៃ​ត្រូវ​តែ​ចេញ​ទទួល​ខុសត្រូវ​អាស្រ័យ​លើ​តុលាការ​កាត់​ក្ដី»

​រម្លឹក​ទៅ​កាន់​ឆ្នាំ​១៩៧៩ ពេល​ដែល​ខ្មែរ​ក្រហម​ដួល​រលំ​ប្រជាជន​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​គេច​ពី​សង្គ្រាម​ ដែល​ពេល​នោះ​ហើយ​ទាហាន​ថៃ​បាន​វាយ​ប្រហារ បាញ់​សម្លាប់ និង​ចាប់​រំលោភ​លើ​ស្ត្រី​ខ្មែរ ដឹក​មនុស្ស​មក​ចាក់​ចោល​នៅ​ភ្នំដងរែក​​​។ មាន​សាក្សី​ជា​ច្រើន​ដែល​បាន​ដឹង​ពី​ព្រឹត្តិ​ការណ៍​ទាំង​នេះ​នឹង​ត្រូវ​បាន​លើក​ឡើង​ជា​រឿយ​ៗ​ពេល​ដែល​ខ្មែរ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។

ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​ ឆ្នាំ២០២៥ ក្រោយ​សម្រេច​បាន​បទ​ឈប់​បាញ់​កង​ទ័ព​ថៃ​បាន​ចាប់​ផ្ដើម​រាយ​បន្លា​លួស​ ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​ផ្ទះ​សំបែង ​ប្រើប្រាស់​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​និង​ព្រះសង្ឃ​ ព្រម​ទាំង​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​ផង។ លើស​ពី​នេះ​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ទាហាន​ថៃ​បាន​ប្លន់​ពលករ​ខ្មែរ​ដែល​ត្រលប់​ពី​ប្រទេស​ថៃ​ និង​បាន​ចាប់​រំលោភ​លើ​យុវតី​ខ្មែរ​ម្នាក់​ថែម​ទៀត​ផង។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្កោល​ទោស​ឧក្រិដ្ឋកម្ម​របស់​ថៃ​ទាំង​នេះ​នឹង​ទាមទារ​ឱ្យ​ថៃ​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ទាំង​នេះ​ និង​ត្រូវ​យក​ជន​ល្មើស​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។ គ.ស.ម.ក បាន​លើក​ឡើង​ថា​ ប្រសិន​ជា​ថៃ​មិន​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​នោះ​ទេ គឺ​បង្ហាញ​ថា​ថៃ​ជា​ប្រទេស​ដែល​គ្មាន​ច្បាប់​ទម្លាប់ និង​ជា​ប្រទេស​ការពារ​ឧក្រិដ្ឋជន​។

ករណី​ដែល​ថៃ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​លើ​ពលរដ្ឋ​ខ្មែរ​នេះ​ក៏​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ចាប់​ផ្ដើម​ប្រមូល​សំឡេង​គាំទ្រ​ដាក់​បណ្ដឹង​ទៅ​កាន់​តុលាការ​ឧក្រដ្ឋកម្ម​អន្តរជាតិ ICC កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា កន្លង​ទៅ​ផង​ដែរ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម