Connect with us

ចរាចរណ៍

ករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំ​ង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់

បានផុស

នៅ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលកើតឡើងលើរថយន្ដដឹកកម្មករកម្មការិនីរោងចក្រពីរករណីផ្សេងគ្នានៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង គិតមកដល់ពេលនេះមានជនរងគ្រោះដែលបាត់បង់ជីវិតសរុប១៣នាក់ និងរងរបួសធ្ងន់ស្រាលជាង៣០នាក់។ នេះបើតាមការបញ្ជាក់ពីលោក លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ នាព្រឹកថ្ងៃទី២៣ឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បានឱ្យដឹងថា ករណីទី១ កើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ដោយរថយន្តដឹកទំនិញធន់ធំ បានបុករថយន្តដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ៥ ដែលបណ្តាលឱ្យបងប្អូនកម្មករ៨នាក់បានស្លាប់ និង១០នាក់រងរបួសធ្ងន់ ខណៈដែលបងប្អូនផ្សេងៗទៀតមានរបួសស្រាល។ ដោយឡែកករណីទី២ បានកើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបណ្តាលឱ្យបងប្អូនកម្មករចំនួន ៥រូបបានស្លាប់ របួសធ្ងន់៥រូប និងរបួសស្រាល១៦រូប។

ក្រសួងការងារ បានសម្ដែងក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍ដែលបណ្តាលឱ្យកម្មករ ១៣នាក់ស្លាប់ និងរបួសជាង៣០នាក់ និង“សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអំពាវនាវឱ្យគោរពច្បាប់ចរាចរណ៍”។

លោក ស៊ុន មេសាបញ្ជាក់ថា “ក្រសួង និងឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់មានក្តីរន្ធត់ និងក្រៀមក្រំបំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងអាជ្ញាធរមានសមត្ថកិច្ច ដែលនៅកៀកកន្លែងកើតហេតុ បានខិតខំជួយសង្រ្គោះ និងចាត់ចែងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរ និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យកាលើមែត្រ”។

លោក ស៊ុន មេសា ក៏បានអំពាវនាវយ៉ាងទទួចឱ្យមានការគោរច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ដែលធ្លាក់មកលើបងប្អូនកម្មករនិយោជិត។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ។

ក្រៅពីការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ បងប្អូនដែលជួបគ្រោះថ្នាក់នឹងទទួលបានអត្ថប្រយោជន៍ស្របទៅតាមច្បាប់របស់បេឡាជាតិសន្តិសុខសង្គមដែលជាការគិតគូយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសាដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម