Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធាថៃពង្រីកការវាយប្រហារមកលើខេត្តបន្ទាយមានជ័យ

បានផុស

នៅ

យោធាថៃពង្រីកការវាយប្រហារពីសមរភូមិខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ មកខេត្តបន្ទាយមានជ័យ ដោយបានបាញ់ផ្លោងកាំភ្លើងធុនធ្ងន់ចូលភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលជាភូមិដ្ឋានរបស់ជនស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ នៅរសៀលថ្ងៃទី៨ ខែធ្នួ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា បន្ទាប់ពីបើកការបាញ់ប្រហារលើកងកម្លាំង និងប្រជាជនស៊ីវិលនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា ការវាយប្រហាររបស់យោធាថៃនៅក្នុងខេត្តបន្ទាយមានជ័យ គឺបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកម្រោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។

ក្រសួងការពារជាតិកម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាមរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់ ដែលជាមួយគ្នានេះខាងភាគីថៃក៏បានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការ និងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។ 

ប៉ុន្តែនៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នារវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋានដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម