ព័ត៌មានជាតិ
ក្រុងមួយនៅហ្វីលីពីន ចង់សិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុងពិសេសការកាត់ខ្សែកាប្លអុបទិក កប់ក្រោមដី
ភ្នំពេញគឺជារាជធានីដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាទីក្រុងដែលមានសោភ័ណ្ឌភាព មានសណ្ដាប់ធ្នាប់ល្អ ជាទីក្រុងមានភាពវៃឆ្លាត។ ក្រុងម៉ាណដាលូយ៉ុង( Mandaluyong) នៃសាធារណរដ្ឋហ្វ៊ីលីពីន នឹងសិក្សារៀនសូត្រពីរាជធានីភ្នំពេញ លើការរៀបចំក្រុងពិសេស គឺការរៀបចំសណ្ដាប់ធ្នាប់នៃការកាត់ខ្សែកាប្លអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។

នេះជាការលើកឡើងរបស់លោកស្រី ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស ( Carmelita ” Menchie ” Aguilar Abalos ) អភិបាល នៃ គណៈអភិបាល ក្រុងម៉ាណដាលូយ៉ុង ( Mandaluyong ) នៃសាធារណរដ្ឋហ្វ៊ីលីពីន ក្នុងឱកាសលោកស្រី ជំនួបសម្ដែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀល ថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ។

លោកស្រី ខា មេលីតា មែនឈី អាហ្គីឡា អាបាឡូស បានមានប្រសាសន៍លើកឡើងថា ទីក្រុងម៉ាណដាលូយ៉ុង របស់លោកស្រី ជាទីក្រុងតូច តែជាទីក្រុងដែលបានជាប់ចំណាត់ថ្នាក់លេខ២ នៅប្រទេសហ្វីលីពីន មានទំហំត្រឹមតែ២២,២៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅអចិន្ត្រៃយ៍ត្រឹមតែ៤៥ម៉ឺននាក់ប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងមួយនេះ មានប្រជាពលរដ្ឋចេញ ចូលរកស៊ី រហូតទៅដល់២លាន៣សែននាក់ ដែលមានចំនួននេះប្រហាក់ប្រហែលនិងរាជធានីភ្នំពេញដែរ។

លោកស្រីបានបញ្ជាក់ថា ការមកបំពេញទស្សនកិច្ចនិងសម្ដែងការគួរសម នាពេលនេះមានគោលបំណងចង់សិក្សារៀនសូត្រ ពីរាជធានីភ្នំពេញ លើការរៀបចំក្រុង ពិសេសគឺការកាត់ខ្សែកាប្លខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដី។ នេះជាគំរូដ៏ល្អរបស់រាជធានីភ្នំពេញ ដែលនាំឱ្យរាជធានីមួយនេះមានភាពស្រស់ស្អាតនិងឆ្លាតវៃ។
ការមកបំពេញទស្សនកិច្ចនិងសិក្សាស្វែងយល់ រៀនសូត្រពីរាជធានីភ្នំពេញ វាមិនគ្រាន់តែជាការផ្សារភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្សារភ្ជាប់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមកថែមទៀត។

លោកស្រីបន្តថា គំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលកាត់ខ្សែកាបដាក់ទៅក្រោមដី វាមិនត្រឹមតែលើកសោភ័ណភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ។ ប៉ុន្តែវាបានកាត់បន្ថយនូវគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ថែមទៀតផង។ ក្រោយការសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ទីក្រុងម៉ាណដាលូយ៉ុង និងមានភាពស្រស់ស្អាតមានសោភ័ណភាព ជាទីក្រុងដែលមានភាពវ័យឆ្លាត ដូចទីក្រុងភ្នំពេញដែរ។
លោកឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីភូមិសាស្រ្ត ក៏ដូចជាប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ។ ទីក្រុងភ្នំពេញជាទីក្រុងដែលមានប្រវត្តិដ៏សែនជូរចត់ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដោយវាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងរបស់រាជធានីភ្នំពេញ។

ប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យ ប្រទេសមួយនេះមានអាការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។ លោកឃួង ស្រេងបានបន្តថា រាជធានីភ្នំពេញមិនបានទទួលរងនៅការជនលិចដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះទេ ទាំងយ៉ាងនេះគឺដោយសារយើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូក្រោមដីល្អ ហើយគួបផ្សំនិងស្ថានភាពភូមិសាស្ត្ររបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរ អំណោយផលផងដែរនោះ ទើបមិនបណ្ដាលឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរដូចប្រទេសក្បែរខាងរបស់កម្ពុជា។
លោកឃួង ស្រេងក៏បានបន្តទៀតថា រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយនៅពេលថ្មីៗនេះ យើងបានបង្កើតឲ្យមានតំបន់ទេសចរថ្មីមួយទៀត នោះគឺផ្លូវថ្មើជើងចតុមុខ។ តំបន់ទេសចរថ្មីនេះ ទទួលបានការគាំទ្រនិងពេញនិយមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ ដោយក្នុងមួយថ្ងៃមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិប្រមាណជាង១០ម៉ឺននាក់ មកដើរលេងកំសាន្ត។ ជាមួយគ្នានេះរាជធានីភ្នំពេញក៏មានគម្រោងបង្កើតឲ្យមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតផងដែរ។

លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា គម្រោងកាត់ខ្សែកាប្ល ខ្សែអុបទិក ខ្សែអ៊ីនធើណេតពីលើអាកាសទៅដាក់ក្រោមដីនេះ រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តគម្រោង កាលពីឆ្នាំ២០១៥ ជាគំរោងនិងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ប៉ុន្តែដោយការរំខានដោយជំងឺ covid-19 គម្រោងនេះមិនត្រូវបានបញ្ចប់ទៅតាមផែនការនោះទេ គឺអាចបញ្ចប់នៅក្នុងឆ្នាំ២០២៩៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


